(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះ បានសម្រេចបិទបញ្ចប់ការបិទខ្ទប់ ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាលហើយ ដោយចាប់អនុវត្តពីថ្ងៃទី០៦ ខែឧសភា ប៉ុន្តែតំបន់ប្រឈមខ្លាំងមួយចំនួនអាចនៅបន្តបិទខ្ទប់។

នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបានផ្លូវការ។

ការសម្រេចបិទបញ្ចប់ការបិទខ្ទប់ (Lockdown) នេះ បានអនុញ្ញាតឱ្យពលរដ្ឋទូទៅ អាចចេញចូល-ឆ្លងកាត់រាជធានីភ្នំពេញ និងក្រុងតាខ្មៅបាន ប៉ុន្តែទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាលអនុញ្ញាតបន្តឱ្យអនុវត្តវិធានការដដែលចំពោះតំបន់ទាំង៣ ជាពិសេស តំបន់លឿងទុំ និងតំបន់ក្រហម។

សេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល បានសម្រេចយ៉ាងដូច្នេះថា៖

* ប្រការ១៖ បញ្ចប់ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដែលត្រូវបានសម្រេចដោយសេចក្តីសម្រេចលេខ ៤៩ សសរ ចុះថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ និងសេចក្តីសម្រេចលេខ ៥៤ សសរចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល ចាប់ពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ តទៅ។

* ប្រការ២៖ ការដាក់ចេញវិធានការបិទខ្ទប់សម្រាប់ផ្នែកណាមួយនៃភូមិសាស្រ្តរាជធានីភ្នំពេញ ឬក្រុងតាខ្មៅ នៃខេត្តកណ្តាល ព្រមទាំងការដាក់ចេញវិធានការចាំបាច់ផ្សេងទៀត ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ គឺជាសមត្ថកិច្ចរបស់គណៈអភិបាលរាជធានីភ្នំពេញ សម្រាប់ភូមិសាស្រ្តរាជធានីភ្នំពេញ ឬគណៈអភិបាលខេត្តកណ្តាលសម្រាប់ភូមិសាស្ត្រក្រុងតាខ្មៅ នៃខេត្តកណ្តាល ដោយផ្អែកតាមស្ថានភាពវិវត្តន៍ នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន និងដោយត្រូវអនុវត្តស្របតាមអនុក្រឹត្យ លេខ ៥៧ អនក្រ.បក ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ស្តីពីវិធានការរដ្ឋបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងអនុក្រឹត្យលេខ ៣៧ អនក្រ.បក ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមានផ្សេងទៀត។

* ប្រការ៣៖ បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។

* ប្រការ៤៖ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងសុខាភិបាល រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងអភិបាលនៃគណៈអភិបាលខេត្តកណ្តាល ត្រូវទទួលបន្ទុក អនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

Please JOIN Telegram ដើម្បីទទួលបានព័ត៌មានថ្មីៗប្រចាំថ្ងៃពី CHANNEL ផ្លូវការរបស់បណ្តាញព័ត៌មាន Fresh News.

JOIN US: https://t.me/freshnewsasia