(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២នេះ បានសម្រេចកាត់ទោស លោក សម រង្ស៊ី និងបក្ខពួកប្រមាណ៦០នាក់ ដាក់ពន្ធនាគារខ្លះ៥ឆ្នាំ ខ្លះ៦ឆ្នាំ និងខ្លះ៨ឆ្នាំ ពីបទរួមគំនិតក្បត់ បទញុះញង់ និងបទបង្កឱ្យមានអសន្តិសុខដល់សង្គមជាតិ ប៉ុន្តែពិរុទ្ធជន៤០នាក់ក្នុងចំណោមនោះ ត្រូវបានព្យួរទោស។

ក្នុងសំណុំរឿងនេះ ទណ្ឌិត សម រង្ស៉ី, លោក អេង ឆៃអ៊ាង, លោក តុ វ៉ាន់ចាន់, លោក ហូរ វ៉ាន់, លោក អ៊ូ ច័ន្ទឫទ្ធិ, លោក ឡុង រី, លោក ម៉ែន សុថាវរិន្ទ្រ, លោក អ៊ុ សំអាន, លោក ម៉ោញ សារ៉ាត់, លោក អ៉ីសា ឧស្មាន និង លោក គង់ សុភា ដែលកំពុងរស់នៅឯក្រៅប្រទេស ត្រូវបានតុលាការសម្រេចផ្តន្ទាទោស៨ឆ្នាំ។ តុលាការក៏បានចេញដីកាបង្គាប់ឱ្យសមត្ថកិច្ចតាមចាប់ខ្លួនមេដឹកនាំប្រឆាំងទាំង១១នាក់នេះ យកទៅអនុវត្តទោសតាមច្បាប់កំណត់។ នេះបើយោងតាមប្រភពពីមន្ត្រីតុលាការបានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។

ដោយឡែកសកម្មជនប្រឆាំងចំនួន ៣នាក់ទៀត គឺឈ្មោះ ហេង ចាន់រិទ្ធី, ឈ្មោះ ទុំ ប៊ុនថន និងឈ្មោះ កាក់ កុម្ភា ដែលកំពុងជាប់ឃុំស្រាប់ ត្រូវបានផ្តន្ទាទោសឲ្យអនុវត្ត ៦ឆ្នាំ។ ចំណែក កញ្ញា សេង ធារី វិញស្ថិតនៅក្នុងចំណោមពិរុទ្ធជន ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ និងនាំយកទៅកាន់ពន្ធនាគារព្រៃស (ម២) បន្ទាប់ពីសាលក្រមតុលាការបានប្រកាសសម្រេចដាក់ពន្ធនាគារចំនួន ៦ឆ្នាំ។

បើតាមមន្ត្រីតុលាការ ជនត្រូវចោទចំនួនប្រមាណ៤០នាក់ផ្សេងទៀត ត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន៥ឆ្នាំ ប៉ុន្តែទោសនេះត្រូវព្យួរ ពោលគឺមិនអនុវត្តចំពោះអ្នកទាំង ៤០នាក់នោះទេ៕