(ហាណូយ)៖ កម្ពុជាបានបន្ថែមមេដាយ ៨គ្រឿងទៀតហើយ ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ នេះ ដែលនាំឲ្យកម្ពុជាកើនមេដាយសរុបដល់ ៥៨គ្រឿង ខណៈមេដាយមាស តាមស្មើមីយ៉ាន់ម៉ា ចំនួន ៨គ្រឿងដូចគ្នា ។

តាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC និងជាអគ្គលេខាធិការ NOCC ដែលជានាយបេសកកម្មស៊ីហ្គេមរបស់កម្ពុជា បានឲ្យដឹងថា សម្រាប់មេដាយដែលអត្តពលិកកម្ពុជា ដណ្ដើមបានថ្ងៃនេះ រួមមាន៖

១-កីឡាវ៉ូវីណាម
-កីឡាករ ជិន ពិសិដ្ឋ និងកីឡាករ ម៉េត សុភត្ត្រា ឈ្នះមេដាយមាស ១ លើវិញ្ញាសាសម្តែងក្រុមការពារខ្លួនកាំបិតធំបុរស ២នាក់
-កីឡាករ ទិន ឌិន ឈ្នះមេដាយសំរឹទ្ធ ១ លើវិញ្ញាសាប្រយុទ្ធទម្ងន់ ៥៥គីឡូក្រាម
-កីឡាករ សៀន ចាន់ហួត ឈ្នះមេដាយសំរឹទ្ធ ១ លើវិញ្ញាសាមេគុនដំបងឯកត្តជន ។

២-កីឡាកាយសម្ព័ន្ធ
-កីឡាករ ហាស់ សុខហ៊, កីឡាករ ត្រន ប៊ុនធឿន និងកីឡាការិនី ម៉ូ ស្រីពៅ ឈ្នះមេដាយប្រាក់ ១ លើវិញ្ញាសា Trio (៣នាក់)
-កីឡាករ ជឿន ចាន់បូរី ឈ្នះមេដាយសំរឹទ្ធ ១ លើវិញ្ញាសាឯកត្តជនបុស IM ។

៣- វិញ្ញាសាបាល់ទះក្នុងសាល៖ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ឈ្នះមេដាយសំរឹទ្ធ ១ និងជាប្រវត្តិសាស្ត្រ ដែលក្រុមបាល់ទះកម្ពុជា ដណ្តើមបានមេដាយក្នុងព្រឹត្តិការណ៍ប្រចាំតំបន់នេះ ។

៤- កីឡាប្រដាល់គុនខ្មែរ
-កីឡាការិនី ទួល ស្រីពីន ឈ្នះមេដាយសំរឹទ្ធ ១ លើវិញ្ញាសាប្រយុទ្ធទម្ងន់ ៦០គីឡូក្រាម ។

៥-កីឡាហែលទឹក៖ ដណ្តើមបានមេដាយសំរឹទ្ធ ១គ្រឿង លើវិញ្ញាសា Finswimming ហើយក៏ជាប្រវត្តិសាស្ត្រ ដែលក្រុមកីឡាហែលទឹកកម្ពុជា ដណ្តើមបានមេដាយក្នុងព្រឹត្តិការណ៍ប្រចាំតំបន់នេះ បន្ទាប់ពីខកខានអស់ជាយូរឆ្នាំ ។

គិតត្រឹមយប់ថ្ងៃទី២១ ខែឧសភានេះ កម្ពុជាដណ្ដើមបានមេដាយសរុប ៥៨គ្រឿង រួមមានមេដាយមាស ៨ ប្រាក់ ១០ និងសំរឹទ្ធ ៤០ ឈរលេខរៀងទី៨ ជាបណ្ដោះអាសន្ន ក្នុងតារាងមេដាយស៊ីហ្គេម ដោយបន្ដឈរលើប្រ៊ុយណេ ឡាវ និងទីម័រខាងកើត តែបានតាមស្មើមេដាយមាសជាមួយមីយ៉ាន់ម៉ា ដែលឈ្នះមេដាយមាស ៨ ប្រាក់ ១៧ និងសំរឹទ្ធ ៣០ ។

លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា មកទល់ពេលនេះ ប្រភេទកីឡារបស់កម្ពុជាភាគច្រើន បានបញ្ចប់ការប្រកួតហើយ នៅតែប្រភេទកីឡាមួយចំនួនប៉ុណ្ណោះ ដែលត្រៀមបន្ដការប្រកួតសេសសល់របស់ខ្លួន ជាមួយនឹងក្ដីសង្ឃឹមដណ្ដើមបានមេដាយបន្ថែម ដូចជាកីឡាប្រដាល់សកល ប្រដាល់គុនខ្មែរ កាយសម្ព័ន្ធ និងកីឡាវ៉ូវីណាមជាដើម មុនពិធីបិទការប្រកួតនាថ្ងៃទី២៣ ខែឧសភាដើមសប្ដាហ៍ក្រោយ ៕