(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានជំរុញឱ្យគ្រប់ភាគីដែលមាន អង្គការដៃគូ សហជីព និងនិយោជក​រួមគ្នាធ្វើឱ្យប្រសើរឡើង​បន្ថែមទៀត ក្នុង​វិស័យទំនាក់ទំនង​វិជ្ជាជីវៈ​ដើម្បីឱ្យកម្ពុជាអាចរក្សាបាននូវការទាក់ទាញវិនិយោគ។ ការជំរុញនេះ បានធ្វើឡើងក្នុងពេលដែល លោករដ្ឋមន្ត្រី បានឡើងថ្លែងក្នុងវេទិកាការងារប្រចាំឆ្នាំស្តីពី «វឌ្ឍនភាពនៃវិស័យទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា និងចក្ខុវិស័យសម្រាប់អនាគត» ដែលរៀបចំឡើងដោយសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា(CAMFEBA)។

លោករដ្ឋមន្ត្រី ហេង សួរ បានបញ្ជាក់ពីភាពចាំបាច់ និងសារៈសំខាន់នៃភាគីទាំងបី ដើម្បីជំរុញឱ្យវិស័យទំនាក់ទំនងវិជ្ជាជីវៈ នៅកម្ពុជាកាន់តែប្រសើរឡើងតាមរយៈការគោរព ច្បាប់ទម្លាប់ ដែលកម្ពុជាមានស្រាប់ដើម្បីផ្តល់ឱ្យគ្រប់ភាគីទាំងនិយោជក និងកម្មករនិយោជិតទទួលយកបាន ស្របទៅនឹងទិសដៅរបស់ក្រសួង ដែលមានតួនាទីក្នុងការរក្សា លំនឹងនៃទំនាក់ទំនងវិជ្ជាជីវៈដោយមិនអាចខ្វះដៃគូណាមួយឡើយសម្រាប់សុខុដុមនីយកម្មក្នុងរោងចក្រសហគ្រាស។

លោករដ្ឋមន្ត្រី ក៏បានបញ្ជាក់ឱ្យអង្គវេទិកាយល់ពីស្ថានភាពនៃការវិវឌ្ឍក្នុងតំបន់ និងពិភពលោកដែលទាមទារឱ្យរាជរដ្ឋាភិបាលកម្ពុជាថ្លឹងថ្លែង និងប្រមើលទៅលើភាព ប្រកួតប្រជែងរបស់ប្រទេសក្នុងតំបន់ ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជានៅតែរក្សាបានប្រៀបឈ្នះ និងភាពប្រកួតប្រជែងក្នុងទិសដៅរក្សាលំនឹងការងារ និងការបង្កើនការទាក់ទាញ ការវិនិយោគដែលជាកត្តាបង្កើតឱកាសការងារបន្ថែមសម្រាប់យុវជនពេញកម្លាំងក្នុងសង្គម។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ជាអាទិភាពរបស់ក្រសួងចំពោះលក្ខខណ្ឌការងារ ការបង្កើនឱកាសការងារ និងបរិយាកាសកាងារល្អ ការពង្រឹងសុខុដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសសំដៅឆ្លើយតបទៅនឹងបច្ចុប្បន្នភាពនៃទីផ្សារការងារនៅកម្ពុជា និងការធ្វើ សមាហរណកម្មសេដ្ឋកិច្ចសកល។ លើសពីនេះ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងបានគិតគូរ និងបានដាក់ទិសដៅ ក្នុងការពង្រឹងគុណភាព នៃអធិការកិច្ចការងារ ដើម្បីធ្វើឱ្យគ្រប់ភាគីមានជំនឿទុកចិត្តដែលជាចំណុចគន្លឹះនៃភាពប្រសើរឡើងនៃទំនាក់ទំនងវិជ្ជាជីវៈផងដែរ៕