(ឥណ្ឌូនេស៉ី)៖ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោកបណ្ឌិត កៅ គឺមហួន អគ្គលេខាធិការអាស៊ាន បានអនុញ្ញាតឲ្យ លោកសាស្ត្រាចារ្យ Simon Tay ប្រធានវិទ្យាស្ថានកិច្ចការអន្តរជាតិសិង្ហបុរី (SIIA) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីសកម្មភាពរួមគ្នា ដែលអាចធ្វើទៅបាន ដើម្បីលើកកម្ពស់សមាហរណកម្មតំបន់ និងការកសាងសហគមន៍អាស៊ាន។

លុះនៅរសៀលថ្ងៃដដែល លោកបណ្ឌិត កៅ គឺមហួន អគ្គលេខាធិការអាស៊ាន បានផ្តល់កិច្ចសម្ភាសន៍ដល់ទីភ្នាក់ងារសារព័ត៌មានវៀតណាម។ លោកអគ្គលេខាធិការអាស៊ាន បានចែករំលែកពីសាច់រឿងរបស់អាស៊ាន និងបានបញ្ជូនសារអំពីការវិវត្តន៍ចុងក្រោយបង្អស់ នៅក្នុងអាស៊ាន រួមទាំងការតាក់តែងចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥។

បន្ថែមពីនេះ លោកអគ្គលេខាធិការអាស៊ាន បានផ្តល់កិច្ចសម្ភាសន៍ដល់សារព័ត៌មាន TVRI News របស់ឥណ្ឌូនេស៊ី។ នៅក្នុងឱកាសនោះ លោកបានគូសរំលេចអំពីកាលានុវត្តភាព និងការប្រឈមនានា ដែលតំបន់កំពុងជួបប្រទះ និងវិធីដែលអាស៊ានអាចរក្សាសាមគ្គីភាព ការចុះសម្រុងគ្នា និងកិច្ចសហប្រតិបត្តិការ ដើម្បីរីកចម្រើនទៅមុខ នៅក្នុងទិដ្ឋភាពភូមិសាស្ត្រនយោបាយនាពេលបច្ចុប្បន្ន៕