(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធាន គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ នៅថ្ងៃទី៣១ ខែសីហានេះ បានចេញសេចក្តីជូនដំណឹងពីការចាក់វ៉ាក់សាំង AstraZeneca ដូសជំរុញជូនប្រជាពលរដ្ឋ (អ្នកចាក់ AstraZeneca) ដែលបានវ៉ាក់សាំងកូវីសែលដូសទី១ និងដូសទី២រួចរាល់។

សេចក្តីជូនដំណឹងរបស់លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ទីតាំង និងកាលបរិច្ឆេទចាក់វ៉ាក់សាំងដូសជំរុញដូចខាងក្រោម៖

ចំពោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំព្រឹទ្ធសភា និងសមាជិកព្រឹទ្ធសភា ថ្នាក់ដឹកនាំរដ្ឋសភា និងសមាជិករដ្ឋសភា និងឥស្សរជនដែលមានតួនាទី ជាឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ ហើយបានចាក់វ៉ាក់សាំងកូវីសែលដូសទី១ និងដូសទី២រួចរាល់ ព្រមទាំងស្វាមី ឬភរិយា របស់ពួកគាត់ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ដូសទី១ និងដូសទី២រួចរាល់ ដែលមានគម្លាតចាប់ពី៤ ទៅ៦ខែឡើងបន្ទាប់ពីបានចាក់វ៉ាក់សាំងដូសមូលដ្ឋាន សូមអញ្ជើញទៅចាក់វ៉ាក់សាំងអាស្ត្រាហ្សេនីកាដូសជំរុញ នៅមន្ទីរពេទ្យកាល់ម៉ែត ចាប់ពីថ្ងៃទី០៦ ខែកញ្ញា ដល់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១។

ចំពោះឥស្សរជន ដែលជាអនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ឬមានឋានៈស្មើ ព្រមទាំងស្វាមី ឬភរិយា របស់ពួកគាត់ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ និងដូសទី២ រួចរាល់ ដែលមានគម្លាតចាប់ពី៤ ទៅ៦ខែឡើងបន្ទាប់ពីបានចាក់ វ៉ាក់សាំងដូសមូលដ្ឋាន សូមអញ្ជើញទៅចាក់វ៉ាក់សាំងដូសជំរុញ នៅមន្ទីរពេទ្យព្រះអង្គឌួង ចាប់ពីថ្ងៃទី០៦ ខែកញ្ញា ដល់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១។

មន្ទីរពេទ្យកុមារជាតិ, មជ្ឈមណ្ឌលគាំពារមាតា និងទារក (ពេទ្យជប៉ុន) និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ជាទីតាំងចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញ ជូនមន្ត្រីរាជការចាប់ពីថ្នាក់ប្រធាននាយកដ្ឋានចុះ និងមន្ត្រីជាប់កិច្ចសន្យាថ្នាក់ជាតិ ដែលបានចាក់វ៉ាក់សាំងកូវីសែលដូសទី១ និងទី២រួចរាល់ដែលមានគម្លាតចាប់ពី៤ ទៅ៦ខែឡើងបន្ទាប់ពីបានចាក់ វ៉ាក់សាំងដូសមូលដ្ឋាននៃក្រសួង-ស្ថាប័ន (ក្នុងតារាង) ចាប់ពីថ្ងៃទី០៦ ខែកញ្ញា ដល់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១។

ចំពោះមន្ត្រីអង្គការសហប្រជាជាតិ មន្ត្រី បុគ្គលិកស្ថានទូត ស្ថានកុងស៊ុល ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនានា មន្ត្រី និងបុគ្គលិកអង្គការជាតិ អន្តរជាតិ និងដៃគូផ្សេងៗទៀត ដែលបានចាក់វ៉ាក់សាំងកូវីសែលដូសទី១ និងដូសទី២រួចរាល់ ព្រមទាំងស្វាមី ឬភរិយា របស់ពួកគាត់ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ដូសទី១ និងដូសទី២រួចរាល់ ដែលមានគម្លាតចាប់ពី៤ ទៅ៦ខែឡើងបន្ទាប់ពីបានចាក់វ៉ាក់សាំងដូសមូលដ្ឋាន សូមអញ្ជើញទៅចាក់វ៉ាក់សាំងអាស្ត្រាហ្សេនីកាដូសជំរុញ នៅមន្ទីរពេទ្យកាល់ម៉ែត ចាប់ពីថ្ងៃទី២៩ ដល់ ថ្ងៃទី២ ខែតុលា ឆ្នាំ២០២១។

ចំពោះមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ក្រោមឱវាទរដ្ឋបាលរាជធានីភ្នំពេញ និងប្រជាពលរដ្ឋទូទៅ ដែលបានចាក់វ៉ាក់សាំងកូវីសែលដូសទី១ និងដូសទី២រួចរាល់ ព្រមទាំងស្វាមី ឬភរិយា របស់ពួកគាត់ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ដូសទី១ និងដូសទី២រួចរាល់ ដែលមានគម្លាតចាប់ពី៤ ទៅ៦ខែឡើងបន្ទាប់ពីបានចាក់វ៉ាក់សាំងដូសមូលដ្ឋាន នឹងរៀបចំចាក់ដោយរដ្ឋបាលរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០៦ ខែកញ្ញា ដល់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១។

ចំពោះមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងប្រជាពលរដ្ឋទូទៅ ដែលបានចាក់វ៉ាក់សាំងកូវីសែលដូសទី១ និងដូសទី២រួចរាល់ ព្រមទាំងស្វាមី ឬភរិយា របស់ពួកគាត់ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ដូសទី១ និងដូសទី២រួចរាល់ ដែលមានគម្លាតចាប់ពី៤ ទៅ៦ខែឡើងបន្ទាប់ពីបានចាក់វ៉ាក់សាំងដូសមូលដ្ឋាន ក្រោមឱវាទរបស់រដ្ឋបាលខេត្តកណ្តាល និងព្រះសីហនុ ការចាក់នឹងរៀបចំដោយរដ្ឋបាលខេត្តទាំង២ ចាប់ពីថ្ងៃទី០៦ ខែកញ្ញា ដល់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១៕