(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើដល់ភាគីថៃ ជួយពន្លឿនការងារសាងសង់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធ លើការងារសាងសង់ស្ថានីយច្រកព្រំដែនអន្តរជាតិថ្មីស្ទឹងបត់ ក្រុងប៉ោយប៉ែត និងច្រកព្រំដែនអន្តរជាតិ បានណងអៀន ស្រុកអារញ្ញប្រាថេត ឱ្យបានឆាប់រហ័ស សំដៅឈានទៅរកការបើកឱ្យដំណើរការជាផ្លូវការ ច្រកទ្វារអន្តរជាតិទ្វេរភាគីមួយនេះ បាននាពេលដ៏ខ្លីខាងមុខនេះ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្នើដូចនេះនាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នាឱកាសអនុញ្ញាតឱ្យលោក Cherdkiat ATTHAKOR ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រថៃប្រចាំកម្ពុជា ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការអញ្ជើញចូលរួមផងដែរពីសំណាក់ ថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ពាក់ព័ន្ធ នៅទីស្តីការក្រសួង។

លោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើងដែរថា វឌ្ឍនភាពការងារសាងសង់ស្ថានីយច្រកព្រំដែនអន្តរជាតិថ្មី ស្ទឹងបត់ ក្រុងប៉ោយប៉ែត និងច្រកព្រំដែនអន្តរជាតិ បានណងអៀន ស្រុកអារញ្ញប្រាថេត គឺមានសន្ទុះទៅមុខដូចដែលមានក្នុងផែនការ និងរំពឹងទុកថាការបើកឲ្យដំណើរការនូវច្រកព្រំដែនអន្តរជាតិថ្មី សម្រាប់ការដឹកជញ្ជូនធុនធ្ងន់ ឆ្លងកាត់ព្រំដែនរវាងប្រទេសកម្ពុជា និងថៃមួយនេះ នឹងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញ និងកាត់បន្ថយការកកស្ទះនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានមួយចំណែកធំផងដែរ។

លើសពីនេះទៅទៀតលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានជម្រាបអំពីការពិនិត្យលទ្ធគម្រោងសាងសង់ច្រកព្រំដែនអន្តរជាតិថ្មដា ដើម្បីឈានទៅដល់ការបើកច្រកព្រំដែនអន្តរជាតិថ្មីមួយនេះរវាងប្រទេសកម្ពុជា-ថៃ នាពេលអនាគត ដើម្បីប្រែក្លាយខ្សែបន្ទាត់ព្រំដែនមួយនេះ ឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសមួយដូចច្រកអន្តរជាតិផ្សេងៗទៀតដែរ តាមរយៈដំណើរកម្សាន្តរបស់ភ្ញៀវទេសចរជាតិ អន្តរជាតិ និងការដោះដូរទំនិញគ្នាទៅវិញទៅមក រវាងប្រទេសទាំងពីរ កម្ពុជា-ថៃ។

លោកទេសរដ្ឋមន្ត្រី ក៏បានសំណូមពរឱ្យភាគីថៃ ពិនិត្យលទ្ធភាព ជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដែលនៅសល់ត្រឹមតែមួយគីឡូម៉ែត្រទៀតប៉ុណ្ណោះ ដើម្បីភ្ជាប់មកផ្លូវជាតិលេខ៥៥ របស់កម្ពុជា។ លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ការបើកច្រកព្រំដែនអន្តរជាតិថ្មីមួយនេះ ត្រូវបានរំពឹងថា នឹងជួយបង្កើនកិច្ចសហប្រតិបត្តិការទៅលើវិស័យពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរឡើង ថែមមួយកំរិតទៀត និងបើកឱកាសឱ្យបានកាន់តែទូលំទូលាយ ដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ ការវិនិយោគ ការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ការបង្កើតការងារធ្វើ និងការទាក់ទាញភ្ញៀវទេសចរ សម្តៅលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិនៃប្រទេសទាំងពីរផងដែរ។

លើកឡើងនាឱកាសនោះដែរលោក Cherdkiat ATTHAKOR ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសកម្ពុជាក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ និងបានលើកឡើងដែរថា ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងថៃ ក៏បានពង្រឹងពង្រីកលើគ្រប់វិស័យផងដែរ ជាពិសេសលើវិស័យរចនាសម្ព័ន្ធដឹកជញ្ជូន និងការវិនិយោគនានាមានការកើនឡើងគួរឱ្យកត់សម្គាល់ ក្រោមម្លប់សុខសន្តិភាព និងការខិតខំប្រឹងប្រែងពីសំណាក់ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាប្រមុខ៕