(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឱ្យមន្រ្តីទូត និងមន្រ្តីតំណាងកម្ពុជានានាប្រកាន់ខ្ជាប់គោលជំហរបោះឆ្នោតប្រឆាំងនឹងការឈ្លានពាន លើប្រទេសអ៊ុយក្រែន ជាការរំលោភបំពានពីសំណាក់ប្រទេសខ្លាំងទៅលើប្រទេសទន់ខ្សោយ ដែលធ្វើឱ្យមានទម្លាប់មិនល្អ នៅលើពិភពលោក។

ការបញ្ជាក់អំពីជំហររួមរបស់កម្ពុជា បានធ្វើឡើងនៅព្រឹកថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២នេះ ខណៈសម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ២១ ប្រវែងជិត ៦៤គីឡូម៉ែត្រ តភ្ជាប់ពីរង្វង់មូលក្រុងតាខ្មៅ រហូតដល់ច្រកទ្វារអន្តរជាតិកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ)។ មុននឹងមានការបញ្ជាបែបនេះ គឺមានការស្នើពីសំណាក់មន្រ្តីសភា ដែលសុំគោលការណ៍ពីសម្តេច ដើម្បីបោះឆ្នោតជាតំណាង១១សំឡេង សម្រាប់សង្គ្រាមរុស្ស៉ី-អ៊ុយក្រែន។

ភ្លាមៗនោះ សម្តេចតេជោ ហ៊ុន សែន បានតបសារដោយបញ្ជាឱ្យរក្សាជំហរដូចដែលកម្ពុជាបានបោះឆ្នោត នៅឯអង្គការសហប្រជាជាតិ កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ ដោយកម្ពុជាចូលរួមជាប្រទេសសហស្ថាបនិក នៃសេចក្តីសម្រេចចិត្តនៃកិច្ចប្រជុំពិសេសបន្ទាន់ របស់មហាសន្និបាតអង្គការសហប្រជាជាតិស្តីពីស្ថានការណ៍ នៅប្រទេសអ៊ុយក្រែន។ កម្ពុជាស្ថិតនៅក្នុងចំណោម១៤១ប្រទេស ដែលបានបោះឆ្នោតថ្កោលទោស និងទាមទារឱ្យរុស្ស៉ីដកកងទ័ពចេញពីអ៊ុយក្រែន។

ដោយបង្ហើបអំពីសាររបស់មន្រ្តីសភាកម្ពុជា ដែលរាយការណ៍ថា មានប្រទេសមួយ បានបបួលកម្ពុជាបោះឆ្នោតអនុបវាទលើបញ្ហាសង្គ្រាមរុស្ស៉ី-អ៊ុយក្រែននោះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់អំពីគោលជំហររួមកម្ពុជាយ៉ាងដូច្នេះថា៖ «ខ្ញុំបានប្រាប់ទៅថា អត់ទេ ! យកជំហរហ្នឹងឱ្យច្បាស់ អត់ញ៉េមញុមទេ ព្រោះយើងបានបញ្ជាក់ជំហរយើងច្បាស់ហើយ បន្ទាត់នយោបាយការបរទេសយើងយ៉ាងម៉េច យើងអត់មាននៅអនុបវាទទេ យើងមិនគាំទ្រការឈ្លានពានណាមួយពីប្រទេសមួយទៅប្រទេសមួយទេ អាហ្នឹងជាគោលចំហរដាច់ណាត់របស់យើង»

សម្តេចក៏បានបន្ថែមថា «រឿងនេះមិនមែនជារឿងតូចតាចទេ ជារឿងបង្កើតទម្លាប់អាក្រក់នៅលើពិភពលោក អ្នកខ្លាំងគឺវ៉ៃអ្នកខ្សោយ អញ្ចឹងថ្ងៃក្រោយបើមានអ្នកខ្លាំងវ៉ៃយើង នរណាជួយយើង អាហ្នឹងនិយាយគ្នាឱ្យច្បាស់ អញ្ចឹងបានយើងប្រកាន់គោលការណ៍មួយជាក់លាក់»

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ឥទ្ធិពលសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន បានមកដល់ប្រទេសកម្ពុជា ហើយក្នុងនោះបណ្តាលឱ្យប្រេងឡើងថ្លៃ។ សម្តេចបានបញ្ជាក់ថា បញ្ហាដែលកើតចេញពីសង្គ្រាមនេះ មានភាពខ្លាំងក្លាជាវិបត្តកូវីដ១៩ ហើយមិនអាចព្យាករណ៍បានថា ពិភពលោកនឹងដើរដល់សង្គ្រាមលោកលើកទី៣ ឬអត់? ឬដើរដល់សង្គ្រាមនុយក្លេអ៊ែឬយ៉ាងណាទេ ប៉ុន្តែកម្ពុជាអំពាវនាវឱ្យមានបទឈប់បាញ់ និងចរចាដើម្បីស្រុះស្រួលបញ្ឈប់សង្គ្រាមនេះ។

សម្តេចបានបន្តថា «យើងផ្តល់ការគាំទ្រទាំងឡាយ ដែលនាំមកនូវសន្តិភាព ហើយយើងក៏មិនយកសាំងទៅចាក់លើភ្លើងទេ»

កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ ក្នុងដំណើរទស្សនកិច្ចរបស់ លោក គីស៊ីដា ហ្វឺមីអូ នាយករដ្ឋមន្រ្តីជប៉ុន មកកាន់ប្រទេសកម្ពុជា ប្រទេសទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមមួយ ទទូចឱ្យរុស្ស៉ីបញ្ឈប់ការប្រើកម្លាំងជាបន្ទាន់ និងដកកម្លាំងយោធាចេញពីទឹកដីអ៊ុយក្រែន។ នាយករដ្ឋមន្ត្រីទាំងពីរ បានសង្កត់ធ្ងន់ថា ការគំរាមកំហែង ឬការប្រើប្រាស់អាវុធមហាប្រល័យគ្រប់ប្រភេទ គឺមិនអាចទទួលយកបានទេ ទោះក្នុងកាលៈទេសៈណាក៏ដោយ។

កម្ពុជា-ជប៉ុន ជាប្រទេសមានជំហរដូចគ្នា ដោយបានចូលរួមជាប្រទេសសហស្ថាបនិកនៃសេចក្តីសម្រេចចិត្តលេខ A/RES/ES-11/1N ដែលត្រូវបានអនុម័តនៅក្នុងសម័យប្រជុំពិសេសបន្ទាន់លើកទី១១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ៕