(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតអ៉ីស្រាអែលទទួលបន្ទុកនៅកម្ពុជា លោកស្រី អរណា សាហ្គីវ (Orna SAGIV) បានថ្លែងកោតសរសើរចំពោះសម្តេចតេជោ ហ៊ុន សែន អតីនាយករដ្ឋមន្រ្តីនៃកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ និងមិនបោះបង់ចោលមិត្ត ក្នុងគ្រាមានអាសន្ន។

ក្នុងកិច្ចសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន Fresh News ក្នុងអំឡុងពេលដែលលោកស្រី មកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេលបីថ្ងៃ, លោកស្រី អរណា សាហ្គីវ បានថ្លែងថា ចាប់តាំងពី​ថ្ងៃដំបូងនៃការចាប់ផ្តើមសង្គ្រាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស ​រដ្ឋាភិបាលនៃប្រទេសទាំងពីរ បានធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា​ តាមរយៈស្ថានទូត​អ៊ីស្រាអែល ដែលមាននិវេសនដ្ឋាន នៅទីក្រុងបាងកក ​ជាមួយកុងស៊ុលកិត្តិយសកម្ពុជា ដែលមាននៅក្នុងប្រទេសអ៉ីស្រាអែល​ ដើម្បីធ្វើយ៉ាងផ្តល់ការការពារសុវត្ថិភាព ដល់និស្សិតកម្ពុជា ដែលកំពុងសិក្សា និងធ្វើការនៅអ៉ីស្រាអែល។

លោកស្រីបន្ថែមថា ​បន្ទាប់ពី​ក្រុមហាម៉ាស់ ​បានចាប់ផ្តើមការវាយប្រហារ​មកលើប្រទេសអ៉ីស្រាអែល បានបណ្តាលឱ្យមនុស្សប្រមាណជិត ១២ ០០០នាក់បានបាត់បង់ជីវីត និងមានចំណាប់ខ្មាំងជាង ២៥០នាក់ ត្រូវបានចាប់នៅហ្គាហ្សា។ ក្នុង​នោះក៏មាននិស្សិតខ្មែរមួយចំនួន ​ស្ថិតនៅក្នុងតំបន់គ្រោះថ្នាក់ទាំងនោះដែរ ហើយជាអកុសលសិស្សម្នាក់បានស្លាប់។​ ក្នុងស្ថានភាពនាពេលនោះ រាជរដ្ឋាភិបាលកម្ពុជា ពិតជាព្រួយបារម្ភអំពីសុខភាព និងសុខុមាលភាពរបស់និស្សិតទាំងនោះ។ ​តែ​យ៉ាងណាមិញរដ្ឋាភិបាលកម្ពុជា​ មិនបានអំពាវនាវឱ្យពួកគេត្រឡប់មកកម្ពុជាវិញទេ ​ព្រោះរាជរដ្ឋាភិបាលដឹងថា ​ប្រទេសទាំងពីរមានទំនាក់ទំនងជិតស្និទ្ធជាមួយគ្នា​ ​ខណៈរដ្ឋាភិបាលអ៉ីស្រាអែល ​បានធ្វើអ្វីៗគ្រប់យ៉ាង ​ដើម្បីការពារ​ និងផ្លាស់ទីពួកគេទៅកាន់តំបន់សុវត្ថិភាព។

លោកស្រីគូសបញ្ជាក់បន្តថា «ខ្ញុំគាំទ្រយ៉ាងពេញទំហឹង ចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការរក្សានិស្សិតនៅអ៉ីស្រាអែល ហើយនិយាយដោយស្មោះត្រង់ ខ្ញុំថែមទាំងកោតសរសើរ ​ដោយស្មោះត្រង់ ចំពោះអតីតនាយករដ្ឋមន្តី្រកម្ពុជា [សម្តេចតេជោ ហ៊ុន សែន] ដែលបានចាត់ទុកអ៉ីស្រាអែលជាមិត្ត។ ពេលមិត្តត្រូវការ អ្នកមិនទៅចោលគេទេ។ ​វាមិនមែនជារឿងងាយស្រួលទេ ក្នុងការសម្រេចចិត្តអនុញ្ញាតឱ្យសិស្សបន្តនៅទីនោះ ហើយយើងបានយកចិត្តទុកដាក់យ៉ាងខ្លាំង ហើយជាការពិតណាស់ ប្រសិនបើសិស្សចង់ត្រឡប់មកវិញ ពួកគេអាចត្រឡប់មកវិញបាន។ គ្មាននរណាម្នាក់ត្រូវបានបង្ខំ ដោយរដ្ឋាភិបាលណាមួយឱ្យស្នាក់នៅទីនោះនោះទេ។ ​ខ្ញុំពិតជាមានអំណរគុណ ចំពោះរដ្ឋាភិបាលកម្ពុជា ហើយខ្ញុំគិតថា នេះ​គឺជាគំរូដ៏ល្អមួយ ​ដែលរដ្ឋាភិបាលទាំងពីរ​ ​ធ្វើការរួមគ្នាដើម្បីផលប្រយោជន៍ប្រជាជននៃប្រទេសទាំងពីរ»។​

​លោកស្រី​បានឱ្យដឹងផងដែរថា ​បច្ចុប្បន្ន​​នេះ ​​និស្សិតគ្រប់គ្នា គឺមានសុវត្ថិភាព ហើយពួកគេបន្តការសិក្សា ​បន្តធ្វើការដដែល ​ខណៈសង្គ្រាមនៅពេលនេះ គឺមានតែនៅតំបន់ហ្គាហ្សាប៉ុណ្ណោះ ​មិនមាននៅក្នុងតំបន់អ៉ីស្រាអែលទៀតឡើយ។ ​

ជាមួយគ្នានេះ លោកស្រីបានសម្តែងការសោកស្តាយ ចំពោះ​និស្សិតកម្ពុជាមួយរូប ដែលបានបាត់បង់ជីវិត ក្នុងអំឡុងពេលផ្ទុះសង្រ្គាម។ រដ្ឋាភិបាលអ៉ីស្រាអែល នឹង​ផ្តល់ប្រាក់សំណងប្រចាំខែ ដែលមានចំនួនច្រើនគួរសម ​ដល់ឪពុកម្តាយរបស់សិស្ស ដែលស្លាប់នោះ៕