(ប៉ារីស, បារាំង)៖ ក្រុមហ៊ុន Alstom ដែលជាក្រុមហ៊ុនដឹកជញ្ជូនរបស់បារាំង បានបង្ហាញការចាប់អារម្មណ៍​ចង់​វិនិយោគលើការរៀបចំទីក្រុង និងតភ្ជាប់ការដឹកជញ្ជូនពីទីប្រជុំជន ទៅកាន់តំបន់ផ្សេងៗទៀតនៅក្នុង​ប្រទេស​កម្ពុជា។

បំណងនេះត្រូវបានស្តែងឡើង ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយលោក Philippe DELLEUR អនុប្រធានក្រុមហ៊ុន Alstom នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០៤នេះ នៅទីក្រុងប៉ារីស ប្រទេសបារាំង។

ក្នុងជំនួបនោះ លោក Philippe DELLEUR បានជម្រាបសម្តេចធិបតី អំពីសកម្មភាព និងប្រតិបត្តិការអាជី​វកម្ម​​របស់ក្រុមហ៊ុន។ ក្នុងនោះក្រុមហ៊ុនបាននិងកំពុងបណ្ដាក់ទុនវិនិយោគលើវិស័យដឹកជញ្ជូនតាមផ្លូវដែក ការផលិតរថភ្លើងលឿន ដែលមានដូចជា រថភ្លើងលឿនមេត្រូ ម៉ណូរ៉េល (Monorail) និងត្រាម (Trams)ជាដើម។

លោកអនុប្រធានក្រុមហ៊ុន បានបន្ថែមថា ក្រុមហ៊ុនមានបទពិសោធន៍ជាច្រើនលើវិស័យនេះ ព្រមទាំងបាន និងកំពុងធ្វើប្រតិបត្តិការអាជីវកម្មនៅតាមបណ្ដាប្រទេសជាច្រើនលើពិភពលោក ក្នុងនោះរួមមានប្រទេសអាស៊ានដូចជា ថៃ ហ្វីលីពីន និងវៀតណាមផងដែរ។

លោក Philippe DELLEUR បានគូសបញ្ជាក់ថា ផ្អែកតាមបទពិសោធន៍របស់ក្រុមហ៊ុនលើវិស័យនេះ នៅទ្វីបអាស៊ី ក្រុមហ៊ុនមានលទ្ធភាព និងសក្ដានុពលគ្រប់គ្រាន់ក្នុងការវិនិយោគលើការអភិវឌ្ឍន៍វិស័យដឹក​ជញ្ជូនតាមផ្លូវដែកនៅកម្ពុជា ហើយក្រុមហ៊ុនចាប់អារម្មណ៍វិនិយោគលើការរៀបចំទីក្រុង តភ្ជាប់ការដឹក​ជញ្ជូន​ពីទីប្រជុំជន ទៅកាន់តំបន់ផ្សេងទៀតប្រកបដោយប្រសិទ្ធភាពខ្ពស់។ ក្រុមហ៊ុន ក៏បានបង្ហាញការ​ចាប់​អារម្មណ៍លើការសាងសង់ផ្លូវរថភ្លើងពីរាជធានីភ្នំពេញ ទៅកាន់អាកាសយានដ្ឋាន ឬតំបន់ផ្សេងៗ។

ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ និងសម្ដែងក្ដីរីករាយដែលបានជួបពិភាក្សាការងារ​ជាមួយ​លោក Philippe DELLEUR។ សម្តេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានផ្ដល់សារៈសំខាន់ខ្ពស់ដល់ការពង្រឹង និងពង្រីកលើទំនាក់ទំនងជាមួយបណ្ដាប្រទេសជាមិត្ត និងជាពិសេសផ្ដោតយកចិត្តទុកដាក់លើកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានបន្ថែមទៀតថា កម្ពុជាមានគោលនយោយបាយ និងបរិស្ថានអំណោយ​ផល​ដល់វិនិយោគិនបរទេស ដូចជាច្បាប់វិនិយោគថ្មី ដែលផ្ដល់ក្របខ័ណ្ឌអនុគ្រោះ និងការលើកទឹកចិត្ត​ដល់​ការ​វិនិយោគផ្ទាល់ពីបរទេស និងការលើកទឹកចិត្តផ្សេងៗទៀត។

សម្ដេចធិបតី បានលើកទឹកចិត្តដល់ក្រុមហ៊ុន និងវិនិយោគិនបារាំង មកបណ្ដាក់ទុននៅកម្ពុជា និងគាំទ្រ​ដល់​ក្រុមហ៊ុនពិភាក្សាបន្ថែមទៀតជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការពិនិត្យលទ្ធភាព​សិក្សា​នៅតាមតំបន់មានសក្ដានុពលសេដ្ឋកិច្ចសំខាន់ៗរបស់កម្ពុជា ដូចជារាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុជាដើម។

សូមបញ្ជាក់ថា ក្រុមហ៊ុន Alstom គឺជាក្រុមហ៊ុនបារាំងដែលមានប្រតិបត្តិការនៅទូទាំងពិភពលោក ក្នុងទីផ្សារដឹកជញ្ជូនតាមផ្លូវដែក ការផលិតរថភ្លើងល្បឿនលឿន ផ្លូវរថភ្លើង រថភ្លើងក្រោមដី និងសេវាហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ រាប់ចាប់ពីរថភ្លើងអគ្គិសនីជាដើម ដែលប្រកបដោយប្រព័ន្ធបច្ចេកវិទ្យាទំនើប។ ក្រុមហ៊ុន Alstom កំពុងប្រតិបត្តិការការងារ នៅក្នុងប្រទេសចំនួន៦៣ នៅទូទាំងពិភពលោក និងមានបុគ្គលិកប្រមាណ ៨០,០០០នាក់ ដែលមានចម្រុះប្រមាណ ១៧៥ជាតិសាសន៍៕