(ភ្នំពេញ)៖ ក្រុមយុវជនសង្គមស៊ីវិល ដែលធ្លាប់តែប្រឆាំងរាជរដ្ឋាភិបាល ព្រោះជឿមនោគមន៍ក្រុមប្រឆាំងនោះ បានចាត់វិទ្យុអាស៊ីសេរី RFA និងសារព័ត៌មាន The Cambodialy Khmer គឺជាបណ្តាញផ្សព្វផ្សាយស៊ីឈ្នួលបរទេសបម្រើបំណងទុច្ចរិតបំផ្លាញភាពសុខសាន្តក្នុងសង្គមខ្មែរ។ ពួកគេអំពាវនាវពលរដ្ឋខ្មែរ ឈប់ជឿការផ្សាយរបស់បណ្តាញព័ត៌មានបម្រើមហិច្ឆតាអាក្រក់ និងពិសពុលរបស់បរទេសទាំងពីរនេះ។

លោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិល បានសម្តែងប្រតិកម្មជាខ្លាំងចំពោះការផ្សាយបណ្តាញព័ត៌មានទាំងពីរនេះ ដែលចេះតែបង្កាច់បង្ខូចចំពោះរាជរដ្ឋាភិបាល និងសកម្មភាពរបស់ពួកគេ ពេលចូលរួមសកម្មភាពជាមួយរាជរដ្ឋាភិបាល ដើម្បីបម្រើប្រយោជន៍សង្គម។ ផ្ទុយទៅវិញព័ត៌មានទាំងពីរនេះ មិនដែលផ្សាយបង្ហាញពលរដ្ឋនូវសកម្មភាពទុច្ចរិតរបស់ក្រុមប្រឆាំង រាប់ទាំងការប្រមាថព្រះចេស្តាព្រះមហាក្សត្រជាដើម។

លោក ហេង សំណាង បានប្រកាសថា ចាប់ពីពេលនេះតទៅ ក្រុមយុវជនសង្គមស៊ីវិល នឹងធ្វើសកម្មភាពឆ្លើយតប និងតបតគ្រប់រូបភាព ដើម្បីទប់ស្កាត់ការផ្សាយបំពុល បំភ្លៃ និងពោរពេញដោយភាពទុច្ចរិតរបស់បណ្តាញផ្សព្វផ្សាយទាំងពីរនេះ៕