(បន្ទាយមានជ័យ)៖ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅខេត្តបន្ទាយមានជ័យ ជាប់ព្រំដែនប្រទេសថៃ។ ក្រៅពីការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏ផ្តោតទៅលើការងារប្រឆាំងភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ការប្រយុទ្ធប្រឆាំងការសំអាតប្រាក់ និងការជួញដូរគ្រឿងញៀនផងដែរ។

កិច្ចប្រជុំនេះក៏មានការចូលរួមលោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ និងជាអនុប្រធានអចិន្ត្រៃយ៍នៃ គ.ជ.ប.ជ អមដំណើរដោយរដ្ឋមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

ក្នុងកិច្ចប្រជុំនោះ លោកស្រី ជូ ប៊ុនអេង បានថ្លែងថា សព្វថ្ងៃនេះកម្ពុជា បានពង្រឹងវិធានការទប់ស្កាត់ និងការគ្រប់គ្រងការឆ្លងដែនខុសច្បាប់របស់ពលករយ៉ាងខ្លាំង និងយកចិត្តទុកដាក់ ដោយបានសហការយ៉ាងជិតស្និទ្ធ ជាមួយមន្ត្រីមូលដ្ឋានដើម្បីការពារខឿនសន្តិសុខជាតិ ប្រយុទ្ធប្រឆាំងភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន អំពើជួយដូរមនុស្ស ការប្រយុទ្ធប្រឆាំងការសំអាតប្រាក់ និងការជួញដូរគ្រឿងញៀនជាដើម។

លោកស្រីបានបន្តទៀតថា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ កម្ពុជាបានចាប់ផ្តើម ការពង្រឹងការ អនុវត្តច្បាប់អន្តោប្រវេសន៍ ដើម្បីធានាក្នុងការគ្រប់គ្រងការចេញ-ចូល របស់ជនបរទេស និងការប្រកបរបររបស់ជនបរទេសនៅកម្ពុជា ជាពិសេសការធ្វើទំនើបកម្មប្រព័ន្ធទិន្នន័យអន្តោប្រវេសន៍ ទប់ស្កាត់មិនឲ្យមានកំណើន ជនបរទេសស្នាក់នៅខុសច្បាប់ ឬជនបរទេសមករស់នៅក្នុងកម្ពុជា ត្រូវស្ថិតក្រោមដំបូលច្បាប់ ដោយត្រូវគ្រប់គ្រងឲ្យបានម៉ត់ចត់ជាទីបំផុត។

លោកស្រី ក៏បានណែនាំឲ្យយកចិត្តទុកដាក់ក្នុងការបម្រើសេវាជូនភ្ញៀវទេសចរណ៍អន្តរជាតិ ដែលបានធ្វើដំណើរតាមច្រកទ្វារ ប្រកបដោយវិជ្ជាជីវៈ និងកត់ត្រាឲ្យបានច្បាស់លាស់ដំណើរចេញ-ចូលរបស់ភ្ញៀវទេសចរណ៍ ទោះបីចូលមកក្នុងរយៈពេលខ្លីក៏ដោយ។

ក្នុងកិច្ចប្រជុំនោះដែរ អភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ដែរថា បំណងនៃកិច្ចប្រជុំនេះ​គឺចង់សិក្សាស្វែងយល់អំពីស្ថានភាពលំហូរពលករឆ្លងកាត់ព្រំដែនរបៀបគ្រប់គ្រង ភាពប្រឈម ផលវិបាក និងដើម្បីស្វែងរក ដំណោះស្រាយ ដោយរបៀបយុទ្ធសាស្ត្រ និងគោលនយោបាយ ដើម្បីឆ្លើយតបនឹងភាពរងគ្រោះរបស់ពលករ និងពង្រឹងការគ្រប់គ្រងឲ្យមានប្រសិទ្ធភាពល្អជាងមុនផងដែរ។

អភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកថា បញ្ហាជួញដូរមនុស្សនេះជាប្រធានបទដ៏សំខាន់ក្នុងការពិភាក្សា និងរកគនឹ្លះដោះស្រាយព្រោះវាធ្វើឲ្យមានការប៉ះពាល់ដល់សិទ្ធិ សេរីភាព សេចក្តីថ្លៃថ្នូររបស់មនុស្ស និងធ្វើឲ្យមានការ ប្រែប្រួលនៃស្ថានភាពសេដ្ឋកិច្ច សង្គម និងនយោបាយ យ៉ាងធ្ងន់ធ្ងរទៀតផង។ បច្ចុប្បន្នពលករចំណាកស្រុកឆ្លងកាត់ព្រំដែនឬទេសសន្តរប្រវេសន៍ ដើម្បីស្វែងរកការងារធ្វើនៅក្រៅ ប្រទេសបានកើនឡើងគួរឲ្យកត់សំគាល់ ជាពិសេសការចេញតាមច្រករបៀងមិនស្របច្បាប់ និងតាមវិធីស្របច្បាប់នានាដែលមិនធានាដល់សុវត្ថិភាពក្នុងការស្នាក់នៅឡើយ។

លោកថា ជនជាតិខ្មែរដែលត្រូវបានជួយសង្គ្រោះនៅក្នុងប្រទេសផ្សេងៗ បានរកឃើញថា ជនរងគ្រោះទាំងនោះ ជួបប្រទះនូវបញ្ហាអំពើរត់ពន្ធមនុស្ស អំពើជួញដូរមនុស្ស អំពើកេងប្រវ័ញ្ចពលកម្ម អំពើហិង្សាលើផ្លូវកាយ ផ្លូវភេទជាដើម។

អភិសន្តិបណ្ឌិត ស សុខា សុំឲ្យមន្ត្រីសមិត្ថកិច្ចទាំងអស់ ត្រូវចុះឃ្លាំមើលរាល់សកម្មភាពជនខិលខូច ដែលជាមេខ្យល់នៅក្នុងតំបន់ដែលមានការសង្ស័យ និងបន្តអប់រំផ្សព្វផ្សាយដល់ពលករឲ្យកាន់តែទូលំទូលាយ ដើម្បីឲ្យពលករទាំងអស់ ងាកមករកការងារធ្វើនៅក្នុងស្រុកខ្មែរវិញវាល្អប្រសើរជាង៕