(ភ្នំពេញ)៖ លោកស្រី អរណា សាហ្គីវ (Orna SAGIV) អគ្គរដ្ឋទូតអ៉ីស្រាអែល ទទួលបន្ទុកនៅកម្ពុជា បានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ ចំពោះការពង្រីកវិសាលភាពនៃការធ្វើពាណិជ្ជកម្ម និងវិនិយោគ រវាងកម្ពុជា និងអ៉ីស្រាអែល ខណៈបច្ចុប្បន្ននេះការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នៅមានកម្រិតតិចតួចនៅឡើយ។

ការបង្ហាញនូវសុទិដ្ឋិនិយមរបស់អគ្គរដ្ឋទូតអ៉ីស្រាអែល ​ធ្វើឡើងក្នុងកិច្ចសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន Fresh News ក្នុងឱកាសដែលលោកស្រីមកបំពេញទស្សនកិច្ចនៅកម្ពុជា។

លោកស្រីបានថ្លែងថា មានវិស័យមួយចំនួន ដែលភាគីទាំងពីរបានស្វែងយល់ និងជំរុញឱ្យកាន់តែខ្លាំង។ ​ក្នុងនោះរួមមានវិស័យកសិកម្ម ដែលភាគីទាំងពីរបានជំរុញ ខណៈបច្ចុប្បន្ននេះ ក្រុមហ៊ុនកសិកម្មអ៉ីស្រាអែលជាច្រើន ​បាននិងកំពុងប្រតិបត្តិការនៅ​កម្ពុជា ដូចជាកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ ម្រេចខ្មៅ ឬផ្លែប័រ ​និងការកែច្នៃអាហារផ្សេងទៀត។ ​ ​

ជាមួយគ្នាវិស័យ បច្ចេកវិទ្យា នវានុវត្តន៍​ ក៏ជាភាពខ្លាំងមួយរបស់អ៉ីស្រាអែល​​ ដែលអាចនឹងជួយដល់​ការច្នៃប្រឌិត ​​ក្នុងវិស័យកសិកម្ម ​វិស័យធនាគារ ​និងវិស័យទឹកស្អាតនៅកម្ពុជាជាដើម។​

លោកបញ្ជាក់បន្ថែមថា «​ថ្វីត្បិតយើងមិនមានស្ថានទូតរបស់យើងប្រចាំនៅភ្នំពេញ ប៉ុន្តែការពិតយើងទទួលខុសត្រូវ ពីទីក្រុងបាងកក លើប្រទេសកម្ពុជាផងដែរ ដែលជាស្ពានមួយរវាងប្រទេសយើងទាំងពីរ ក្នុងការស្វែងរកឱកាស ដើម្បីពង្រីកវិសាលភាពនេះ។ យើងមានសភាពាណិជ្ជកម្មកម្ពុជា-អ៉ីស្រាអែលយ៉ាងសកម្មនៅ​ក្នុងទីក្រុងភ្នំពេញ។ ពួកគេធ្វើការយ៉ាងសកម្មក្នុងការព្យាយាម​ធ្វើសកម្មភាពគ្រប់ប្រភេទ ហើយ​កន្លងមកក៏មានគណៈប្រតិភូកម្ពជា ទៅប្រទេសអ៉ីស្រាអែល ហើយខ្ញុំសង្ឃឹមថាគណៈប្រតិភូរបស់យើង ក៏មកទីនេះផងដែរ»

លោកស្រីសង្ឃឹមថា នៅចុងឆ្នាំនេះមន្រ្តីជាន់ខ្ពស់ ក៏ដូចជាធុរកិច្ចកម្ពុជា នឹងធ្វើដំណើរទស្សនកិច្ចនៅអ៉ីស្រាអែល ​ដើម្បីស្វែងយល់​អំពីវិស័យណាដែលសមស្របសម្រាប់កិច្ចសហការ​៕