(ប៉ារីស, បារាំង)៖ លោក Geoffroy Roux De Bezieux ប្រធានសម្ព័ន្ធនិយោជកហ្រ្វង់កូហ្វូន (APF) បានមើលឃើញថា កម្ពុជា ជាឱកាសដ៏ល្អសម្រាប់ការវិនិយោគ ព្រោះកម្ពុជាមានស្ថិរភាពនយោបាយ និងសុខសន្តិភាព។ លោកប្រធាន ក៏បានសន្យាជួយផ្សព្វផ្សាយពីគោលដៅវិនិយោគនៅកម្ពុជា ដល់អ្នកវិនិយោគបារាំង។

លោក Geoffroy Roux De Bezieux ប្រធានសម្ព័ន្ធនិយោជកហ្រ្វង់កូហ្វូន (APF) ថ្លែងបែបនេះ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតីនាយករដ្ឋមន្ត្រីនៅថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០២៤នេះ នៅទីក្រុងប៉ារីស ប្រទេសបារាំង។

ក្នុងជំនួបនោះ លោកប្រធាន APF បានគោរពជម្រាបសម្តេចធិបតី អំពីបំណងរបស់ APF ក្នុងស្វែងរក​ឱកាស​​វិនិយោគនៅកម្ពុជា ដែលនេះជាពេលវេលាដ៏សមស្របសម្រាប់ក្រុមហ៊ុនបារាំង ពិចារណា និង​ស្វែង​រកទីផ្សារបន្ថែមទៀតនៅក្នុងទ្វីបអាស៊ី។ ជាពិសេសនៅប្រទេសកម្ពុជា ដែលជាប្រទេសស្ថាបនិក នៃ​អង្គការ​អន្តរជាតិហ្រ្វង់កូហ្វូនី និងជាប្រទេសបានដាក់បេក្ខភាពជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល នៃអង្គការ​អន្តរជាតិ​ហ្រ្វង់កូហ្វូនីឆ្នាំ២០២៦។ លោកប្រធាន APF បានបង្ហាញការប្តេជ្ញាចិត្តក្នុងការផ្សព្វផ្សាយ និងផ្តល់ព័ត៌​មាន​អំពីឱកាសវិនិយោគនៅកម្ពុជា ដើម្បីឱ្យក្រុមហ៊ុនបារាំង បានស្គាល់កម្ពុជា ឱ្យកាន់តែ​ច្បាស់បន្ថែមទៀត ព្រោះកម្ពុជាមានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ស្ថិរភាពនយោបាយ និងសុខសន្តិភាព​ពេញ​លេញ។

លោកប្រធាន APF ក៏មានជំនឿថា នេះជាឱកាសល្អក្នុងការផ្សព្វផ្សាយអំពីឱកាសវិនិយោគនៅ​កម្ពុជាដល់​ក្រុម​ហ៊ុនបារាំង ដោយសារតែកម្ពុជាអាចនឹងក្លាយជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលនៃអង្គការ​អន្តរជាតិ​ហ្រ្វង់​កូហ្វូនីឆ្នាំ២០២៦ ហើយកម្ពុជាក៏មានឱកាសបង្ហាញភាពទាក់ទាញដល់វិនិយោគិន ជាមួយទំនាក់​ទំនង​ដ៏ល្អ​រវាងបារាំង និងកម្ពុជា នាពេលកន្លងមក។

សម្តេចធិបតី បានស្វាគមន៍ និងសម្ដែងក្ដីរីករាយ ដែលបានជួបពិភាក្សាការងារជាមួយលោក Geoffroy Roux De Bezieux។ សម្តេចធិបតី បានលើកឡើងថា ក្រៅពីអ្វីដែលក្រុមហ៊ុនបារាំង បាន​វិនិយោគនៅ​ប្រទេសដទៃ ក្រុមហ៊ុនគួរតែពិចារណាស្វែងរកឱកាសវិនិយោគនៅកម្ពុជា ដែលមានច្បាប់វិនិយោគ និង​បរិស្ថាន​ដ៏ល្អប្រសើរសម្រាប់ការវិនិយោគ។ ជាពិសេសលើវិស័យបច្ចេកវិទ្យាថ្មី វិស័យថាមពលកកើតឡើង​វិញ បចេ្ចកវិទ្យាឌីជីថល ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យកសិកម្ម។

សម្តេចធិបតី ក៏បានថ្លែងអំណរគុណចំពោះលោកប្រធាន APF សម្រាប់ការជួយផ្សព្វផ្សាយ និងការផ្តល់​ព័ត៌​មាន​ជាច្រើនអំពីកម្ពុជាជូនដល់ក្រុមហ៊ុនបារាំង ដែលកម្ពុជាក៏មានបំណងផ្សារភ្ជាប់ខ្លួនទៅក្នុងច្រវាក់​ផ្គត់ផ្គង់តំបន់ និងពិភពលោកផងដែរ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានបង្ហាញសេចក្តីសង្ឃឹមថា ក្រុមហ៊ុនបារាំងនឹងស្វែងរកឱកាស​វិនិយោគ​នៅកម្ពុជា ដោយរាជរដ្ឋាភិបាលបន្តអនុវត្តអភិក្រម ដែលមានលក្ខណៈប្រាកដនិយម ក្នុងការគាំទ្រ​ដល់ការ​ធ្វើវិនិយោគ តាមរយ:ការបង្កើតបរិស្ថានអំណោយផល និងការផ្តល់ដំណោះស្រាយជាក់ស្តែង​ចំពោះវិស័យ​ជាក់លាក់ ដើម្បីឱ្យអ្វីៗអាចដំណើរការបាន និងការធ្វើប្រតិបត្តិការអាជីវកម្មទទួលបានជោគជ័យ។

សញមបញ្ជាក់ថា សម្ព័ន្ធនិយោជកហ្រ្វង់កូហ្វូន (APF) មានសមាសភាពអង្គការវិជ្ជាជីវៈចំនួន៣៤ មកពីប្រទេសហ្រ្វង់កូហ្វូនចំនួន៣១, សហគ្រាសជាង ៧០០,០០០ដោយផ្ទាល់ និងសហគ្រាសចំនួន ១០លានសហគ្រាស ដោយប្រយោល៕