(ភ្នំពេញ)៖ លោក ស៊ី ជិនពីង ប្រធានាធិបតីចិន បានប្រកាសផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន ២០លានដូសបន្ថែមទៀត ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ក្នុងនោះវ៉ាក់សាំងចំនួន៥លានដូស នឹងដឹកមកដល់កម្ពុជានៅចុងខែមីនា ឆ្នាំ២០២២នេះ។

ការប្រកាសផ្តល់ជំនួយបន្ថែមនូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារតាមទូរស័ព្ទរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ស៊ី ជិនពីង នៅរសៀលថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០២២នេះ។

បើតាមលោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ក្រៅតែពីការប្រកាសផ្តល់ជំនួយជាវ៉ាក់សាំងហើយនោះ លោកប្រធានាធិបតីចិន ក៏បានប្រកាសជំរុញនូវកិច្ចសហការដំណើរការរោងចក្រផលិតវ៉ាក់សាំងនៅក្នុងប្រទេសកម្ពុជាផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបានផ្តល់នូវជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាបន្តបន្ទាប់ ចូលរួមចំណែកគាំទ្រកម្ពុជាឱ្យយកឈ្នះលើការរាតត្បាតជំងឺកូវីដ១៩។

សូមបញ្ជាក់ថា ប្រទេសចិន គឺជាអ្នកដែលបានជួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដំបូងគេមកកាន់ប្រទេសកម្ពុជា។ ក្នុងនោះវ៉ាក់សាំងជំនួយចំនួន ៦០ម៉ឺនដូស ត្រូវបានដឹកមកដល់ប្រទេសកម្ពុជាជាលើកដំបូងនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។

សូមបញ្ជាក់ថា ប្រទេសចិន គឺជាអ្នកដែលបានជួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដំបូងគេមកកាន់ប្រទេសកម្ពុជា។ ក្នុងនោះវ៉ាក់សាំងជំនួយចំនួន ៦០ម៉ឺនដូស ត្រូវបានដឹកមកដល់ប្រទេសកម្ពុជាជាលើកដំបូងនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។

ដើម្បីគាំទ្រកម្ពុជាលើការប្រយុទ្ធប្រឆាំងប្រឆាំងជំងឺកូវីដ១៩ និងការពារអាយុជីវិតពលរដ្ឋកម្ពុជា ពីជំងឺរាតត្បាតសាកលមួយនេះ ប្រទេសចិន បានផ្តល់ជំនួយជាបន្តបន្ទាប់ផងដែរ។ បើតាមលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងថា មកដល់ពេលនេះ ចិន បានផ្តល់ជំនួយវ៉ាក់សាំងមកកាន់កម្ពុជាសរុប ២៨,៧២៤,៨០០ដូស ដោយឡែក២០លានដូសខាងលើនេះជាជំនួយបន្ថែមថ្មី។

មកដល់ពេលនេះកម្ពុជា បានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី ៣ឆ្នាំឡើង បានរហូតដល់ជាង ៩២ភាគរយ នៃចំនួនប្រជាពលរដ្ឋសរុប។ លទ្ធផលដ៏ល្អប្រសើរ លើការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ ដោយកម្ពុជា បានយកវ៉ាក់សាំងចិន ធ្វើជាបង្អែកនៅក្នុងប្រតិបត្តិការរបស់ខ្លួន៕