(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់ថា មកដល់ពេលនេះ ប្រទេសកម្ពុជាទទួលបានវ៉ាក់សាំងបង្ការការពារមេរោគកូវីដ-១៩ ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងប្រជាជនចិនចំនួន ២៦.៨ លានដូសហើយ។

ការថ្លែងបែបនេះរបស់លោក ប្រាក់ សុខុន ធ្វើឡើងក្នុងជំនួបជាមួយលោក វ៉ាង យី (Wang Yi) ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ នៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ លោក វ៉ាង បាននិងកំពុងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជា ដែលមានរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២១។

ជាមួយនឹងទឹកមុខអំណររីករាយ លោក ប្រាក់ សុខុន បានថ្លែងយ៉ាងដូច្នេះថា «មកដល់ពេលនេះ យើងបានទទួលវ៉ាក់សាំងបង្ការកូវីដចំនួន ២៦ លាន ៨ សែនដូសហើយ ពីប្រទេសចិន ក្នុងនោះមានជំនួយឧបត្ថម្ភចំនួន ៤លាន ៣សែនដូស»

ប្រមុខការទូតកម្ពុជាក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនចិនដែលបានផ្ដល់ជំនួយ ផ្ដល់កិច្ចសហប្រតិបត្តិការ និងកិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធទប់ស្កាត់ការរីករាលដាលមេរោគ និងជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការខិតខំស្ដារ និងលើកស្ទួយវិស័យសេដ្ឋកិច្ច-សង្គម ដែលកំពុងរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ-១៩ ឱ្យងើបឡើងវិញផងដែរ។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា «ខ្ញុំសូមជម្រាបជូនថា នៅលើលោក គ្មានប្រទេសណាបានជួយផ្ដល់ជំនួយ វ៉ាក់សាំងមកឱ្យកម្ពុជាយើងដូចប្រទេសចិនឡើយ»

ជាមួយគ្នានោះ ប្រមុខការទូតចិន លោក វ៉ាង យី បានបញ្ជាក់បន្ថែមថា នៅពេលខាងមុខនេះ រដ្ឋាភិបាលចិននឹងផ្ដល់ជំនួយវ៉ាក់សាំងបង្ការការពារមេរោគកូវីដ-១៩ ចំនួន ៣ លានដូសបន្ថែមទៀត ដល់រាជរដ្ឋាភិបាលកម្ពុជា។

គួរជម្រាបដែរថា គិតត្រឹមយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិបានចាក់វ៉ាក់សាំងបង្ការការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធនៅទូទាំងប្រទេស សរុបចំនួន ១១,៤២៩,៨៣៥ នាក់ហើយ៕