(ភ្នំពេញ)៖ តារាចម្រៀងជួរមុខដ៏ល្បាញល្បីនៅកម្ពុជា អ្នកនាង ឱក សុគន្ធកញ្ញា, អ្នកនាង សុគន្ធ នីសា, តារាចម្រៀងរ៉េប លោក ម៉ាន់ វណ្ណដា ហៅវណ្ណដា រួមជាមួយតារាចម្រៀងល្បីៗជាច្រើន រូបទៀត នឹងរួមគ្នាអង្រួនឆាកតន្ត្រីនាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣នេះ លើសួនច្បារមុខវត្តបទុមវតី។

ការប្រគំតន្ត្រីនេះរៀបចំឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីអបអរ​សាទរ​ខួប​៣ឆ្នាំនៃការដាក់លក់ផ្លាក់លេខពិសេសផ្ទាល់ខ្លួន (ផ្លាកលេខ «កម្ពុជា») នៅក្នុង​ប្រទេស​កម្ពុជា។

ព្រឹត្តិការណ៍នេះ ប្រារព្ធឡើងក៏ដើម្បីផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ និងកៀរគរថវិកាស​ប្បុរស​ធម៌​ជួយ​ដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារជាតិផងដែរ។

ក្រៅតែពីការប្រគំតន្ត្រីកម្សាន្តហើយនោះ ក្នុងព្រឹត្តិការណ៍ខាងលើនេះ ក៏មានការតាំងពិព័រ​ណ៍​ផ្លាក​លេខ និងរថយន្ត ព្រមទាំងការលក់ និងដេញថ្លៃលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនផងដែរ។

សូមបញ្ជាក់ថា «លេខពិសេសផ្ទាល់ខ្លួន» ជាសេវាសាធារណៈថ្មីមួយ ដែលស្ថិតនៅក្នុងទិសដៅ​កំណែ​ទម្រង់​តាម​ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ក្នុងការផ្តល់សេវាសាធារណៈប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាព។ ការប្រើប្រាស់ផ្លាកលេខពិសេស និងផ្លាកលេខពិសេសផ្ទាល់ខ្លួន អាចធ្វើការបញ្ជាទិញលេខរថយន្ត ដែលស្រលាញ់ពេញចិត្តសម្រាប់រថយន្តបាន តាមរយៈការទិញ ស្នើទិញ ឬដេញថ្លៃជាសាធារណៈ ក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន (https://vehicle.mpwt.gov.kh)។

គិតចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២ ការលក់លេខចុះបញ្ជីរថយន្តបានចំនួនសរុប ១១៨,០៥២លេខ និងទទួលបានចំណូលសរុបចំនួន ២១៨,៥៣៣,០៧០,៨០០រៀល ស្មើនឹង ៥៤,៦៣៣,២៦៧ដុល្លារ ក្នុងនោះរួមមាន៖ លេខពិសេស លក់បានចំនួន ១០១,៩២០លេខ ទទួលបានចំណូលសរុបស្មើនឹង ២៥,៩៥៧,៧៣៣ដុលា្លរ។ លេខពិសេសផ្ទាល់ខ្លួន (ផ្លាកលេខ «កម្ពុជា») លក់បានចំនួន ១៦,១៣២លេខ ទទួលបានចំណូលសរុបស្មើនឹង ២៨,៦៧៥,៥៣៤ដុល្លារ។

ដោយឡែកលទ្ធផលនៃការប្រមូលចំណូលឆ្នាំ២០២២ ពីការលក់លេខចុះបញ្ជីរថយន្ត សម្រេចបាន​ចំណូលសរុបចំនួន ៨៣,៤៥៩,០៤៣,៥០០រៀល ស្មើនឹង ២០,៨៦៤,៧៦១ដុល្លារ មានការកើនឡើងចំនួន២២% ធៀបទៅនឹងចំណូលរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១៕