(ភ្នំពេញ)៖ នៅថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣នេះ ក្រុមជម្រើសជាតិបាល់ទឹក​សិង្ហ​បុរី និងកម្ពុជា បានបើកការប្រកួតមិត្តភាព​ វាស់ស្ទង់កម្រិត​បច្ចេកទេស និងសមត្ថភាព បន្ទាប់ពីបានហ្វឹកហាត់ជាមួយគ្នា។

ការប្រកួតនេះ ធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមអធិបតីភាព លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រី គណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន គ្រូបង្វឹក កីឡាករ-កីឡាការិនី សិស្សនិស្សិតជាច្រើនរូប។

ការប្រកួតនេះ រៀបចំឡើងដោយសហព័ន្ធខ្មែរកីឡាហែលទឹក ក្នុងគោលបំណង​ឱ្យកីឡាករ​បាល់ទឹកកម្ពុជា អាចដកស្រង់បទពិសោធន៍ ក៏ដូចជាផ្ដល់លទ្ធភាពឱ្យពួកគាត់​ បានសាក​ល្បងបច្ចេកទេស និងវាស់ស្ទង់កម្រិតសមត្ថភាពរបស់ខ្លួន បន្ទាប់ពីបានហ្វឹកហាត់ជាមួយ​គ្នារយៈពេលជាយូរមកហើយ និងជាឱកាសមួយសម្រាប់កម្ពុជា អាចពង្រឹងសមត្ថភាព កីឡា​ករ និងគ្រូបង្វឹករបស់ខ្លួន ដើម្បីត្រៀមចូលរួមការប្រកួតកីឡាស៊ីហ្គេម​ឆ្នាំ២០២៣​នេះ។

ជាលទ្ធផលនៃការប្រកួត ក្រុមជម្រើសជាតិបាល់ទឹកសិង្ហបុរី បាននាំមុខក្រុមជម្រើស​ជាតិ​បាល់ទឹកកម្ពុជា១៥ ទល់នឹង៩។

សូមជម្រាបថា ក្រុមជម្រើសជាតិបាល់ទឹកកម្ពុជា បានហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិ បាល់ទឹកសិង្ហបុរី អស់រយៈពេលជាយូរមកហើយ ប៉ុន្តែមិនទាន់មានឱកាស​ក្នុងការវាស់​ស្ទង់​សមត្ថភាពបច្ចេកទេសនៅឡើយ។ ការចូលរួមប្រកួតរវាងក្រុមជម្រើស​ជាតិទាំង​ពីរ​នេះ គឺជាដកស្រង់បទពិសោធន៍ និងបំពេញបន្ថែមលក្ខណៈបច្ចេកទេសផ្សេងៗ ក៏ដូច​ជា​ផ្ដល់ឱកាសឱ្យកីឡាករកម្ពុជាបានវាស់ស្ទង់ សមត្ថភាពជាក់ស្តែងរបស់ខ្លួនផងដែរ៕