(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១នេះ បានជំរុញឱ្យចាត់វិធានការប្តូរផ្តាច់ដើម្បីបញ្ចប់បញ្ហារថយន្តមិនបង់ពន្ធនិងអាករនាំចូល និងរថយន្តចង្កូតស្តាំខុសច្បាប់ ដែលជាបញ្ហាច្រំដែល ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២

ការប្រកាសអំពីវិធានការដាច់ណាត់របស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តី នៅព្រឹកមិញនេះ ដែលពិភាក្សា និងអនុម័តលើរ បៀបវារៈចំនួន៤។ បន្ទាប់ពីបានអនុម័តលើសេចក្តីព្រាងច្បាប់ចំនួន៣ហើយនោះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងអំពីបញ្ហាផ្សេងៗ ដោយក្នុងនោះក៏មានបញ្ហារថយន្តមិនបង់ពន្ធ និងរថយន្តចង្កូតស្តាំផងដែរ។

ក្នុងកិច្ចប្រជុំនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលេីកឡេីងថា រាជរដ្ឋាភិបាល ប្តេជ្ញាបញ្ចប់បញ្ហារថយន្តមិនបង់ពន្ធនិងអាករនាំចូល និងរថយន្តចង្កូតស្តាំខុសច្បាប់ ដែលជាបញ្ហាច្រំដែល ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ តទៅដោយក្នុងរួមមាន៖

ទី១៖ អនុវត្តឱ្យបានម៉ឺងម៉ាត់តាមសេចក្ដីជូនដំណឹងលេខ៤៤២ សជណ.ហធ របស់ទីស្ដីការគណៈរដ្ឋមន្រ្តី ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ ស្ដីពីការអនុវត្តវិធានការលើការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ ប្រចាំឆ្នាំ២០២១ ជាលើកចុងក្រោយ ចំពោះយានយន្តឯកជនដែលជ្រោកក្រោមផ្លាកលេខក្រសួង ស្ថាប័នរដ្ឋ ជាពិសេសផ្លាកលេខ ខ.ម និង ន.ប ដើម្បីឱ្យម្ចាស់ចូលខ្លួនមកបំពេញកាតព្វកិច្ចពន្ធនិងអាករនាំចូលស្របតាមច្បាប់និងបទប្បញ្ញត្តិស្ដីពីគយ។

ទី២៖ ចំពោះម្ចាស់រថយន្តឯកជនជ្រកក្រោមផ្លាកលេខរដ្ឋ ផ្លាកលេខ ខ.ម និង ន.ប ដែលមានចង្កូតឆ្វេង និងពុំមានក្នុងបញ្ជីទ្រព្យរដ្ឋរបស់អគ្គនាយកដ្ឋានទ្រព្យុសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវរួសរាន់ចូលមកបង់ពន្ធនិងអាករឱ្យបានមុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដើម្បីទទួលបានការអនុគ្រោះបន្ធូរបន្ថយពន្ធនៃប្រាក់ពន្ធអាករសរុបពី១០០% មកត្រឹមតែ៩០%។ ប៉ុន្តែចំពោះរថយន្តទំនើបដែលទើបនាំចូលក្នុងឆ្នាំ២០២១ ត្រូវបង់ពន្ធនិងអាករ១០០%ដដែល។ ប្រសិនជាម្ចាស់យានយន្តមិនបានបំពេញកាតព្វកិច្ចបង់ពន្ធនិងអាករនោះទេ គឺក្រោយថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ នឹងត្រូវយកពន្ធនិងអាករពេញ១០០% ព្រមទាំងត្រូវទទួលរងការផាកពិន័យទៀត។

ទី៣៖ ចំពោះម្ចាស់រថយន្តចង្កូតស្តាំទាំងអស់ ត្រូវរួសរាន់មកបង់ប្រាក់ពន្ធអាករ ហើយទទួលបានការអនុគ្រោះបន្ធូរបន្ថយពន្ធចំនួន១០%ដែរ និងត្រូវយករថយន្តទៅកែចង្កូតឱ្យបានរួចរាល់មុនថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ តទៅ មិនអនុញ្ញាតឱ្យរថយន្តឯកជនដែលមានចង្កូតស្ដាំធ្វើដំណើរលើផ្លូវសាធារណៈទៀតនោះឡើយ លើកលែងតែរថយន្តចង្កូតស្ដាំមួយចំនួនដែលមានការអនុញ្ញាតពីរាជរដ្ឋាភិបាលជាលក្ខណៈពិសេស ដូចជារថយន្តសង្គ្រោះបន្ទាន់ រថយន្តពន្លត់អគ្គីភ័យ រថយន្តដឹកសំរាម ជាដើម។

ទី៤៖ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ តទៅ អាជ្ញាធរដែនដីនិងកងកម្លាំងប្រដាប់អាវុធ ត្រូវសហការជាមួយគយ ដើម្បីបង្កើនសកម្មភាពទប់ស្កាត់និងបង្ក្រាបរថយន្តគ្មានពន្ធ។ ក្នុងករណីចាំបាច់ ប្រសិនបង្ក្រាបបានរថយន្តសេរីទំនើបគ្មានពន្ធដែលម្ចាស់ជាមេទ័ព មេប៉ូលីស ឬជាអ្នកធំក្នុងជួររាជរដ្ឋាភិបាល តំណាងរាស្ត្រ និងសមាជិកព្រឹទ្ធសភា ជាដើម ដែលមិនគោរពច្បាប់និងបន្តប្រើប្រាស់រថយន្តនោះ ត្រូវរាយការណ៍អំពីអត្តសញ្ញាណម្ចាស់រថយន្តជូន សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីសម្តេចមានវិធានការដកមុខតំណែង និងបណ្ដេញចេញពីគណបក្សថែមទៀត។

ទី៥៖ ទាំងអស់គ្នាត្រូវចូលរួមអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់។ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ តទៅ រថយន្តគ្មានពន្ធនិងអាករមិនអាចចរាចរលើដងផ្លូវបានឡើយ គឺជារថយន្តខុសច្បាប់ដែលនឹងត្រូវរងវិធានការយ៉ាងតឹងរ៉ឹងនិងម៉ឺងម៉ាត់បំផុត៕