(ភ្នំពេញ)៖ ទីបំផុតចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២នេះបានសម្រេចឃុំខ្លួន ស្ត្រីឈ្មោះ ឈឹម ស៊ីថរ និងបុគ្គលម្នាក់ទៀតឈ្មោះ សុខ ណារិទ្ធ ដែលពាក់ព័ន្ធនឹងករណីញុះញង់ឱ្យមានការប្រមូលផ្តុំតវ៉ា នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍។ នេះបើតាមការឱ្យដឹងពីមន្រ្តីជាន់ខ្ពស់តុលាការក្រុងភ្នំពេញ។

ពួកគេត្រូវបានឃុំខ្លួន បន្ទាប់ពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា។

មន្រ្តីនគរបាលជាន់ខ្ពស់ បានឱ្យដឹងថា ស្ត្រីឈ្មោះ ឈឹម ស៊ីថរ និងបុរស២រូបទៀត រួមមានឈ្មោះ សុខ ណារិទ្ធ និងសុខ គង្គា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ នៅទីតាំងប្រមូលផ្តុំ ក្បែរណាហ្គាវើលដ៍ ទៅតាមដីការតុលាការ ប៉ុន្តែបន្ទាប់ពីសួរនាំ និងស្តាប់ចម្លើយសារភាពរួចមក ឈ្មោះ សុខ គង្គា ត្រូវបានតុលាការអនុញ្ញាតឱ្យនៅក្រៅឃុំបណ្តោះអាសន្ន ដោយដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យវិញ។

រហូតមកដល់ពេលនេះ មានជនត្រូវចោទទាំង៨នាក់ហើយ ដែលត្រូវតុលាការឃុំខ្លួនពាក់ព័ន្ធនឹងករណីញុះញង់ឱ្យមានការប្រមូលផ្តុំតវ៉ា នៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍ ចោទប្រកាន់ដូចគ្នាពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ក្នុងនោះរួមមាន៖ ១.ឈឹម ស៊ីថរ, ២.រី សុវណ្ណឌី, ៣.សុន ស្រីពេជ, ៤. ហៃ សុភាព, ៥. ឃ្លាំង សុបិន្ត, ៦.ទូច សិរីមាស, ៧. ឈឹម សុខន និងទី៨. សុខ ណារិទ្ធ៕