(ប៉ារីស, បារាំង)៖ ក្រុមហ៊ុនអគ្គិសនីរបស់បារាំង EDF បានវាយតម្លៃតម្លៃខ្ពស់ចំពោះគោលនយោបាយ​គិត​គូរដល់បរិស្ថានរបស់កម្ពុជា ជាពិសេសជំរុញការផលិតថាមពលអគ្គិសនីស្អាត។ ក្រុមហ៊ុន ក៏មានបំណងវិនិយោគថាមពលអគ្គិសនីស្អាត អគ្គិសនីកកើតឡើងវិញនៅកម្ពុជាផងដែរ។

បំណងនេះត្រូវបានលើកបង្ហាញដោយលោកស្រី Makreeta LAHTI នាយិកាយុទ្ធសាស្ត្រកិច្ចការបរទេស នៃក្រុមហ៊ុនអគ្គិសនីបារាំង (Électricité de France, EDF) ក្នុងពេលចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង។

ក្នុងជំនួបនោះលោកស្រី Makreeta LAHTI បានថ្លែងអំណរគុណសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានឆ្លៀត​ពេល​វេលា​ដ៏មមាញឹកអនុញ្ញាតឱ្យលោកស្រី ជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបអំពីវឌ្ឍនភាពរីកចម្រើន​នៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន EDF។

លោកស្រីបានជម្រាបសម្ដេចធិបតីថា ក្រុមហ៊ុន បាននិងកំពុងវិនិយោគលើវិស័យវារីអគ្គិសនី នៅ​ប្រទេស​ឡាវ និងពុងស្វែងរកឱកាសវិនិយោគលើវិស័យថាមពលនៅកម្ពុជាផងដែរ។ លោកស្រីបានវាយតម្លៃខ្ពស់ ចំពោះគោលនយោបាយអព្យាក្រឹត្យកាបូននៅឆ្នាំ២០៥០ និងការយកចិត្តទុកដាក់ក្នុងការជំរុញការផ្គត់ផ្គង់ និងការផលិតថាមពលកកើតឡើងវិញរបស់រាជរដ្ឋាភិបាលកម្ពុជា។

សម្តេចធិបតី បានស្វាគមន៍ចំពោះលោកស្រី Makreeta LAHTI និងបានបង្ហាញក្តីរីករាយ​ចំពោះចំណាប់​រម្មណ៍របស់ក្រុមហ៊ុន ក្នុងការប្រតិបត្តិការនៅប្រទេសកម្ពុជាផ្នែកថាមពលកកើតឡើងវិញ។ សម្តេចធិបតី ស្នើឱ្យក្រុមហ៊ុនបន្តកិច្ចសហប្រតិបត្តិការល្អជាមួយក្រសួងរ៉ែ និងថាមពល ក៏ដូចជាអគ្គីសនីកម្ពុជា និងភាគីពាក់ព័ន្ធនានា ដើម្បីស្វែងរកឱកាសវិនិយោគលើវិស័យថាមពលកកើតឡើងវិញ។

សម្ដេចធិបតី បានគូសបញ្ជាក់បន្ថែមអំពីច្បាប់វិនិយោគរបស់កម្ពុជា ក្នុងការផ្ដល់ការអនុគ្រោះ និងលើក​ទឹក​ចិត្តដល់សកម្មភាពវិនិយោគក្នុងវិស័យនេះ ហើយសន្តិសុខថាមពលក៏ជាអាទិភាពមួយ ដែលជានិន្នាការ​របស់​ពិភពលោក ឆ្ពោះទៅកាន់អព្យាក្រឹត្យកាបូននៅថ្ងៃអនាគត។

សូមបញ្ជាក់ថា ក្រុមហ៊ុន EDF គឺជាក្រុមហ៊ុនរដ្ឋបារាំង ដែលវិនិយោគទៅលើវិស័យថាមពល (អគ្គិសនី, ឧស្ម័នធម្មជាតិ) និងមានអតិថិជនចំនួន ៤០,៣លាននាក់ទូទាំងពិភពលោក ដោយមានសមត្ថភាពផ្គត់ផ្គង់ដល់ ៤៣១,៧ TWh។

ក្រុមហ៊ុន EDF មានគោលដៅចម្បង ដើម្បីកសាងអនាគតថាមពលដែលបញ្ចេញកាបូនសូន្យប្រកបដោយភាពច្នៃប្រឌិត ដើម្បីជួយសន្សំសំចៃភពផែនដី និងជំរុញសុខុមាលភាព ដែលស្របទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញនូវការប្រើប្រាស់ថាមពលកកើតឡើងវិញ និងមានការគិតគូរខ្ពស់ទៅលើបរិស្ថានបៃតង។

ក្រុមហ៊ុន EDF មានប្រតិបត្តិការសំខាន់ៗចំនួន៤ រួមមាន៖ ១. ការផលិតអគ្គិសនី ២. ការដឹកជញ្ជូន និងចែកចាយថាមពលអគ្គិសនី ៣. ការផ្គត់ផ្គង់ថាមពល និង ៤. ការបង្កើនប្រសិទ្ធភាព និងការជួញដូរថាមពលអគ្គិសនី៕