(ប៉ារីស, បារាំង)៖ នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញបើកវេទិកាធុរកិច្ចបារាំង-កម្ពុជា ដែលរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា។

ក្នុងវេទិកានេះ មានក្រុមហ៊ុនជិត​ ១១០​ក្រុមហ៊ុន​ បានមកជួបជុំគ្នា​ ក្នុងនោះក្រុមហ៊ុន​ចំនួន ៨០​មកពីប្រទេសបារាំង​ និង​ក្រុមចំនួន​ ៣០​មកពីប្រទេសកម្ពុជា​ ដេីម្បីផ្លាស់ប្តូរទំនាក់ទំនង​ ពង្រីកឱកាស​ និងសិក្សាស្វែងយល់​ ពិសេសបង្កើតឱកាសវិនិយោគនៅកម្ពុជា។

វេទិកាធុរកិច្ចនេះ នឹងឆ្លុះបញ្ចាំងនូវសារៈសំខាន់ នៃការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងសហភាពអឺរ៉ុប ដោយឈរលើគោលការណ៍ គោរពគ្នាទៅវិញទៅមក, ការផ្ដល់ផលប្រយោជន៍ឱ្យគ្នា និងគុណតម្លៃរួមគ្នា។ វេទិកាដ៏សំខាន់នេះ ក៏នឹងលើកកម្ពស់ កាលានុវត្តភាពធុរកិច្ច, វិនិយោគ និងពាណិជ្ជកម្ម ព្រមទាំងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច រវាងភាគីទាំងពីរផងដែរ៕