(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា មិត្តភាពដែកថែបកម្ពុជាចិន គឺមានន័យថាមិត្តដែលទុកចិត្តគ្នា គ្មានពេលណារង្គោះរង្គើរ វាងភាគីទាំង២នោះទេ ទោះបីត្រូវទទួលសំពាធពីអ្នកណាក៏ដោយ ដែលបន្ថែមន័យសង្កត់ទៅលើទំនាក់ទំទងក្នុងក្របខណ្ឌដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូចនេះ នាល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ នៅក្នុងឱកាសដែលសម្តេច និងលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ធ្វើជាអធិបតីក្នុងពិធីប្រគល់-ទទួលជាផ្លូវការនូវពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាជំនួយរបស់ចិនដល់ប្រទេសកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិត្តភាពដែកថែបនេះវាមិនមែនជាការចៃដន្យកើតឡើងនោះទេ ក៏ប៉ុន្តែមានការត្រួសត្រាយផ្លូវដោយព្រះបិតាជាតិរបស់យើង ជាមួយនឹងមេដឹកនាំជំនាន់ដើមរបស់ចិន ដោយកម្ពុជាបានទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិន តាំងពីចិនមិនទាន់ចូលជាសមាជិកអង្គការសហប្រជាជាតិមកម្លេះ ដោយពេលនោះដែរសម្តេចនរោត្តម សីហនុ បានសម្រេចទទួលស្គាល់សាធារណប្រជាមានិតចិន មានន័យថាសម្តេចព្រះនរោត្តម សីហនុ មានចក្ខុវិស័យវែងឆ្ងាយ សម្រាប់ទៅថ្ងៃអនាគត នៅលើសាធារណរដ្ឋប្រជាមានិតចិន។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «យើងក្លាយទៅជាមិត្តដែលមានការជឿទុកចិត្ត យើងក្លាយទៅជាមិត្តក្នុងក្របខណ្ឌដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ បន្ទាប់ទៅឯកឧត្តមប្រធានាធិបតី ស៊ីជិនភីង ផ្ទាល់ បានហៅថានេះជាមិត្តភាពដែលថែប មិត្តភាពដែកថែបនៅទីនេះបើតាមនិយ័មន័យដែលខ្ញុំកាត់យល់ ហើយការយល់ដឹង របស់ខ្ញុំគឺនៅត្រង់ការជឿទុកចិត្តគ្នា ដែលបន្ថែមន័យសង្កត់ទៅលើទំនាក់ទងក្របខណ្ឌដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»

សម្តេចតេជោ បានបន្ថែមទៀតថា មានមិនតិចទេប្រទេសដែលមានកិច្ចសហប្រតិបត្តិការភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន និងប្រទេសដទៃ ក៏ប៉ុន្តែនៅ ប្រទេសកម្ពុជាប្រធានាធិបតី ស៊ី ជិនភីង បានបន្ថែមពាក្យមិត្តភាពដែកថែប ដែលចំណុចនេះគឺការទុកចិត្តចិត្តគ្នាខាងផ្នែកនយោបាយពិតប្រាកដ ដែលគ្នាពេលណា រង្គោះរង្គើរវាងភាគីទាំង២នោះទេ ទោះបីត្រូវទទួលសំពាធអ្នកណាក៏ដោយ គឺមិនបានដោយរោយទៅតាមអ្នកណាទាំងអស់ ព្រោះប្រទេសទាំងពីរមានភាពស្មោះត្រង់ជាមួយគ្នា។

សម្តេចបានបន្ថែមថា នេះជាគោលនយោបាយក្រៅប្រទេស បើនិយាយជារួមគឺរបស់គណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេស ដែលមានកុងសង់ស៊ីសខាងនយោបាយ ក្នុងទំនាក់ទំនងជាមួយសាធាររណរដ្ឋប្រជាមានិតចិន។ និយាយដោយឡែក គឺតួអង្គសម្តេចជានាយករដ្ឋមន្ត្រី ទទួលខុសត្រូវក្នុងការដឹកនាំនយោបាយ ទាំងនយោបាយក្នុងប្រទេស និងនយោបាយក្រៅប្រទេស។ សម្តេចបានបន្ថែមថា បញ្ហាកម្ពុជាបានទទួលផលនៅក្នុងក្របខណ្ឌនេះ វាមិនមែនដាច់ដោយឡែកពីក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលមាន ពីមុនមកនៅក្នុងក្របខណ្ឌដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយផង នៅក្នុងក្របខណ្ឌអាស៊ានចិនផង ហើយជាពិសេសនោះគឺនៅក្នុងក្របខណ្ឌនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ព្រមទាំងផ្លូវសូត្រសមុទ្រសត្សវត្សទី២១ផងដែរ។

សូមជម្រាបថា កម្ពុជា-ចិន បានចាប់ផ្តើមបង្កើតទំនាក់ទំនងគ្នាជាផ្លូវការនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ ក្រោមព្រះរាជតម្រិះព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងថ្នាក់ដឹកនាំជាន់មុនរបស់រដ្ឋាភិបាលចិន។ ទំនាក់ទំនងនេះបានរីកចម្រើនជាបន្តបន្ទាប់ ហើយនៅក្នុងខែធ្នូ ឆ្នាំ២០១០ កម្ពុជា-ចិន បានសម្រេចដំឡើងទំនាក់ទំនងការទូតឲ្យដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» អំឡុងជំនួបវាងនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីចិន វេន ជាប៉ាវ (WenJiabao)។ បន្ថែមពីនេះកាលពីឆ្នាំ២០១៨ អំឡុងពេលបំពេញទស្សនកិច្ចរបស់ លោកនាយករដ្ឋមន្ត្រី លី ខឺឈាង ភាគីទាំងពីរក៏បានកសាងនូវសហគមន៍មួយ ជោគវាសនាតែមួយ ដោយធ្វើឲ្យទំនាក់ទំនងដៃជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកាន់តែប្រសើរថែមទៀត ហើយបន្តក្លាយទៅជាមិត្តដែកថែប៕