(ភ្នំពេញ)៖ នៅឆមាសទី១ ឆ្នាំ២០២២នេះ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានជិត២០លានដុល្លារ។ នេះបើតាមរបាយការណ៍របស់កំពង់ផែស្វយ័តភ្នំពេញ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

កាលពីត្រីមាសទី១ ឆ្នាំ២០២២ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានចំនួន ៩,៤៩៨,១៤៦ដុល្លារ មានការកើនឡើង១៧ភាគរយ បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២១ មានចំនួន៨,១១៨,០៤២ដុល្លារ។

ដោយឡែក ក្នុងត្រីមាសទី២ ឆ្នាំ២០២២ កំពង់ផែនេះចំណូលបាន៩,៦៨៦,២៩៤ដុល្លារអាមេរិក កើនឡើង៤៥.៧៤%។ ចំណែកប្រាក់ចំណេញសុទ្ធ ក្នុងត្រីមាសទី២ ឆ្នាំ២០២២ មានសរុបចំនួន ៣,៧២៨,៥៩២ ដុល្លារអាមេរិក។

លោក ហ៊ី បាវី ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ បានគូសបញ្ជាក់ក្នុងរបាយការណ៍ថា កំពង់ផែស្វយ័តភ្នំពេញ តែងប្រកាន់ភ្ជាប់នូវការយកចិត្តទុកដាក់ ក្នុងការបម្រើសេវាកម្មប្រតិបត្តិការផែ ជូនអតិថិជនប្រកបដោយតម្លាភាព និងភាពឆាប់រហ័ស ដើម្បីឆ្លើយតបយ៉ាងមានប្រសិទ្ធភាព និងទំនុកចិត្តខ្ពស់ ចំពោះតម្រូវការរបស់អតិថិជន។

លោកថា កំពង់ផែស្វយ័តភ្នំពេញ នឹងខិតខំបន្តផ្តោតការយកចិត្តទុកដាក់ លើការធ្វើទំនើបកម្មប្រតិបត្តិការ ឲ្យស្របតាមស្តង់ដារ និងប្រព័ន្ធបច្ចេកវិទ្យា បង្កើនឧត្តមភាពប្រកួតប្រជែង ដោយស្មោះត្រង់ ជាមួយកំពង់ផែក្នុង និងក្រៅប្រទេស និងបង្ខិតសេវាកម្មកំពង់ផែ ឲ្យកាន់តែខិតជិតអ្នកប្រើប្រាស់ ចូលរួមក្នុងសកម្មភាពសង្គម និងសហគមន៍មូលដ្ឋាន។

ចំពោះលទ្ធផលការងារអាជីវកម្ម សេវាកម្ម អនុវត្ដសម្រាប់៧ខែ ដើមឆ្នាំ២០២២ របស់កំពង់ផែស្វយ័តភ្នំពេញ រួមមាន៖

ទី១៖ ទំនិញ-ប្រេងឥន្ធនៈមានចំនួន២,៤៥៥,១៣៩តោន កើនឡើង៨.៧៧% បើប្រៀបធៀបរយៈពេលដូចគ្នា នៅឆ្នាំ២០២១ ចំនួន ២,២៥៧,២៦៥តោន។

ទី២៖ នាវាផ្ទុកទំនិញឆ្លងកាត់ មានចំនួន២,៣៩០ជើង កើនឡើង៧៨.៣៦ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា នៅឆ្នាំ២០២១ ចំនួន១,៣៤០ជើង។

ទី៣៖ បរិមាណកុងតឺន័រ មានចំនួន ២៥៤,៥៦២ធីអ៊ីយូ កើនឡើង៣៩.៧០ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា នៅឆ្នាំ២០២១ ចំនួន១៨២,២១៧ធីអ៊ីយូ។

ទី៤៖ នាវាទេសចរណ៍ មានចំនួន២ជើង កើនឡើង២.០០ភាគរយ

ទី៥៖ បរិមាណអ្នកដំណើរ មានចំនួន១៥៤នាក់ កើនឡើង១៥៤.០០ភាគរយ

គូសបញ្ជាក់ផងដែរថា សម្រាប់ឆ្នាំ២០២១ កំពង់ផែស្វយ័តភ្នំពេញ ទទួលបាននូវប្រាក់ចំណេញចំនួន ១២,៧០៧,៨៣១ដុល្លារ៕