(ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១នេះសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួន ឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការរងខេត្តកំពង់ឆ្នាំង និងលោកវរសេនីយ៍ឯក កែវ ណារុន នាយការិយាល័យអន្ដរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ឆ្នាំង ពាក់ព័ន្ធការកាន់កាប់ព្រៃលិចទឹក នៅតំបន់ហាមឃាត់ នេះបើយោងតាមដីការបស់តុលាការដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ឈ្មោះ ស៊ុំ សុជាតិ ឈ្មោះហៅក្រៅ ឈុយ ត្រូវបានតុលាការចោទប្រកាន់ពីបទ បំផ្លាញ និង គៃបំបាត់ បទហ៊ុមព័ទ្ធកាន់កាប់ដីព្រៃលិចទឹក បទមិនប្រកាសទ្រព្យសម្បត្តិ និងបំណុល និងបទសម្អាតប្រាក់ ប្រព្រឹត្តនៅចំណុចដែនព្រៃលិចទឹកនៃតំបន់៣ នៃបឹងទន្លេសាបក្នុងភូមិសាស្ត្រភូមិកង្កែប និងភូមិធ្លក ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កាលពីអំឡុងឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ជាបទល្មើសព្រហ្មទណ្ឌ និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៦០៨ ខែ ក្រមព្រហ្មទណ្ឌ និងមាត្រា ៨៨ នៃច្បាប់ស្តីពីជលផល និងមាត្រា ៣២, មាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងមាត្រា ៣ថ្មី, មាត្រា ២៨ថ្មី១ នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

ដោយឡែក លោក កែវ ណារុន ភេទប្រុស អាយុ ៥៩ឆ្នាំ (កើតឆ្នាំ១៩៦២) ត្រូវបានចោទប្រកាន់ពីបទបំផ្លាញ និងតៃបំបាត់ បទហ៊ុមព័ទ្ធកាន់កាប់ដីព្រៃលិចទឹក និងបទមិនប្រកាសទ្រព្យសម្បត្តិ និង បំណុល ប្រព្រឹត្តនៅចំណុចដែនព្រៃលិចទឹកនៃតំបន់៣ នៃបឹងទន្លេសាបក្នុងភូមិសាស្ត្រភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំ កាលពីអំឡុងឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ជាបទល្មើសព្រហ្មទណ្ឌ និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៦០៨ នៃក្រម ព្រហ្មទណ្ឌ និងមាត្រា ៩៨ នៃច្បាប់ស្តីពីជលផល និងមាត្រា ៣២, មាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។

លោកឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ និងលោកវរសេនីយ៍ឯក កែវ ណារុន ត្រូវបានឃាត់ខ្លួនដោយអង្គភាពប្រឆាំងអំពើពុករលួយ បន្ទាប់ពីហៅទៅសួរនាំ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ពាក់ព័ន្ធការកាន់កាប់ព្រៃលិចទឹក នៅតំបន់៣ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលជាតំបន់ហាមឃាត់ នៃការកាប់ទន្ទ្រានព្រៃលិច។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យក្រសួងស្ថាប័ន និងអាជ្ញាធរខេត្ត ជាពិសេសខេត្តជុំវិញបឹងទន្លេសាប ត្រូវបើកប្រតិបត្តិការយ៉ាងក្ដៅគគុកចុះទៅបង្ក្រាប និងដកហូតដែនដីព្រៃលិចទឹក ដែលរងការរំលោភបំពាន កាន់កាប់រាប់ពាន់ហិចតា នាពេលកន្លងមក ជាពិសេសក្នុងខេត្តកំពង់ឆ្នាំងតែម្ដង។

យុទ្ធនាការនេះ បានធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោកឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អមដោយកម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ បានចុះទៅពិនិត្យជាក់ស្ដែងនៅតំបន់ព្រៃលិចទឹក រហូតអ្នកដែលកាន់កាប់ព្រៃលិចខុសច្បាប់ទាំងនេះ បានចេញមកទទួលស្គាល់កំហុស និងបានប្រគល់ដីទាំងនេះជូនរដ្ឋវិញផងដែរ៕