(ភ្នំពេញ)៖ ស្ពានអាកាសថ្មើរជើងសន្ធរម៉ុក ស្ថិតនៅចំណុចភ្លើងស្តុបសន្ឋរម៉ុក ក្នុងខណ្ឌទួលគោក គ្រោងដាក់សម្ពោធដាក់ឲ្យប្រើប្រាស់នៅពេលដ៏ខ្លីខាងមុខនេះ ខណៈដែលការដ្ឋានសាងសង់ស្ពានអាកាសថ្មើរជើងមួយនេះ បានស្ថាបនារួចរាល់១០០%ហើយ ដើម្បីទុកឲ្យបងប្អូនប្រជាពលរដ្ឋ ពិសេសប្អូនៗ កូនក្មួយសិស្សានុសិស្សបានដើរឆ្លងកាត់ ដែលអាចកាត់បន្ថយបាននូវគ្រោះថ្នាក់ចរាចរណ៍។

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះថា ស្ពានអាកាសថ្មើរជើងសន្ធរម៉ុកនេះ ជាសមិទ្ធផលថ្មីមួយទៀតរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

ការដ្ឋាននេះស្ថាបនាបានរួចរាល់១០០%ហើយ គ្រោងសម្ពោធដាក់ឲ្យប្រើប្រាស់នៅពេលដ៏ខ្លីខាងមុខនេះ ក្រោមអធិបតីភាពលោក ឃួង ស្រេង ដើម្បីទុកឲ្យបងប្អូនប្រជាពលរដ្ឋ ពិសេសប្អូនៗ កូនក្មួយសិស្សានុសិស្សបានដើរឆ្លងកាត់ ព្រោះថាស្ពានថ្មើជើងមួយនេះបានហោះលើមហាវិថីធំៗ២ខ្សែ និងនៅលើចំណុចប្រសព្វផ្លូវបែកជា៤ ដែលត្រូវមានអ្នកដើរឆ្លងកាត់ច្រើន។ ដោយមើលឃើញពីបញ្ហានេះទើបលោក ឃួង ស្រេង ណែនាំឲ្យស្ថាបនាស្ពានអាកាសថ្មើជើងថ្មីនេះឡើង។

បើតាមយុវជន ហ៊ុន ពេជ្រធន់នរៈ បានបង្ហាញពីការចាប់អារម្មណ៍ថា បន្ទាប់ពីមានស្ពានមួយនេះ ហើយពួកគេមានភាពងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់ដោយជួយកាត់បន្ថយនូវគ្រោះថ្នាក់ជាយថាហេតុ និងមិនបាច់រង់ចាំស្តុបមិនចំណាយពេលយូរដូចជាការពេលដែលមិនទាន់មានស្ពានអាកាស។

ប្រជាពលរដ្ឋបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងគណៈអភិបាលរាជធានីភ្នំពេញ ដែលបានកសាងស្ពានអាកាសនេះឡើង ដែលបានជួយសម្រួលដល់ការធ្វើដំណើរនៅជុំវិញតំបន់នេះឲ្យកាន់តែមានភាពល្អប្រសើរ។

គួរបញ្ជាក់ថា ស្ពានអាកាសថ្មើរជើងនៅត្រង់មុខសាលាបឋមសិក្សាសន្ធរម៉ុក ត្រូវសាង់សង់នៅលើចំណុចផ្លូវប្រសព្វទាំង៤ទិស គឺសាងសង់កាត់ទទឹងផ្លូវ ម៉ៅសេទុង២ខ្សែ និងកាត់ទទឹងផ្លូវកម្ពុជាក្រោម២ខ្សែ ដើម្បីបង្កលក្ខណៈងាយស្រួលដល់សិស្សានុសិស្ស បានឆ្លងកាត់ស្ពាននេះ ដោយសុវត្ថិភាព ទោះពួកគេមកពីទិសខាងណាក៏ដោយ។

មកដល់ពេលនេះ រាជធានីភ្នំពេញ មានស្ពានអាកាសថ្មើរជើងចំនួន៤ កន្លែងហើយ រួមមាន៖ នៅតំបន់ជម្ពូវ័ន្ត ខណ្ឌពោធិ៍សែនជ័យ មានចំនួន២កន្លែង, នៅតំបន់ភ្លើងស្តុបនាងគង្ហីង១កន្លែង និងនៅផ្សារដើមគរមួយកន្លែងទៀត ដែលបានបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីការចុងកក្កដា ឆ្នាំ២០២០ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ៕