(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២នេះ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូវិទ្យាស្ថានអភិឌ្ឍន៍តំបន់ឆ្នេរក្រៅប្រទេសជប៉ុន(OCDI) ដឹកនាំដោយលោកបណ្ឌិត Ichio MOTONO នាយកប្រតិបត្តិវិទ្យាស្ថាន និងមានការចូលរួមពីថ្នាក់ ដឹកនាំក្រសួងទទួលបន្ទុក និងមន្ត្រីជំនាញពាក់ព័ន្ធ។

ជំនួបនេះធ្វើឡើងក្នុងគោលបំណងបង្ហាញអំពីគម្រោងពង្រឹងសមត្ថភាព រដ្ឋបាលកំពង់ផែ និងស្វែងរកអនុសាសន៍ណែនាំ ក៏ដូចជាផ្តល់ការគាំទ្របន្ថែមដល់គម្រោងនេះ សំដៅអភិវឌ្ឍវិស័យកំពង់ផែកម្ពុជា និងជំរុញការដឹកជញ្ជូនតាមផ្លូវទឹកឱ្យមានការរីកចម្រើន។

ថ្លែងទៅកាន់គណៈប្រតិភូនាឱកាសនោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រីកហេដ្ឋារចនាសម្ព័ន្ធកំពង់ផែក្រុងព្រះសីហនុ ដែលមានស្រាប់ គម្រោងសាងសង់កំពង់ផែ សមុទ្រថ្មីៗបន្ថែម និងគម្រោងសាងសង់កំពង់ផែតាមបណ្ដោយដងទន្លេមេគង្គ ដើម្បីធ្វើឱ្យប្រសើរឡើង ដល់ការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា និងបានសម្ដែងនូវការស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងដែលបានលើកឡើងដោយវិទ្យាស្ថានអភិឌ្ឍន៍តំបន់ឆ្នេរក្រៅប្រទេសជប៉ុន(OCDI) ៕