(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូអង្គការសហប្រជាជាតិ ដឹកនាំដោយលោក ជីន ថូត (Jean Todt) ប្រេសិតពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសុវត្ថិភាពចរាចរណ៍ និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីផ្លាស់ប្តូរយោបល់គ្នា សំដៅលើកកម្ពស់គុណភាពសុវត្ថិភាពចរាចរណ៍នៅកម្ពុជា។

លើកឡើង​នាឱកាសនោះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានលោក ជីន ថូត ដែលបានមកបំពេញបេសកកម្មនៅកម្ពុជា និងបន្តដោយការបង្ហាញពីការផ្លាស់ប្តូរផ្សេងៗ និងទិន្នន័យព័ត៌មានដែលទាក់ទងនឹងវិស័យដឹកជញ្ជូន និងសុវត្ថិភាពចរាចរណ៍នៅកម្ពុជា ដែលរួមមាន៖ កំណើននៃការប្រើប្រាស់យានជំនិះ គ្រោះថ្នាក់ចរាចរណ៍ ការជំរុញយុទ្ធនាការសុវត្ថិភាពចរាចរណ៍ ការជំរុញលើកទឹកចិត្តការប្រើប្រាស់រថយន្តដែលប្រើប្រាស់ថាមពលអគ្គិសនី ការបង្កើតនិងដាក់ឱ្យប្រើប្រាស់នូវទំនើបកម្មបច្ចេកវិទ្យា និងការផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍តាមរយៈបណ្តាញផ្សព្វផ្សាយផ្សេងៗ ដែលបញ្ជាក់ឱ្យឃើញពីការខិតខំប្រឹងប្រែងយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាសេនាធិការជំនាញ។

ជាមួយគ្នានោះ លោក ជីន ថូត ក៏បានសម្តែងនូវចំណាប់អារម្មណ៍ និងការវាយតម្លៃខ្ពស់ចំពោះទិន្នន័យព័ត៌មានទាំងអស់នោះ ដោយលោកបានសង្កត់ធ្ងន់ទៅលើចំណុចសុវត្ថិភាពចរាចរណ៍តាមដងផ្លូវ ដោយសាររូបលោកផ្ទាល់គឺជាបេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកលើវិស័យនេះ។

លោក ជីន ថូត បានបញ្ជាក់ថា សុវត្ថិភាពចរាចរណ៍គឺជាអ្វីដែលមនុស្សគ្រប់រូបត្រូវតែចូលរួម មិនមែនអនុវត្តតែក្នុងកម្រិតថ្នាក់ដឹកនាំនោះទេ ដោយលោកបានបញ្ជាក់ពីចំណុចចម្បងៗគួរយកចិត្តទុកដាក់ រួមមាន៖ ការបញ្ជ្រាបអំពីសុវត្ថិភាពចរាចរណ៍តាមវិស័យអប់រំ ការបំពាក់នូវកាមរ៉ាចាប់ល្បឿនតាមដងផ្លូវ រឹតបន្តឹងការប្រលងយកបណ្ណបើកបរ ការត្រួតពិនិត្យគុណភាពមួកសុវត្ថិភាព និងការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ ជាពិសេសទាក់ទងនឹងការប្រើប្រាស់ទូរស័ព្ទ និងការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងផងដែរ៕