(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញគម្រោងបើកសកម្មភាពសេដ្ឋកិច្ច និងសង្គមឡើងវិញគ្រប់វិស័យ បើសិនមិនមានផ្ទុះការឆ្លងជំងឺកូវីដ១៩ រយៈពេល ១០ ទៅ១៥ថ្ងៃក្រោយភ្ជុំបិណ្ឌទេនោះ។ ប៉ុន្តែត្រូវបន្តរស់តាមគន្លងថ្មី ដោយប្រកាន់ខ្ជាប់នូវវិធានការ «៣កុំ ៣ការពារ» និងវិធានការនានារបស់ក្រសួងសុខាភិបាល។

ក្នុងឱកាសបុណ្យភ្ជុំកន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា មិនបានបិទការឈប់សម្រាក និងការដើរលេងកម្សាន្តរបស់ប្រជាពលរដ្ឋខ្មែរនោះឡើយ។ ប្រជាពលរដ្ឋខ្មែរបានធ្វើដំណើរទៅលេងស្រុកកំណើតជួបជុំគ្រួសារ ហើយក៏មានការធ្វើដំណើរកម្សាន្តទៅកាន់កន្លែងលេងកម្សាន្តនានាយ៉ាងច្រើនកុះករផងដែរ។

ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃសុក្រ ទី០៨ ខែតុលា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នេះគឺជាការសាកល្បងមួយដ៏ធំរបស់កម្ពុជា ហើយបើក្រោយពិធីបុណ្យភ្ជុំនេះស្ថានភាពឆ្លងជំងឺកូវីដ១៩ ស្ថិតដូចក្នុងស្ថានភាពរាល់ថ្ងៃ គឺកម្ពុជាអាចឈានទៅបើកសកម្មភាពសេដ្ឋកិច្ច និងសង្គមគ្រប់វិស័យឡើងវិញ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់យ៉ាងដូច្នេះ «នេះគឺជាការសាកល្បងដ៏ធំរបស់យើង ដើម្បីឈានទៅបើកប្រទេសឡើងវិញ លើគ្រប់វិស័យ។ ប្រសិនបើក្នុងរង្វង់ ១០ ទៅ ១៥ថ្ងៃ ស្ថានភាពរបស់យើងនៅហ្នឹងនរ អត្រាឆ្លងត្រឹមប៉ុណ្ណេះដូចរាល់ថ្ងៃ និងការស្លាប់ត្រឹមកម្រិតប៉ុណ្ណេះ ខ្ញុំគិតថា ដល់ពេលវេលាដែលយើងត្រូវបើកសេដ្ឋកិច្ច និងសង្គមឡើងវិញលើគ្រប់វិស័យ តែទៅតាមគន្លងថ្មី ជាមួយវិធានការ [៣កុំ ៣ការពារ] របស់យើង ដែលនឹងនាំទៅដល់ការងើបឡើងវិញ នៃសេដ្ឋកិច្ចរបស់យើង»

ក្នុងកិច្ចប្រជុំនាព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់រក្សាសន្តិសុខសណ្តាប់ធ្នាប់ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។ សម្តេចតេជោ ក៏បានអរគុណដល់ប្រជាពលរដ្ឋគ្រប់រូបដែលបានមានម្ចាស់ការ និងស្វ័យការពារខ្លួនពីគ្រោះថ្នាក់ចរាចរណ៍ និងបង្ការការចម្លង ការឆ្លងជំងឺកូវីដ១៩។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ កម្ពុជា មានអ្នកកើតជំងឺកូវីដ១៩សរុបចំនួន ១១៤,១៤៨នាក់ និងស្លាប់ ២,៤៤១នាក់៕