(ភ្នំពេញ)៖ លោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ការសម្រេចរបស់តុលាការក្នុងការរឹបអូសទ្រព្យសម្បត្តិរបស់ លោក សម រង្ស៉ី ដើម្បីសងដើមបណ្តឹង គឺជាការសម្រេចរបស់តុលាការ ដោយអនុវត្តទៅតាមច្បាប់ ។

ក្នុងបទសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីនាំយកថវិកាជិត៥ម៉ឺនដុល្លាររបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដែលបានពីសំណងចំពោះការប្តឹងទណ្ឌិត សម រង្ស៉ី ទៅប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា នៅរសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣នេះ លោក គី តិច បានបញ្ជាក់ថា ថវិកាដែលបានមកពីការរឹបអូសទ្រព្យសម្បត្តិរបស់ លោក សម រង្ស៉ី ដើម្បីសងដើមបណ្តឹង ត្រូវបានយកទៅប្រើប្រាស់ដើម្បីបម្រើប្រយោជន៍ជាតិ និងប្រជាជន ដោយក្នុងនោះរួមមាន ៖

១៖ ថវិកាចំណែករបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ចំនួន ៤៨.៤៤៨,២៨ដុល្លាអាមេរិក ត្រូវបានប្រគល់ជូនមន្ទីរពេទ្យកុមារគន្ធបុប្ផា។
២៖ ថវិកាចំណែករបស់សម្តេចតេជោ ហ៊ុន សែន ចំនួន ៧៧៥.១៧២,៧១ដុល្លាអាមេរិក ត្រូវបានប្រគល់ជូនក្រុមមេធាវីស្ម័គ្រចិត្ត ទុកក្នុងកញ្ចប់ថវិកា សម្រាប់ប្រតិបត្តិការការពារក្តីជូនស្រ្តីងាយរងគ្រោះ និងមានជីវភាពទន់ខ្សោយ ។
៣៖ ថវិកាចំណែករបស់ សម្តេចក្រឡាហោម ចំនួន៣៨៧.៥៨៦,៣៥ដុល្លាអាមេរិក ត្រូវបានចាត់ចែងប្រគល់សម្រាប់ការសាងសង់សាលារៀន និងមណ្ឌលកុមារកំព្រា តាមបណ្តាមូលដ្ឋាន ខេត្ត ។
៤៖ ថវិកាចំនួន ៤៣៤.៩៩២,៧៥ដុល្លាអាមេរិក និងថវិកាចំនួន៥.៧៩៩,៩០ដុល្លាអាមេរិក ត្រូវបានដាក់ជូន ជាថវិកាជាតិ ។

«ការរឹបអូសទ្រព្យសម្បត្តិជនប្រព្រឹត្តល្មើស មិនមែនមានតែនៅក្នុងប្រទេសកម្ពុជា ហើយក៏មិនមែនតែទណ្ឌិត សម រង្ស៉ី មួយនោះដែរ បុគ្គលណាក៏ដោយឱ្យតែប្រព្រឹត្តល្មើស តែងតែទទួលរងនូវការផ្តន្ទាទោសទាំងផ្នែកព្រហ្មទណ្ឌ និងផ្នែករដ្ឋបវេណី»។ នេះជាការបញ្ជាក់បន្ថែមរបស់ លោក គី តិច។

លោកបន្តថា «មូលហេតុអ្វីបានអនុវត្តអញ្ចឹង គឺដើម្បីព្រមាន ឬផ្តន្ទាទៅលើបុគ្គលដែលចេះតែនិយាយ បរិហារកេរ្តិ៍គេ ប្រឌិតរឿងខុសពីការពិតយកទៅនិយាយជាសាធារណៈ បរិហារកេរ្តិ៍ ធ្វើឱ្យប៉ះពាល់ដល់តម្លៃកិត្តិយសរបស់គេគ្រប់គ្នា ទើបច្បាប់ចែងការពារ និងផ្តន្ទាទោសហ្នឹង»

ដីនិងផ្ទះរបស់ ទណ្ឌិត សម រង្ស៉ី ដែលជាអតីតទីស្នាក់ការកណ្តាល នៃអតីតគណបក្សសង្រ្គោះជាតិ ត្រូវបានចៅក្រមអនុវត្តសាលាដំបូងរាជធានីភ្នំពេញ សម្រេចដាក់លក់ដោយបង្ខំ ដើម្បីអនុវត្តតាមអំណាចសាលក្រម សាលដីកាស្ថាពរ យកទៅសងសំណងផ្នែករដ្ឋប្បវេណី និងប្រាក់ពិន័យតាមច្បាប់។ ក្រោយការសម្រេចនេះ ដី និងផ្ទះរបស់ លោក សម រង្ស៉ី ត្រូវបានដាក់ឱ្យដេញថ្លៃ និងលក់បានក្នុងតម្លៃ ១​ ៦៥២ ០០០ដុល្លារអាមេរិក ប៉ុន្តែចំនួននេះ នៅមិនទាន់គ្រប់គ្រាន់នៅឡើយ ដើម្បីសងសំណងជំងឺចិត្តដើមបណ្តឹង ជាច្រើនរូប ។

លោកបានគូសបញ្ជាក់បន្ថែមអំពីចេតនារបស់ សម រង្ស៉ី ក្នុងការនិយាយបរិហារកេរ្តិ៍ជាសាធារណៈចំពោះថ្នាក់ដឹកនាំកន្លងទៅ គឺជាចេតនាបង្ខូយកិត្តិយស ខណៈដើមបណ្តឹងដែលសុទ្ធសឹងជាថ្នាក់ដឹកនាំជាន់ខ្ពស់ មានប្រជាពលរដ្ឋគាំទ្រពេញប្រទេស ។

លោកបន្តថា៖ «នេះជាការសម្រេចរបស់តុលាការ ដោយអនុវត្តទៅតាមច្បាប់ ប្រទេសនីតិរដ្ឋ គឺមិនបណ្តែតបណ្តោយឲ្យបុគ្គលដែលប្រព្រឹត្តល្មើសហ្នឹងរួចខ្លួននោះទេ ត្រូវតែប្តឹងសុំឲ្យតុលាការសម្រេច និងបង្ហាញអំពីការអនុវត្តច្បាប់ »

ឆ្លៀតនៅក្នុងឱកាសនេះដែរ លោក គី តិច បានគោរព និងថ្លែងនូវអំណរគុណចំពោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន , សម្តេចតេជោ ហ៊ុន សែន និងសម្តេចក្រឡាហោម ស ខេង ដែលជានិច្ចកាល តែងតែខិតខំពុះពារគ្រប់ឧបស័គ្គក្នុងការដឹកនាំប្រទេសទទួលបាននូវការអភិវឌ្ឍន៍លើគ្រប់វិស័យ និងនាំមកនូវសន្តិភាពពេញលេញ ដូចពេលនេះ។ ជាក់ស្តែង រាល់សកម្មភាពរបស់សម្តេច ដែលជាថ្នាក់ដឹកនាំជាតិពិតប្រាកដ លោកតែងតែតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ ដូចជាថវិកាទាំងនេះ តុលាការបានសម្រេចផ្តល់ជូនជាសំណងជំងឺចិត្ត និងសងការខូចខាតផ្ទាល់ជូនសម្តេច តែសម្តេចបានសម្រេចបង្វែរថវិកាទាំងនេះ ឲ្យទៅជាប្រយោជន៍ជាតិ, សង្គម និង ជាប្រយោជន៍របស់ប្រជាពលរដ្ឋ របស់សម្តេច វិញ៕