(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចហាមឃាត់មិនឱ្យជនជាតិឥណ្ឌា និងជនបរទេសទាំងអស់ ដែលធ្វើដំណើរមកពីប្រទេសឥណ្ឌា ចូលក្នុងប្រទេសឡើយ ដោយអនុវត្តចាប់អនុវត្តពី៤៨ម៉ោងក្រោយ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា ដោយបានទទួលការឯកភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោនាយករដ្ឋមន្ត្រី គឺចាប់តាំងពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ការរាតត្បាតនៃជំងឺកូវីដ-១៩ នៅកម្ពុជាមានសភាពខ្លាំង និងលឿនជាងពេលមុនៗ ហើយតាមការសង្កេត មើលនៅលើពិភពលោក ឃើញថា ក្រៅពីការរាតត្បាតជាសកលនៃវីរុសបម្លែងថ្មីប្រភេទ B117 មានប្រភពមកពី ប្រទេសអង់គ្លេស ទើបតែមានលេចចេញនូវវីរុសបម្លែងថ្មីមួយផ្សេងទៀតឈ្មោះថា B1 617 មានប្រភពចេញពី ប្រទេសឥណ្ឌា ដែលមានការឆ្លងខ្លាំង និងមានភាពធ្ងន់ធ្ងរជាងប្រភេទ BIT7 ទៅទៀត។

ក្រសួងបានបន្តថា ដោយពិនិត្យឃើញស្ថានភាពបែបនេះ ក្រសួងសុខាភិបាលសម្រេចហាមឃាត់ ការធ្វើដំណើរចូលមក ប្រទេសកម្ពុជាមួយរយ:រហូតដល់មានការជូនដំណឹងជាថ្មី ចំពោះជនជាតិឥណ្ឌា និងជនជាតិបរទេសទាំងអស់ ដែលធ្វើដំណើរមកពីប្រទេសឥណ្ឌា ឬឆ្លងកាត់ប្រទេសឥណ្ឌា ឬមានប្រវត្តិធ្វើដំណើរទៅប្រទេសឥណ្ឌា រយៈពេល ៣សប្ដាហ៍មុនចូលមកប្រទេសកម្ពុជា តាមផ្លូវអាកាស ឬតាមផ្លូវគោក ដោយត្រូវចាប់អនុវត្តក្រោយ ៤៨ម៉ោង បន្ទាប់ពីចេញសេចក្តីប្រកាសព័ត៌មាននេះ។

សូមបញ្ជាក់ថា ប្រទេសឥណ្ឌា ពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ កាន់តែខ្លាំងក្លាឡើង រហូតដល់ជាង១៧លាននាក់ និងស្លាប់ជិត២សែននាក់ ជាមួយនឹងអត្រាឆ្លងខ្ទង់រាប់សិបម៉ឺននាក់រាល់ថ្ងៃ៕

*** សូមតាមដានព័ត៌មានផ្លូវការពីគ្រប់បណ្តាញរបស់ Fresh News ពាក់ព័ន្ធដំណឹងភ្លាមៗពីស្ថានភាព Lockdown រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល!
App: http://onelink.to/freshnews
Join US: https://t.me/freshnewsasia