(ភ្នំពេញ)៖ ស្ថានទូតចិនប្រចាំនៅកម្ពុជា នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១នេះ បញ្ជាក់តាមរយៈ Facebook ផ្លូវការរបស់ខ្លួនថា ផ្លែស្វាយស្រស់ដំបូងគេរបស់កម្ពុជា ចូលដល់ទីផ្សារតំបន់ខាងជើងប្រទេសចិន ដោយជោគជ័យ។

ពិធីទទួលផ្លែស្វាយស្រស់កម្ពុជាដំបូងគេ ដែលបាននាំចេញទៅកាន់ប្រទេសចិន ត្រូវបានរៀបចំឡើងក្នុងតំបន់សួនដំណាំស្វាយ នៃផ្សារផ្លែឈើ Xin Fa Di ក្នុងទីក្រុង Baoding ខេត្ត Hebei ប្រទេសចិន។

លោកស្រី ខែក កែម៉ាលី ស៊ីសូដា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសចិន លោក Xu Ningning នាយកប្រតិបត្តិនៃក្រុមប្រឹក្សាកិច្ចការពាណិជ្ជកម្មចិន-អាស៊ាន និងអ្នកជំនួញផ្លែស្វាយជាច្រើន បានចូលរួមក្នុងពិធីទទួលផ្លែស្វាយនេះ។

លោកស្រី ខែក កែម៉ាលី ស៊ីសូដា បានថ្លែងក្នុងពិធីនោះថា ការទទួលស្វាគមន៍ផ្លែស្វាយស្រស់ដំបូងបង្អស់របស់កម្ពុជា ដែលបាននាំចេញទៅកាន់ប្រទេសចិន គឺជាសមិទ្ធផលថ្មី និងជាព្រឹត្តិការណ៍សំខាន់មួយទៀត សម្រាប់ចំណងមិត្តភាពដែកថែប រវាងរដ្ឋាភិបាល និងប្រជាជនទាំងពីរប្រទេស នឹងផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចកាន់តែច្រើន ជូនដល់កសិករកម្ពុជា។

គួរបញ្ជាក់ថា កាលពីខែមិថុនា ឆ្នាំ២០២០ ចិននិងកម្ពុជា បានចុះហត្ថលេខា និងផ្លាស់ប្តូរពិធីសារ ស្តីអំពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែស្វាយទៅកាន់ប្រទេសចិន។

នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ ពិធីនាំចេញផ្លែស្វាយកម្ពុជាដំបូងគេ ទៅកាន់ប្រទេសចិន ត្រូវបានរៀបចំឡើងក្នុងរាជធានីភ្នំពេញប្រទេសកម្ពុជា។ ផ្លែស្វាយ គឺជាផ្លែឈើស្រស់ប្រភេទទី២របស់កម្ពុជា ដែលអាចនាំចេញទៅប្រទេសចិន ដោយផ្ទាល់បន្ទាប់ពីផ្លែចេក៕