(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ក្នុងឱកាសដែលកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំក្រោយនេះ កម្ពុជានឹងខិតខំសម្រួលដល់សភាពការណ៍របស់មីយ៉ាន់ម៉ា ដើម្បីបានវិលត្រឡប់ទៅរកស្ថានភាពល្អប្រសើរឡើងវិញ ប៉ុន្តែការដោះស្រាយបានឬមិនបានគឺមិនអាស្រ័យលើអាស៊ានទេ សូមកុំបន្ទោសកម្ពុជា។

ថ្លែងក្នុងពិធីសម្ពោធសណ្ឋាគារ «ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ» ដែលជាសណ្ឋាគារលំដាប់ផ្កាយ៥ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីអំពីគម្រោងដំណើរទស្សនកិច្ចរបស់សម្ដេចប្រកាន់ប្រទេសមីយ៉ាន់ម៉ា នៅខែមករាខាងមុខនេះ តាមការអញ្ជើញរបស់ លោកមីន អោងលាំង មេដឹកនាំប្រទេសមីយ៉ាន់ម៉ា ក្រោយពេលដែល អ្នកការទូតសហរដ្ឋអាមេរិក បានស្នើកុំឲ្យកម្ពុជា ធ្វើសម្បទានណាមួយជាមួយមេដឹកនាំយោធាមីយ៉ាន់ម៉ារូបនេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ហាមឃាត់ខ្ញុំមិនបានទេ ទុកឱកាសឱ្យខ្ញុំធ្វើបានទេ ព្រោះយើងមិនអាចហៅអាស៊ានបានទេ បើនៅតែអាស៊ាន៩នោះ ត្រូវសង្គ្រោះពីអាស៊ាន៩ ឱ្យមកនៅអាស៊ាន១០ គឺជារឿងចាំបាច់បំផុតរបស់អាស៊ាន»

មីយ៉ាន់ម៉ាកំពុងប្រឈមនឹងវិបត្តិនយោបាយផ្ទៃក្នុង និងភាពច្របូកច្របល់ ចាប់តាំងពីព្រឹត្តិការណ៍រដ្ឋប្រហារយោធា ទម្លាក់គណបក្សរបស់ លោកស្រី អ៊ុង សានស៊ូជី កាលពីថ្ងៃទី០១ ខែកុម្ភៈ បន្ទាប់ពីបោះឆ្នោត។ តុលាការមីយ៉ាន់ម៉ា កាលពីពេលថ្មីៗនេះ បានផ្តន្ទាទោសលោកស្រី ដាក់ពន្ធនាគាររយៈពេល ០៤ឆ្នាំ ពីបទញុះញង់ឱ្យមានការបះបោរប្រឆាំងយោធា និងបំពានវិធានការទប់ស្កាត់ COVID-19។ ទោះជាយ៉ាងនេះក្តី ប្រមុខរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានស្នើឲ្យបន្ធូរបន្ថយទោសជាប់ពន្ធនាគាររបស់លោកស្រី អោង សាន ស៊ូ ជី មកនៅត្រឹម ០២ឆ្នាំវិញ។

អំឡុងពេលមានបញ្ហាផ្ទៃក្នុងជិតមួយឆ្នាំមកនេះ មីយ៉ាន់ម៉ាដែលជាសមាជិកវ័យក្មេងរបស់អាស៊ាន បានអវត្តមាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅក្នុងឆ្នាំ២០២១នេះ បន្ទាប់ពីប្រទេសប្រ៊ុយណេដែលជាប្រធានអាស៊ានមិនធ្វើលិខិតអញ្ជើញមេដឹកនាំយោធាដែលកំពុងកាន់អំណាចចូលរួមប្រជុំ ដែលធ្វើឲ្យអាស៊ានមិនអាចស្វែងរកនូវកុងសង់ស៊ីសរបស់ខ្លួនបាន។

«រឿងមីយ៉ាន់ម៉ាគឺជារឿងមួយហើយ ប៉ុន្តែដើម្បីជួយមីយ៉ាន់ម៉ា ត្រូវតែឲ្យអាស៊ានជាអាស៊ានពិតប្រាកដ»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់សម្ដេចតេជោ ហើយសម្ដេចបានចោទជាសំណួរថា ប្រសិនបើមិនពេញចិត្តនឹងមេដឹកនាំប្រទេសអាស៊ានណាមួយក្នុងពេលដែលខ្លួនធ្វើជាប្រធានអាស៊ាន ហើយមិនអញ្ជើញមេដឹកនាំអាស៊ាននោះចូលរួមប្រជុំ តើនឹងក្លាយទៅជាយ៉ាងណា? ចំណុចនេះសម្ដេច បានលើកអំពីឧទាហរណ៍ដែលធ្វើឱ្យចក្រភពអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបផងដែរ។

សម្ដេចបានចោទជាសំណួរទៀតថា បើមិនឱ្យធ្វើការជាមួយមេដឹកនាំកាន់អំណាច តើឱ្យទៅធ្វើការជាមួយអ្នកណា? សម្ដេចចោទជាសំណួរទៀតថា ក្នុងការផ្ដល់ជំនួយទៅកាន់មីយ៉ាន់ម៉ាក៏ដូចគ្នា បើមិនផ្ដល់ទៅមេដឹកនាំដែលកំពុងកាន់អំណាច តើត្រូវផ្ដល់ទៅទ័ពព្រៃឬយ៉ាងណា?

សម្តេចបានបញ្ជាក់ថា «ខ្ញុំធ្វើអ្វីដែលធម្មនុញ្ញអាស៊ានអនុញ្ញាត សុំកុំបន្ទោសខ្ញុំ សូមនិយាយគ្នាឲ្យហើយកុំបន្ទោសឲ្យសោះ ករណី២ អត់ត្រូវបន្ទោសកម្ពុជាទេ ទីមួយគឺមីយ៉ាន់ម៉ាដោះស្រាយចប់ឬមិនចប់ វាមិនចំណុះលើអាស៊ានទេ អាស៊ានគ្រាន់តែជាចំណែកក្នុងការជួយដល់ប្រទេសមីយ៉ាន់ម៉ា ក៏ប៉ុន្តែដោះខ្លួនឯងគឺមីយ៉ាន់ម៉ាជាអ្នកដោះ អាស៊ានគ្រាន់តែសម្របសម្រួលដូចករណីកម្ពុជាអញ្ចឹង»

សម្ដេចបានបញ្ជាក់ទៀត «ខ្លះចាំមើលស្នាដៃកម្ពុជាដោះបានឬមិនបាន វាមិនចំណុះលើកម្ពុជាដោះបានឬមិនបានទេ ប៉ុន្តែកម្ពុជានឹងខិតខំដើម្បីសម្រួលសភាពការណ៍មីយ៉ាន់ម៉ា ដើម្បីវិលត្រឡប់ទៅរកស្ថានភាពមួយល្អប្រសើរ»

កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ អំឡុងពេលមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល២ថ្ងៃ លោក វុនណា ម៉ោងល្វីន (Wunna Maung Lwin) រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា បានអះអាងថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ទន្ទឹងរង់ចាំស្វាគមន៍ និងធ្វើការសម្របសម្រួលជាមួយប្រេសិតពិសេសរបស់ប្រធានអាស៊ាន ដែលតែងតាំងដោយកម្ពុជា នៅឆ្នាំ២០២២ ដើម្បីអនុវត្តនូវការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច រួមទាំងការធ្វើឲ្យកាន់តែប្រសើរថែមទៀតនូវដំណើរការផ្តល់ជំនួយមនុស្សធម៌។

ទោះជាយ៉ាងនេះក្តី សម្ដេចតេជោនាយករដ្ឋមន្ត្រី បានស្នើកុំឲ្យមានការដាក់សេចក្តីសង្ឃឹមខ្លាំងពេកមកលើកម្ពុជាក្នុងនាមជាប្រធានអាស៊ានជុំវិញបញ្ហារបស់មីយ៉ាន់ម៉ានេះ ប៉ុន្តែសម្ដេចក៏បានស្នើកុំឲ្យមានការមាក់ងាយចំពោះតួនាទីប្រធានអាស៊ានរបស់កម្ពុជាផងដែរ។

សម្ដេចបានអះអាងថាក្នុងជីវិតរបស់សម្ដេចបានប្រើយុទ្ធសាស្ត្រចរចាច្រើនជាងការប្រយុទ្ធ ហើយសម្ដេចអះអាងថា ការចរចាដែលមានប្រសិទ្ធភាពគឺការចរចារនៅក្រោមតុតែម្តង មិនមែននៅលើតុនោះទេ។

សម្ដេចបានបញ្ជាក់បន្ថែមទៀតដូច្នេះថា «សូមកុំរំខានខ្ញុំ ទុកពេលវេលាឲ្យខ្ញុំធ្វើ ខ្ញុំមិនមែនជាគ្រូអស់លោកអ្នកទេ ប៉ុន្តែសូមអស់លោកអ្នកកុំតាំងខ្លួនធ្វើជាគ្រូរបស់ខ្ញុំ តើខ្ញុំសុំប៉ុណ្ណឹងបានទេ»