(ភ្នំពេញ)៖ ជាកិត្តិយសរបស់ប្រទេសកម្ពុជា ដែលអង្កររបស់កម្ពុជាបានឈ្នះជ័យលាភីជា «អង្ករល្អដាច់គេ» របស់ពិភពលោក ប្រចាំឆ្នាំ២០២២ ក្នុងវេទិកាសន្និសីទអង្ករពិភពលោក ដែលធ្វើឡើងនៅខេត្តភូកេត ប្រទេសថៃ នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។ នេះបើតាមលោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ដែលបានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១៧ ខែវិច្ឆិកានេះ។

លោក សុង សារ៉ន បានបន្តថា នេះជាឆ្នាំទី៥ហើយដែលអង្កររបស់កម្ពុជាទទួលបានជ័យលាភីនេះ ក្នុងនោះគឺនៅឆ្នាំ២០១២ ឆ្នាំ២០១៣ ឆ្នាំ២០១៤ ឆ្នាំ២០១៨ និងចុងក្រោយនៅឆ្នាំ២០២២នេះទៀតដែរ។

ប្រធានសហព័ន្ធស្រូវអង្ករ បានសូមអគុណដល់ក្រុមការងារសហព័ន្ធស្រូវអង្ករ សមាជិករោងម៉ាសុីនកិនស្រូវ សហគមន៍កសិកម្ម ក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម ដែលផ្តល់គាំទ្រផលិតអង្ករល្អដាច់គេ ដើម្បីចួលរួមប្រកួត និងនាំពានរង្វាន់មកកម្ពុជា៕