(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល រយៈពេល១សប្តាហ៍បន្ថែមទៀត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ព្រមទាំងបែងចែកកំណត់ជា «តំបន់ក្រហម» «តំបន់លឿងទុំ» និង «តំបន់លឿង»

នេះបើតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានផ្លូវការនៅល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១។ សេចក្តីសម្រេចនេះនឹងចាប់ផ្តើមអនុវត្តចាប់ពីម៉ោង០០៖០០ចូលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។

សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល បានសម្រេចយ៉ាងដូច្នេះថា៖ «ប្រការ១៖ បន្តការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ សម្រាប់រយៈពេល៧ (ប្រាំពីរ) ថ្ងៃបន្តទៀត រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១»

ប្រការ២ កំណត់ថា ភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់ ត្រូវបានបែងចែកជា «តំបន់ក្រហម», «តំបន់លឿងទុំ» និង «តំបន់លឿង»

* «តំបន់ក្រហម» សំដៅដល់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវដ-១៩ ក្នុងសហគមន៍។

* «តំបន់លឿងទុំ» សំដៅដល់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលកម្រិតមធ្យមនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។

* «តំបន់លឿង» សំដៅដល់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលកម្រិតស្រាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។

ការកំណត់ភូមិសាស្រ្តណាមួយក្នុងតំបន់បិទខ្ទប់ ជា «តំបន់ក្រហម», «តំបន់លឿងទុំ»«តំបន់លឿង» ត្រូវធ្វើឡើងដោយសេចក្តីសម្រេច របស់អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញសម្រាប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងរបស់អភិបាលនៃគណៈអភិបាលខេត្តកណ្តាល សម្រាប់ភូមិសាស្ត្រក្រុងតាខ្មៅ នៃខេត្តកណ្តាល។

សូមអានសេចក្តីសម្រេចថ្មីរបស់រាជរដ្ឋាភិបាល៖

*** សូមតាមដានព័ត៌មានផ្លូវការពីគ្រប់បណ្តាញរបស់ Fresh News ពាក់ព័ន្ធដំណឹងភ្លាមៗពីស្ថានភាព Lockdown រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល!
App: http://onelink.to/freshnews
Join US: https://t.me/freshnewsasia