(ប៉ារីស, បារាំង)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមើលឃើញថា គម្រោង «Immersive Angkor» ដែលជាសារមន្ទីរនិម្មិត ជាចំណែកជួយឱ្យយុវជនជំនាន់ក្រោយ​របស់កម្ពុជា បានយល់ច្បាស់បន្ថែមទៀត អំពីវប្បធម៌ និងអរិយធម៌របស់ខ្មែរ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកបែបនេះ ក្នុងជំនួបជាមួយលោក Geoffrey LADET នាយកប្រតិ​បត្តិ​ក្រុមហ៊ុន Puy Du Fou ប្រចាំទ្វីបអាស៊ី នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០២៣នេះ នៅទីក្រុងប៉ារីស ប្រទេសបារាំង។

ក្នុងជំនួបនោះ លោកនាយកប្រតិបត្តិក្រុមហ៊ុន បានថ្លែងអំណរគុណសម្តេចធិបតី ដែលបានឆ្លៀតពេលវេលា​ដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ជួបសម្តែងការគួរសម និងជម្រាបអំពីវឌ្ឍនភាព​រីកចម្រើន​នៃសកម្ម​ភាពអាជីវកម្មរបស់ក្រុមហ៊ុន Puy Du Fou Asia នៅកម្ពុជា។ លោក Geoffrey LADET បាន ជម្រាប​អំពីគម្រោង «Immersive Angkor» ដែលជាគម្រោងប្រកបដោយលក្ខណៈវិទ្យាសាស្រ្ត ដោយប្រើ​ប្រាស់​ប្រព័ន្ធ 3D Data Scanning សម្រាប់បង្ហាញ និងផ្តល់ចំណេះដឹងអំពីវប្បធម៌នៅកម្ពុជា។

គម្រោង «Immersive Angkor» គឺជាសេវាបំពេញបន្ថែមលើវិស័យទេសចរណ៍ ក្រៅពីការទស្សនា​ប្រាង្គប្រាសាទបុរាណ និងតំបន់វប្បធម៌នានានៅកម្ពុជា ហើយគម្រោងនេះគ្រោងនឹងចាប់ផ្ដើមនាពេល​ឆាប់ៗ​ខាងមុខនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការគាំទ្រ ព្រមទាំងបានគូសបញ្ជាក់ថា «Immersive Angkor» ជាគម្រោងដ៏ល្អប្រសើរ ដែលនឹងជួយពង្រីកការយល់ដឹងដល់យុវជនកម្ពុជា ជាពិសេស ជំនាន់ក្រោយឱ្យយល់ច្បាស់បន្ថែមទៀតអំពីវប្បធម៌ និងអរិយធម៌ខ្មែរ ដោយប្រើពេលវេលាខ្លី ហើយអាចងាយស្រួលយល់សម្រាប់មជ្ឈដ្ឋានទូទៅ។

សូមបញ្ជាក់ថា ក្រុមហ៊ុន PuyDuFou ជាក្រុមហ៊ុនវិនិយោគទៅលើឧទ្យានកម្សាន្ត និងកំពុងបណ្តាក់ទុន​នៅកម្ពុជា ក្រោមកិច្ចសហការ ភាពជាដៃគូរវាងក្រុមហ៊ុនបារាំង ICONEM និងក្រុមហ៊ុន Confluences របស់កម្ពុជា បាននិងកំពុងបង្កើតគម្រោង «Immersive Angkor» ដែលជាសារមន្ទីរនិម្មិតដំបូងគេបង្អស់​នៅកម្ពុជា ដែលមានទីតាំងក្នុងខេត្តសៀមរាប៕