(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់ឲ្យដឹងថា លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានសន្យាថាលោកនឹងខិតខំធ្វើយ៉ាងណា ជំរុញឲ្យផលិតផលកសិកម្មរបស់កម្ពុជា បានចូលទៅទីផ្សាររបស់ចិនកាន់តែច្រើន។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងសន្និសីទកាសែតក្រោយបញ្ចប់ជំនួបទ្វេភាគីរវាងឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងលោក វ៉ាង យី នាទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ។

ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានបញ្ជាក់យ៉ាងដូច្នេះថា «មានការសន្យាពីឯកឧត្ដម វ៉ាង យី ថានឹងខិតខំធ្វើយ៉ាងណាឲ្យកសិផល ផលកសិកម្មពីកម្ពុជា កាន់តែច្រើន បានចូលទីផ្សាររបស់ចិន»

ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានគូសបញ្ជាក់ផងដែរថា គ្មានប្រទេសណាទេ នៅលើពិភពលោកនេះ ដែលបានជួយប្រទេសកម្ពុជា ដូចប្រទេសចិននោះឡើយ ហើយការអភិវឌ្ឍកម្ពុជាគ្រប់វិស័យ មិនអាចកាត់ផ្តាច់ ពីការគាំទ្ររបស់ចិនបានទេ។

ប្រមុខការទូតកម្ពុជាបានអរគុណចំពោះប្រទេសចិន ក្នុងការបន្ដជួយឧបត្ថម្ភដល់ប្រទេសកម្ពុជា ក្នុងការអភិវឌ្ឍន៍តាមមាគ៌ាផ្ទាល់ខ្លួន និងបានផ្ដល់នូវជំនួយខាងផ្នែកអភិវឌ្ឍន៍ គ្រប់កាលៈទេសៈទាំងអស់។

បន្ថែមពីនោះទៀត ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានពិភាក្សាគ្នា ក្នុងការពង្រឹងវិស័យនយោបាយ ការពារជាតិ និងសន្ដិសុខ ព្រមទាំងការងើបឡើងវិញ និងការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច ក៏ដូចជាវិស័យពាណិជ្ជកម្មវិនិយោគផងដែរ។

សូមជម្រាបថា មកដល់បច្ចុប្បន្ននេះ ផលិតផលកសិកម្មរបស់កម្ពុជាចំនួន៦មុខ ត្រូវបានភាគីចិនអនុញ្ញាតឲ្យនាំចេញ ដោយផ្ទាល់គឺ អង្ករ ចំណិតដំឡូងមីក្រៀម ស្វាយចន្ទី ចេក និងផ្លែស្វាយស្រស់៕