(កណ្តាល)៖ ស្រុកកោះធំ គឺជាស្រុកមួយនៅក្នុងខេត្តកណ្តាល ក្រោមគោលនយោបាយអភិវឌ្ឍន៍ថ្នាក់ជាតិ ផ្សារភ្ជាប់នឹងថ្នាក់ក្រោមជាតិ បានធ្វើឱ្យស្រុកកោះធំ មានការអភិវឌ្ឍ និងរីកចម្រើនលូតលាស់ជាខ្លាំង។ ភាពរីកចម្រើនលូតលាស់នៅក្នុងស្រុក ជាប់ព្រំដែនជាមួយប្រទេសវៀតណាមមួយនេះ បានផ្តល់នូវស្នាមញញឹមជាខ្លាំងដល់ប្រជាពលរដ្ឋ។

ក្រៅតែពីកញ្ចប់ថវិកាជាតិដែលទម្លាក់សម្រាប់ការអភិវឌ្ឍនៅក្នុងស្រុក ក៏ដូចជាតាមបណ្តាឃុំនានាជារៀងរាល់ឆ្នាំហើយនោះ ស្រុកកោះធំ តាមរយៈក្រុមការងារគណបក្សប្រជាជនកម្ពុជា ដែលមានលោក ស៊ុន ចាន់ថុល ក៏បានកៀរគរស្វះស្វែងរកថវិកាចូលរួមចំណែកកសាង និងអភិវឌ្ឍន៍ស្រុកនេះឱ្យកាន់តែរីកចម្រើន ជាពិសេសសាងនូវសមិទ្ធផលនានាឆ្លើយតបនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។

សមិទ្ធផលកើតចេញពីថវិកាសប្បុរសរបស់ក្រុមការងារបក្សប្រជាជនកម្ពុជា តាមរយៈលោក ស៊ុន ចាន់ថុល នោះ បានធ្វើឱ្យបណ្តាឃុំនានាក្នុងស្រុកកោះធំ ប្រែក្លាយពីផ្លូវដី ទៅជាផ្លូវបេតុង បំពាក់អំពូលភ្លើងបំភ្លឺផ្លូវ សាងសង់អគារសិក្សា កីឡដ្ឋាន សាងសង់មន្ទីរពេទ្យដ៏ទំនើប រួមជាមួយសមិទ្ធផលជាច្រើនផ្សេងទៀត។

តាមរយៈសមិទ្ធផលទាំងនេះ ធ្វើឱ្យប្រជាពលរដ្ឋស្រុកកោះធំ សម្តែងនូវការពេញចិត្ត ពេញថ្លើមជាខ្លាំងចំពោះគណបក្សប្រជាជនកម្ពុជា។ ពួកគាត់បានប្រកាសប្តេជ្ញាចិត្តគាំទ្រគណបក្សប្រជាជនជាដរាម ដើម្បីទទួលបានការអភិវឌ្ឍកាន់តែរីកចម្រើន ហើយជីវភាពរស់នៅកាន់តែល្អប្រសើរ៕