(បាត់ដំបង)៖ ក្រុមមន្ត្រីជញ្ជីងចល័តដឹកនាំដោយលោក ឯក រដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែកក្កដា ឆ្នាំ២០២២នេះ បានឆ្មក់ចុះពិនិត្យរករថយន្តដឹកជញ្ជូនលើសទម្ងន់ នៅតាមផ្លូវជាតិលេខ៥៩ ក្នុងភូមិសាស្ត្រស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ក្នុងប្រតិបត្តិការឆ្មក់ចុះពិនិត្យរករថយន្តដឹកលើសទម្ងន់នេះ ក្រុមមន្ត្រីជញ្ជីងចល័ត បានពិនិត្យរថយន្តចំនួន ១៥គ្រឿង ដែលជារថយន្តឈ្មួញថៃចូលមកទិញពោតក្រហមនៅតាមព្រំដែនកម្ពុជា-ថៃ។ បើតាមលោក ឯក រដ្ឋ បានឱ្យដឹងថា រថយន្តទាំង១៥គ្រឿង ដែលបានពិនិត្យនោះ មិនមានរថយន្តដឹកលើសកម្រិតទម្ងន់កំណត់ដោយច្បាប់នោះឡើយ។

លោក ឯក រដ្ឋ បានចាត់ទុកការមិនដឹកលើសទម្ងន់នៃរថយន្តរបស់ឈ្មួញថៃនេះ ជាការបង្ហាញឱ្យឃើញពីការភ្ញាក់រលឹក និងការចូលរួមគោរពច្បាប់ចឹកជញ្ជូនរបស់កម្ពុជាពីសំណាក់ឈ្មួញរបស់ថៃ ក៏ដូចជាក្រុមសៃឡូ ដែលជាឈ្មួញកណ្តាលនៅក្នុងប្រទេសកម្ពុជា។

«នេះជារឿងដ៏រីករាយ ជាកាយវិការបង្ហាញពីការចូលរួមគោរពច្បាប់ដឹកជញ្ជូនរបស់កម្ពុជា ពីសំណាក់ឈ្មួញថៃ ក៏ដូចជាឈ្មួញរបស់កម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាមន្ត្រីជញ្ជីងចល័ត មិនចង់ឃើញការដឹកជញ្ជូនលើសទម្ងន់ ហើយក៏មិនចង់បានការផាកពិន័យរថយន្តដឹកលើសទម្ងន់នោះដែរ។ ការដឹកជញ្ជូនលើសទម្ងន់ឆាប់ធ្វើឱ្យផ្លូវខូច ហើយការផាកពិន័យមិនអាចយកមកទូទាត់នឹងទំហំនៃការខូចខាតផ្លូវបាននោះឡើយ»។ នេះជាការបញ្ជាក់របស់លោក ឯក រដ្ឋ។

បមន្តនៃការដឹកជញ្ជូនបានរកឃើញថា រថយន្តមួយគ្រឿង ដែលដឹកលើសទម្ងន់ ១០តោន គឺស្មើនឹងរថយន្ត ១ម៉ឺនគ្រឿងធ្វើចរាចរនៅលើផ្លូវនោះ។ បើរថយន្ត ០១គ្រឿង ដឹកលើសទម្ងន់ ៣០តោន គឺស្មើនឹងរថយន្ត ៨១មុឺនគ្រឿង ធ្វើចរាចរណ៍នៅលើដងផ្លូវ ពោល គឺយកចំនួនទម្ងន់ដឹកលើសនោះគុណបន្តគ្នាចំនួន៣ដង នឹងរកឃើញចំនួនរថយន្តធ្វើចរាចរណ៍លើផ្លូវ។ ឧទាហរណ៍ រថយន្តមួយគ្រឿងដឹកលើសទម្ងន់ ១០តោន គឺគេយក ១០ គុណ ១០ ស្មោះ១០០, យក ១០០ គុណ ១០ ស្មើ ១,០០០, យក ១,០០០ គុណ ១០ ស្មោះ ១០,០០០។ ដូច្នេះរថយន្តមួយគ្រឿងដឹកលើស ១០តោន គឺស្មើនឹងរថយន្ត ១ម៉ឺនគ្រឿងបានធ្វើចរាចរណ៍លើផ្លូវ។

មុនពេលមន្ត្រីជញ្ជីងចល័តចុះទៅដល់ផ្លូវជាតិលេខ៥៩ ផ្លូវតាមបណ្តោយព្រំដែនកម្ពុជា-ថៃ តភ្ជាប់ទៅច្រកអូររំដួល ដែលជាច្រកតំបន់សម្រាប់ដោះដូរទំនិញរវាងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ប្រទេសកម្ពុជា និងស្រុកសយដាវ ខេត្តចាន់បូរី ប្រទេសថៃ មានរថយន្តឈ្មួញថៃជាច្រើនគ្រឿង បានធ្វើសកម្មភាពដឹកជញ្ជូនលើសទម្ងន់កំណត់។ តែបន្ទាប់ពីក្រុមមន្ត្រីជញ្ជីងចល័ត បានចាត់រថយន្តដឹកលើសទម្ងន់មួចំនួនទៅ ក៏បានធ្វើឱ្យមានការផ្លាស់ប្តូរឥរិយាបថនៃការដឹកជញ្ជូន ដោយបែរមកដឹកតាមទម្ងន់កំណត់ដោយច្បាប់របស់កម្ពុជាវិញ។

បើទោះបីជាយ៉ាងណា លោក ឯក រដ្ឋ បានអះអាងថា លោកនៅតែបន្តឆ្មក់ចុះទៅត្រួតពិនិត្យសកម្មភាពដឹកជញ្ជូននៅតាមផ្លូវក្រវាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កំណត់។ លោក ក៏បានអំពាវនាវដល់ឈ្មួញដឹកជញ្ជូនទាំងអស់ ចូលរួមគោរពច្បាប់ដឹកជញ្ជូនរបស់កម្ពុជា ដើម្បីចៀសផុតពីការពិន័យ ឬឃាត់រថយន្តទុកមួយឆ្នាំ ដែលនាំឱ្យមានការខាតបង់កាន់តែច្រើន។

ពាក់ព័ន្ធប្រតិបត្តិការចាប់រថយន្តដឹកលើសទម្ងន់នេះ ត្រូវបានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង អះអាងថា មិនបានបង្កការរាំងស្ទះដល់ការប្រមូលទិញពោតក្រហមនៅតាមព្រំដែនក្នុងខេត្តបាត់ដំបងនោះឡើយ។ របាយការណ៍ បានគូសបញ្ជាក់ថា ឈ្មួញថៃ នៅតែបន្តចូលមកប្រមូលទិញពោតក្រហមពីកម្ពុជា នៅតាមព្រំដែនក្នុងភូមិសាស្ត្រខេត្តបាត់ដំបងជាធម្មតា។

សូមបញ្ជាក់ថា យោងទៅតាមមាត្រា ៦០នៃច្បាប់ស្តីពីផ្លូវថ្នល់បានចែងថា អ្នកប្រើប្រាស់យានយន្តដឹកជញ្ជូនធុនធ្ងន់ដែលដឹកជញ្ជូនទំនិញលើផ្លូវថ្នល់ នឹងរងការផាកពិន័យជាប្រាក់ និងចាប់រថយន្តរក្សាទុក ក្នុងករណីពួកគេធ្វើសកម្មភាពដឹកជញ្ជូនដូចខាងក្រោម៖
១៖ មិនចូលថ្លឹងនៅស្ថានីយជញ្ជីងតាមបណ្តាញផ្លូវ ត្រូវពិន័យអន្តរការណ៍ជាប្រាក់ចំនួន ៥សែនរៀល។
២៖ ផ្ទុកទម្ងន់មិនលើស៥ភាគរយ នៃទម្ងន់កម្រិតកំណត់ ត្រូវធ្វើការព្រមានជាលាយលក្ខណ៍អក្សរ។
៣៖ ផ្ទុកទម្ងន់លើសពី៥ភាគរយ ទៅ ១០ភាគរយ នៃទម្ងន់កម្រិតកំណត់ត្រូវ៖ រើទំនិញចេញ និងឃាត់យានជំនិះទុកចំនួន ១០ថ្ងៃ និងត្រូវពិន័យអន្តរការណ៍ជាប្រាក់ ១០ម៉ឺនរៀល ក្នុងទម្ងន់មួយតោន និងត្រូវដកបណ្ណបើកបរ និងព្យួរទុកចំនួន ១០ថ្ងៃ។
៤៖ ផ្ទុកទម្ងន់លើសពី ១០ភាគរយ ទៅ ២០ភាគរយ នៃទម្ងន់កម្រិតកំណត់ត្រូវ៖ រើទំនិញចេញ និងឃាត់យានជំនិះទុកមួយខែ និងពិន័យអន្តរការណ៍ជាប្រាក់ ២០ម៉ឺនរៀល ក្នុងទម្ងន់ ១តោន និងដកបណ្ណបើកបរ និងព្យួរទុកចំនួន ៦ខែ។
៥៖ ផ្ទុកទម្ងន់លើសពី ២០ភាគរយនៃទម្ងន់កម្រិតកំណត់ត្រូវ៖ រើទំនិញចេញ និងឃាត់យានជំនិះទុករយៈពេលមួយឆ្នាំ និងពិន័យអន្តរការណ៍ជាប្រាក់ ៣០ម៉ឺនរៀល ក្នុងទម្ងន់មួយតោន និងត្រូវដកបណ្ណបើកបរ និងព្យួរទុករយៈពេលពីរឆ្នាំ។

ក្នុងមាត្រានេះ ក៏បានកំណត់ដែរថា ក្នុងករណីមានអំពើល្មើសការផ្ទុកទម្ងន់សរុប ថែមទាំងអំពើល្មើសលើការផ្ទុកទម្ងន់អតិបរិមានៃភ្លៅនោះ ត្រូវផាកពិន័យទាំងពីរករណី។

ក្នុងករណីដែលទទួលរងការពិន័យអន្តរការណ៍ម្តងរួចហើយ តែនៅបន្តប្រព្រឹត្តល្មើសទៀត ត្រូវពិន័យអន្តរការណ៍ជាប្រាក់ទ្វេដង និងបញ្ឈប់អាជីវកម្មដឹកជញ្ជូនរបស់ក្រុមហ៊ុនចំនួនមួយឆ្នាំ។ ម្ចាស់យានយន្តត្រូវទទួលខុសត្រូវលើការលើកដាក់ទំនិញ និងបង់ថ្លៃឈ្នួលកន្លែងទុកដាក់ថែទាំទំនិញ និងយានជំនិះដោយខ្លួនឯង។

សូមបញ្ជាក់ថា ប្រតិបត្តិការរបស់ក្រុមជញ្ជីងចល័តខាងលើនេះ បានកើតមានឡើង ក្រោយមានសេចក្តីរាយការណ៍ពីព្រំដែនថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ រថយន្តដឹកលើសទម្ងន់របស់ថៃ ដែលចូលមកដឹកទំនិញ និងកសិផលរបស់បងប្អូនប្រជាកសិករខ្មែរនៅបន្តកើតមានដដែល ដោយរថយន្តខ្លះអាចលើសទម្ងន់រហូតដល់ជិត១០០តោនក៏មាន ហើយចូលមួយថ្ងៃខ្លះ២ជើង និង៣ជើងទៀតផងដែរ។ យ៉ាងណាក៏ដោយក្រុមមន្រ្តីនឹងធ្វើការ តាមដានបន្តទៀត និងជាប្រចាំ មិនឲ្យមានរថយន្តដឹកលើសទម្ងន់ទាំងនេះទៀតឡើយ៕