(កណ្តាល)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា សង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន នឹងអាចបង្ករជាមហន្តរាយធ្ងន់ធ្ងរជាងការរាតត្បាត នៃជំងឺកូវីដ១៩ទៅទៀត ប្រសិនបើមិនប្រញាប់បញ្ចប់វាទេ ដោយគិតមកដល់ពេលនេះផលប៉ះពាល់របស់វា បានចាប់ផ្តើមរាលដាលពាសពេញសកលលោកហើយ។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើឡើងនៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ២១ ប្រវែងជិត ៦៤គីឡូម៉ែត្រ តភ្ជាប់ពីរង្វង់មូលក្រុងតាខ្មៅ រហូតដល់ច្រកទ្វារអន្តរជាតិកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ)។

ពាក់ព័ន្ធនឹងរឿងសង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «រឿងនេះមិនមែនជារឿងលេងសើចទេ ជីវិតមនុស្សនៅលើពិភពលោកនេះ ហើយឥលូវនេះចលាចលដល់ស្រុកខ្មែរ ចលាចលរឿងសាំងឡើងថ្លៃនឹង គ្មានននណាគេចរួចទេ ថាអាកូវីដទៅអត់មានមនុស្សគេចរួច ប៉ុន្តែកូវីដ១៩ វាមហន្តរាយស្ទើតែ តិចជាង អាឥទ្ធិពលនៃសង្គ្រាមរុស្ស៊ី និងអ៊ុនក្រែនទេ ព្រោះឥលូវវាចាប់ផ្តើមផលប៉ះពាល់របស់វា រាលដាលពេញសកលលោកហើយ រឿងនឹងធ្ងន់ធ្ងរណាស់ ប្រសិនបើមិនប្រញាប់បញ្ចប់វាទេ»

សម្តេចតេជោ បានបញ្ជាក់បន្ថែមទៀតថា បើសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែននេះនៅតែបន្តទៅមុខទៀត មិនដឹងពិភពលោកនឹងអាចដើរដល់សង្គ្រាមលោកលើកទី៣ ឫអាចដើរ ដល់សង្គ្រាមនុយក្លេអ៊ែរឫអត់ទេ គ្មានអ្នកណាទាន់ហានទាយថា នឹងដើរដល់ណាទេ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា កម្ពុជាគឺមានតែសូមបន់ស្រន់ និងសូមអំពាវនាវឱ្យមានបទឈប់បាញ់ និងឱ្យមានការចរចារដើម្បីរកការស្រុះស្រួលបញ្ឈប់ សង្គ្រាមនេះ ហើយសម្រាប់ការឈប់បាញ់នេះបើមើលលើទិដ្ឋភាពខាងយោធានោះវាពិបាកណាស់ ប៉ុន្តែកម្ពុជាសូមផ្តល់នូវការគាំទ្រទាំងឡាយណា ដែលនាំមកនូវសន្តិភាព ហើយកម្ពុជាក៏មិនយកសាំងចាក់លើភ្លើងនោះទេ។

សូមជម្រាបថា សង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន បានចាប់ផ្តើមផ្ទុះឡើងចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដែលបានកើតឡើងដោយសារការវាយលុក ពីសំណាក់កងទ័ព រុស្ស៉ីលើកងទ័ពអ៊ុយក្រែន ដោយគិតមកដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ បានអូសអន្លាយរយៈពេលមួយខែហើយ៕