(ភ្នំពេញ)៖ បន្ទាប់ពីសវនាការមុនអង្គសេចក្តីអស់ពេញមួយព្រឹករួចមក ចៅក្រមប្រធានក្រុមប្រឹក្សារជំនុំជម្រះ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានសម្រេចបដិសេធការស្នើសុំនៅក្រៅឃុំ របស់ជនជាប់ចោទ១៤នាក់ ដែលចូលរួមក្នុងផែនការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល «៩វិច្ឆិកា»របស់ទណ្ឌិត សម រង្ស៉ី។

ជនជាប់ចោទដែលស្នើនៅក្រៅឃុំទាំង១៤នាក់នោះរួមមាន៖ ១. ឃុត ច្រឹក, ២. ងិន ឃាង, ៣. ទ្បុង ផារី, ៤. កែវ ថៃ, ៥.ថៃ គន្ធា, ៦.ជុំ ចាន់, ៧.ញ៉ែម វាន, ៨. ស៊ុន ធន, ៩.ឃឹម ភាណា, ១០.សុខ ចាន់ថា, ១១.ពៀត ម៉ាប់, ១២.យឹម សារ៉េត, ១៣.កាក់ កម្ភារ, ១៤.ហេង ច័ន្ទសុទ្ធី ហៅ ធី។ ពួកគេបានស្នើសុំនៅក្រៅឃុំ តាមរយៈមេធាវី លោក សំ សុគង់។

 បើតាមមន្រ្តីតុលាការ, សំណុំរឿងដែលលើកយកមកសវនាកាលពីពេលកន្លងមក ពាក់ព័ន្ធនឹងផែនការ៩វិច្ឆិកានេះ មានចំនួន ៤សំណុំរឿង ហើយជនជាប់ចោទដែលត្រូវកោះហៅមានចំនួនសរុប ១៣៩រូប។ ចំណែកជនជាប់ចោទចូលក្នុងសវនាការមានតែ ៣៤រូបប៉ុណ្ណោះ ក្នុងចំណោមជនជាប់ចោទសរុប ១៣៩នាក់នោះ ហើយសំណុំរឿងទាំងនេះ ត្រូវបញ្ចូលមកជា ២សំណុំរឿងវិញ។

ក្រុមអតីតសមាជិកបក្សប្រឆាំងទាំង ១៣៩នាក់ ត្រូវបានតុលាការកោះហៅឲ្យចូលខ្លួនមកជំនុំជម្រះទោសលើបទចោទប្រកាន់ «រួមគំនិតក្បត់» និង «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ ដីកាកោះហៅនេះ ត្រូវបានសមត្ថកិច្ចយកទៅបិទ នៅអតីតស្នាក់ការអតីតគណបក្សសង្គោះជាតិ កាលពីរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្រុមមេក្លោងផែនការ៩វិច្ឆិកា កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមដោយក្នុងនោះមានការកាត់ទោសទណ្ឌិត សម រង្ស៉ី មេដឹកនាំចលនាឧទ្ទាមក្រៅច្បាប់ឱ្យជាប់ពន្ធនាគារ២៥ឆ្នាំ ព្រមទាំងដកហូតសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះបោះឆ្នោតផងដែរ។ ក្រៅពីកាត់ទោស លោក សម រង្ស៉ី, តុលាការក៏បានកាត់ទោស លោកស្រី មូរ សុខហួរ និង លោក អេង ឆៃអ៊ាង ឱ្យជាប់ពន្ធនាគារចំនួន២២ឆ្នាំ និងកាត់ទោស លោកស្រី ជូឡុង សូមួរ៉ា លោក ម៉ែន សុថាវរិន្ទ្រ លោក អ៊ូ ច័ន្ទឫទ្ធិ លោក ហូរ វ៉ាន, លោក ឡុង រី និងលោក នុត រំដួល ឱ្យជាប់ពន្ធនាគារ២០ឆ្នាំផងដែរ។

 ផែនការ នៃការវិលចូលប្រទេសកម្ពុជាវិញរបស់ ទណ្ឌិត សម រង្ស៉ី មេចលនាឧទ្ទាម ដែលអំពាវឱ្យកងទ័ពបំបែកខ្លួនកាលពីឆ្នាំ២មុននោះ គឺជា «រដ្ឋប្រហារ» ដែលជាអំពើវិទ្ធង្សនា និងជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ។ នេះបើតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩៕