(ភ្នំពេញ)៖ ពេញមួយឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចបានបង្ក្រាបបទល្មើសគ្រឿងញៀន (នគរបាល និងអាវុធហត្ថ) សរុបចំនួន ៦២៩០ករណី ដោយឃាត់ខ្លួនមនុស្សចំនួន ១៤៧៨៤នាក់ ក្នុងនោះមានជនបរទេស ២៥៩នាក់ (ស្រី៣៣នាក់) មាន៩សញ្ជាតិ។ នេះបើតាមរបាយការណ៍ដែល Fresh News ទទួលបានពីអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ក្នុងចំណោមការបង្ក្រាបសរុបទាំង ៦ ២៩០ករណី និងឃាត់ខ្លួនមនុស្សចំនួន ១៤ ៧៨៤នាក់នេះ៖

* មានករណីជួញដូរចំនួន ៣ ០៩៧ករណី ឃាត់ខ្លួម ៦១២០នាក់ (ស្រី៤៨៣នាក់)
* ករណីដឹកជញ្ជូន រក្សាទុកចំនួន ១ ០៩៤ករណី ឃាត់ខ្លួន ១ ៧៧៨នាក់ (ស្រី ១០១នាក់)
* ករណីផលិត កែច្នៃចំនួន ១០ករណី ឃាត់ខ្លួន ៣៤នាក់
* ករណីចាត់ចែង សម្រួលចំនួន ១២ករណី ឃាត់ខ្លួន ២១នាក់ (ស្រី៣នាក់)
* ករណីដាំដុះ ៣២ករណី ឃាត់ខ្លួន ចំនួន៥នាក់
* ករណីបើកបរក្រោមឥទ្ធិពលគ្រឿងញៀនចំនួន ៣៨ករណី ឃាត់ខ្លួន៣៩នាក់
* ករណីប្រើប្រាស់ចំនួន ២ ០០៧ករណី ឃាត់ខ្លួន ៦ ៧៨៧នាក់ (ស្រី៣៦០នាក់)។

ជាមួយគ្នានេះ ក៏មានករណីអនុវត្ដន៍ដីកាតុលាការផងដែរ ដោយមានចំនួន ៤៨៨ដីកា ចាប់ខ្លួន ៤២៩នាក់ (ស្រី១៣នាក់)។

របាយការណ៍ដដែលបញ្ជាក់ថា ក្នុងឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចបានបង្ក្រាប និងរឹបអូសបានសារធាតុញៀនគ្រប់ប្រភេទជាង ១៤តោន, កញ្ឆាចំនួនជាង៦ម៉ឺនដើម, កញ្ឆាសួតជាង ៤៥គីឡូក្រាម និងសារធាតុផ្សំគីមីជាង ៥០០តោន។ សម្ភារៈចាប់យកមានរថយន្ត ១៤៤គ្រឿង ម៉ូតូ ១៤៣៦គ្រឿង, ទូរស័ព្ទ ៥ ៤១១គ្រឿង, ជញ្ជីងថ្លឹង ៣៩៥គ្រឿង, អាវុធខ្លី ២៩ដើម និងអាវុធវែង ៦៤ដើម (កែច្នៃ៣៩ដើម) គ្រាប់បែក៥គ្រាប់, ប្រាក់រៀលជាង ៤១លានរៀល, ប្រាក់ដុល្លារជាង៥ម៉ឺនដុល្លារ, ប្រាក់បាតជិត៤ម៉ឺនបាត, ប្រាក់វៀតណាម ២៨លានដុង និងប្រាក់យ័នចិន ៧០០យន់។

នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការអជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣នេះថា ចំពោះការបង្ក្រាបបទល្មើសគ្រឿងញៀនសម្រាប់ឆ្នាំ២០២២ ធៀបនឹងឆ្នាំ២០២១ ចំនួនបទល្មើសដែលសមត្ថកិច្ចបង្ក្រាបបានមានចំនួនប្រហាក់ប្រហែលគ្នា ប៉ុន្តែបើសង្កេតមើលចំនួនសារធាតុញៀនដែលរឹបអូសបាន នៅឆ្នាំ២០២២ មានចំនួនច្រើនជាងដល់ទៅ១០តោនឯណោះ ដោយកាលពីឆ្នាំ២០២១ រឹបអូសបានតែជាង៤តោនទេ ប៉ុន្តែឆ្នាំ២០២២ មានចំនួនសរុបរហូតដល់ ១៤តោន។

នាយឧត្តមសេនីយ៍បញ្ជាក់ថា «នៅឆ្នាំ២០២២កន្លងទៅនេះ ការចាប់យកបាននូវសារធាតុញៀន​ក្នុងករណីខ្លះ​ គឺមួយករណីមានបរិមាណច្រើនតោន ដោយសារតែក្រុមឧក្រិដ្ឋជន​គ្រឿងញៀន​អន្តរជាតិ​ប៉ុនប៉ង ធ្វើការដឹកជញ្ជូន​គ្រឿងញៀន​ក្នុងបរិមាណច្រើនទៅប្រទេសទីបី​ ដោយយកកម្ពុជា​ជាកន្លែងឆ្លងកាត់»

សូមជម្រាបថា កាលពីឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចបានបង្ក្រាបករណីគ្រឿងញៀនចំនួន ៦២៤២ករណី ឃាត់ខ្លួនមនុស្ស ១៣៧៦៥នាក់ (ស្រី៨០២នាក់) ដោយដកហូតសារធាតុញៀនជាង ៤តោន៕