(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា ដំណើរការការសិក្សាសមិទ្ធិលទ្ធភាព (Feasibility Study) លើការធ្វើទំនើបកម្មផ្លូវដែកល្បឿនលឿននៅកម្ពុជា គ្រោងនឹងបញ្ចប់ការសិក្សាក្នុងរយៈពេល ៣ ខែខាងមុខទៀតប៉ុណ្ណោះ។

ពាក់ព័ន្ធនឹងការធ្វើទំនើបកម្មផ្លូវដែកល្បឿនលឿននៅកម្ពុជានេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បានលើកឡើងក្នុងកិច្ច ប្រជុំពេញ អង្គគណៈ រដ្ឋមន្ត្រីកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ កន្លងមកដែរថា រាជរដ្ឋាភិបាលកម្ពុជា នឹងពិនិត្យលទ្ធភាពសិក្សាក្នុងការអភិវឌ្ឍផ្លូវដែកកម្ពុជា ដែលមានស្រាប់ ក្នុងពេល បច្ចុប្បន្ន ឱ្យក្លាយទៅជាផ្លូវដែកល្បឿនលឿន ជាពិសេសតភ្ជាប់ទិសដៅពីរាជធានីភ្នំពេញ ទៅខេត្តព្រះសីហនុ និងទិសដៅពីរាជធានីភ្នំពេញ ទៅក្រុងប៉ោយប៉ែត និងបន្ថែមខ្សែ ផ្លូវដែកថ្មី ពីក្រុងប៉ោយប៉ែត ទៅខេត្តសៀមរាប ឆ្ពោះទៅខេត្តកំពង់ធំ និងរាជធានីភ្នំពេញ និងខ្សែផ្លូវដែកតភ្ជាប់ ពីរាជធានីភ្នំពេញទៅក្រុងបាវិត ព្រំដែនប្រទេសវៀតណាម ដើម្បីកាត់បន្ថយការ កកស្ទះចរាចរណ៍ និងបង្កើនសមត្ថភាពការដឹកជញ្ជូនសំដៅ រួមចំណែអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។

សូមបញ្ជាក់ដែរថា ផ្លូវដែករបស់កម្ពុជា មានខ្សែរថភ្លើង២ខ្សែ ដែលខ្សែទី១ ផ្នែកខាងត្បូង ពីភ្នំពេញទៅខេត្តព្រះសីហនុ មានប្រវែង២៦៦គីឡូម៉ែត្រ និងខ្សែទី២ ផ្នែកខាងជើង ពីភ្នំពេញទៅប៉ោយប៉ែត មានប្រវែង៣៨៦គីឡូម៉ែត្រ។

លោកទេសរដ្ឋមន្ត្រី បានថ្លែងយ៉ាងដូចនេះនាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ នៅទីស្តីការក្រសួង ក្នុងឱកាសដែលលោកបានជួបពិភាក្សាការងារជាមួយលោក Saksayam Chidchob រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនថៃ អំពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា-ថៃ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងក្រុមការងារជំនាញរបស់ភាគីទាំងពីរ។

ក្រៅពីការលើកឡើងពីដំណើរការការសិក្សាលើការធ្វើទំនើបកម្មផ្លូវដែកល្បឿនលឿននៅកម្ពុជា លោកទេសរដ្ឋមន្ត្រី ក៏បានបញ្ជាក់ទៅភាគីថៃទៀតដែរថា ការតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធរូបវន្តរវាងប្រទេសទាំងពីរ មិនគ្រាន់តែបង្កើនទំហំនៃការធ្វើពាណិជ្ជកម្មទេសចរណ៍ និងវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកត្តាគន្លឹះ ជួយជំរុញ ដល់កំណើនពាណិជ្ជកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរផងដែរ។ បន្ថែមពីនេះលោកទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនភាគីថៃនូវបច្ចុប្បន្នភាព នៃគម្រោង សាងសង់ហេដ្ឋារចនាសម្ព័ន្ធ កំពុងអនុវត្តបន្តរបស់កម្ពុជាជាច្រើនទៀតផងដែរ។

ជាមួយគ្នានោះលោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ភាគីថៃ ដែលបានផ្តល់ហិរញ្ញប្បទានដល់កម្ពុជា ក្នុងគម្រោងសាងសង់រចនាសម្ព័ន្ធឆ្លងកាត់ព្រំដែន និងស្ពានមិត្តភាពកម្ពុជា-ថៃ ស្ទឹងបត់-បានណងអៀន ដែលនឹងជួយសម្រាលដល់ការកកស្ទះនៅច្រកទ្វារព្រំដែនប៉ោយប៉ែត-អារញ្ញប្រាថេត និងជំនួយជាដែករ៉ៃ ប្រើរួចប្រវែង ១៤០គីឡូម៉ែត្រ រួមទាំងកំណល់ និងក្រចាប់ ជាប្រយោជន៍សម្រាប់ប្រើប្រាស់នៅក្នុងវិស័យផ្លូវដែកនៅកម្ពុជាផងដែរ៕