(ភ្នំពេញ)៖ ភាពយន្តចម្រៀង «ទុក្ខស្រីប្តីព្រាត់» បង្ហាញប្រវត្តិជីវិតពិត ដ៏សោកសៅ និងខ្លោចផ្សាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នឹងត្រូវចាក់បញ្ចាំងនៅល្ងាចថ្ងៃសៅរ៍ ទី០៧ ខែមករា ឆ្នាំ២០២៣នេះហើយ។

ពិធីចាក់បញ្ចាំងខ្សែភាពយន្តចម្រៀង «ទុក្ខស្រីប្តីព្រាត់» ធ្វើឡើងនៅសាលមហោស្រពចតុមុខ ក្រោមអធិបតីភាពលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ខ្សែភាពយន្តចម្រៀងនេះ នឹងចាក់ផ្សាយនៅលើទំព័រហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន, បណ្តាញផ្សព្វផ្សាយ Fresh News, ទូរទស្សន៍ជាតិ និងទូរទស្សន៍ BTV។

ភាពយន្តចម្រៀង «ទុក្ខស្រីប្តីព្រាត់» គឺផលិតឡើងស្របតាមបទចម្រៀង «ទុក្ខស្រីប្តីព្រាត់» ដែលនិពន្ធដោយសម្តេចតេជោ ហ៊ុន សែន តាំងពីទសវត្សរ៍៩០។

បទចម្រៀង «ទុក្ខស្រីប្តីព្រាត់» រៀបរាប់ពីខ្សែជីវិតពិតរបស់សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលត្រូវជួបការលំបាក និងឃ្លាតឆ្ងាយ ពីសម្តេចតេជោ ហ៊ុន សែន ទាំងខ្លួនកំពុងមានផ្ទៃពោះប្រមាណ ៥ខែ កំណើតលោក ហ៊ុន ម៉ាណែត។

ដើម្បីបុព្វហេតុជាតិ និងប្រជាជន សម្តេចតេជោ ហ៊ុន សែន រួមនឹង យុទ្ធមិត្ត៤រូបផ្សេងទៀត នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ បានភៀស ខ្លួនចេញពីបញ្ជាការដ្ឋានភូមិកោះថ្មី ស្រុកមេមត់ ឆ្ពោះទៅប្រទេសវៀត ណាម ស្វែងរកការគាំទ្រ ដើម្បីវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។

ការឃ្លាតឆ្ងាយដើម្បីបុព្វហេតុជាតិ និងប្រជាជន ជាពេលវេលាដ៏លំបាក និងសោកសៅជាទីបំផុតសម្រាប់សម្តេចតេជោ ហ៊ុន សែន ព្រោះថាការឃ្លាតឆ្ងាយនេះ មិនដឹងថាមិនជោគវាសនាយ៉ាងណា? មិនដឹងថា ត្រូវស្លាប់ ឬរស់?។ ជាពិសេសការឃ្លាតនេះ ត្រូវចាកចោលភរិយាជាទីស្រឡាញ់ ដែលកំពុងពពោះកូនក្នុងផ្ទៃអាយុ ៥ខែ។

ការឃ្លាតឆ្ងាយរបស់សម្តេចតេជោ ជាទុក្ខលំបាក និងជាទារុណដួងចិត្តមួយទៅហើយ។ តែសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាភរិយារស់នៅក្នុងស្រុក ក៏រឹតតែលំបាកថែមទៀត។ ជាស្ត្រីមានស្វាមីក្បត់អង្គការខ្មែរក្រហម ត្រូវប្រឹងរស់ដោយលាក់ប្រវត្តិ ដើម្បីធានាសុវត្ថិភាពជីវិតពីរបបខ្មែរក្រហម ទាំងចិត្តឈឺផ្សារនឹករលឹក ព្រួយបារម្ភពីស្វាមីគ្រប់ពេលវេលា។ បន្ថែមពីលើនោះ ជាស្ត្រីទន់ខ្សោយ មានផ្ទៃពោះត្រូវរងពាក្យនិន្ទានានា ហើយត្រូវអង្គការបង្ខំឱ្យធ្វើការ គ្មានត្រាប្រណី អត់ចំណីអាហារ។

ទាំងនេះជាខ្លឹមសារ ដែលបានរំលេចក្នុងបទចម្រៀង «ទុក្ខស្រីប្តីព្រាត់»។ ខ្លឹមសារបទចម្រៀង ក៏បានរំលេចពីការអត់ធ្មត់ និងពុះពារគ្រប់ឧបសគ្គ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការប្រសូតបុត្រ ព្រមទាំងប្រឹងប្រែងបី បាច់ថែរក្សាបុត្រក្នុងស្ថានភាពដ៏លំបាក រហូតបានជួបជុំជាមួយ សម្តេចតេជោឡើងវិញ នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៧៩។

បទចម្រៀង «ទុក្ខស្រីប្តីព្រាត់» ត្រូវបានសមាគមមិត្តសិល្បៈស្ម័គ្រចិត្ត ជួយសង្គម យកមកថតជាភាពយន្ត ដោយបញ្ចូលឈុតឆាកសម្តែង ជាមួយបច្ចេកទេសថតបែបសម័យទំនើបបង្កើតជាភាពយន្តចម្រៀងមួយ ដែលមានការទាក់ទាញកាន់តែខ្ពស់។ ជាពិសេសបានបញ្ចូលនូវ មនោរម្មណ៍ កាន់តែខ្ពស់ទៅក្នុងតថភាពពិត នៃជីវិតតស៊ូ និងការលំបាក វេទនារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងដំណាក់កាលតស៊ូនោះ។

ភាពយន្តចម្រៀង «ទុក្ខស្រីប្តីព្រាត់» ដែលមានរយៈពេលប្រមាណ ៣៣នាទី ដឹកនាំផលិតដោយលោកស្រី ចន ច័ន្ទលក្ខិណា, លោក ហេង ឡុង, ឧកញ៉ា អ៉ឹង លីហេង និងលោកស្រី តាំង ហ្គិចលៀង។ ភាពយន្តចម្រៀងនេះ ដឹកនាំសម្តែងដោយលោក ហ្វៃ សំអាង និងចូលរួមសម្តែងដោយតារាល្បីៗជាច្រើនរូប។

លោក ហេង ឡុង បានឱ្យដឹងថា ភាពយន្តចម្រៀង «ទុក្ខស្រីប្តីព្រាត់» ត្រូវបានផលិតឡើងយ៉ាងសម្រិតសម្រាំងរយៈពេលប្រមាណ ៩ខែ ដោយចំណាយថវិកាប្រមាណ ១៣ម៉ឺនដុល្លារអាមេរិក។

សូមបញ្ជាក់ថា «ទុក្ខស្រីប្តីព្រាត់» ជាភាពយន្តចម្រៀងទី២ហើយ ដែលសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បានផលិតឡើង។ ភាពយន្តចម្រៀងទី១ ដែលសមាគមបានផលិត គឺបទ «ជីវិតក្មេងវត្ត» ដែលបានចាក់ផ្សាយកាលពីខែតុលា ឆ្នាំ២០២២ ដោយចំណាយថវិកាប្រមាណ ១២ម៉ឺនដុល្លារ៕