(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានយាងត្រឡប់មកប្រទេសកម្ពុជាវិញ នៅវេលាម៉ោង៤រសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រោយពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង ប្រទេសចិន។

ការយាងនិវត្តរបស់ព្រះមហាក្សត្រជីវិតតម្កល់លើត្បូង និងសម្តេចព្រះវររាជមាតាជាតិខ្មែរ មានការទទួលដោយថ្នាក់ដឹកនាំជាន់ខ្ពស់នានា។

សូមជម្រាបថា ព្រះមហាក្សត្រ និងសម្តេចម៉ែ ទ្រង់បានយាងចាកចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់រដ្ឋធានីប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ដើម្បីពិនិត្យព្រះរាជសុខភាព។

ព្រះមហាក្សត្រខ្មែរ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ តែងតែយាងទៅពិនិត្យព្រះរាជសុខភាពចំនួនពីរដងក្នុងមួយឆ្នាំ តាមរយៈការយាងរបស់ក្រុមគ្រូពេទ្យនៅប្រទេសចិន។ នៅឆ្នាំ២០២១នេះ ព្រះអង្គទាំងទ្វេបានយាង ទៅពិនិត្យព្រះរាជសុខភាពរួចម្តងមកហើយ កាលពីខែមីនា៕