(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូននៃកម្ពុជា នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានជួបពិភាក្សាការងារទ្វេភាគីជាមួយលោក Arkhom Termpittayapaisith រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ នៃព្រះរាជាណាចក្រថៃ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន នៅតាមខ្សែបន្ទាត់ព្រំដែន ឱ្យកាន់តែមានភាពរឹងមាំ និងរីកចម្រើន ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ភាគីទាំងពីរ និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។

ជាកិច្ចចាប់ផ្តើមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោករដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រថៃ និងគណៈប្រតិភូអមដំណើរ ដែលបានចូលរួមក្នុងជំនួបទ្វេភាគីនេះ ព្រមទាំងបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលថៃ ដែលតែងតែជួយគាំទ្រកម្ពុជាស្ទើរគ្រប់វិស័យ ជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន នៅតាមខ្សែបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរ។

បន្ថែមពីលើនេះលោកទេសរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីសារសំខាន់តួនាទីវិស័យហេដ្ឋារចនាសម្ព័ន្ធ ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធនៅតាមខ្សែបន្ទាត់ព្រំដែន និងច្រកទ្វារ ព្រំដែនទ្វេភាគី និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមជាសេនាធិការ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យមួយនេះឱ្យកាន់តែមានភាពល្អប្រសើរ និងរីកចម្រើន។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានលើកឡើងផងដែរ អំពីសកម្មភាពការងារសំខាន់ៗជាច្រើនទាក់ទងនឹងកិច្ចសហប្រតិបត្តិការជាមួយព្រះរាជាណាចក្រថៃនៅតាមព្រំដែន រួមមាន៖

១៖ គម្រោងរៀបចំច្រកទ្វារ អន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ ដែលបច្ចុប្បន្ននេះក្រុមហ៊ុនសាងសង់សម្រេចបានជិត ៧០%ហើយ គិតត្រឹមថ្ងៃទី៣១ តុលា ឆ្នាំ២០២២ និងកំពុងជំរុញការងារបន្ត

២៖ គម្រោងសាងសង់ស្ពាន ឆ្លងកាត់ព្រំដែនចំណុចស្ទឹងបត់-បានណងអៀន ត្រូវបានបញ្ចប់ការសាងសង់រួចរាល់ ប៉ុន្តែមិនទាន់មានការឯកភាពគ្នាលើការយកកម្រៃសេវាពីអ្នកប្រើប្រាស់ស្ពាននៅឡើយ។ ទាក់ទងនឹងបញ្ហានេះដែរ ភាគីថៃ នឹងស្នើសុំការឯកភាពពីថ្នាក់ដឹកនាំរបស់ខ្លួនដើម្បីពិនិត្យលើសំណើរបស់ភាគីកម្ពុជា ដែលមិនតម្រូវឱ្យយកកម្រៃសេវាពីអ្នកប្រើប្រាស់ស្ពាន ដែលសាងសង់ឡើងក្រោមជំនួយឥតសំណងនោះឡើយ

៣៖ គម្រោងសាងសង់ច្រកទ្វារព្រំដែនអន្តរជាតិថ្មដា (ច្រកស្ពានជ័យជំនះ) ស្ថិតក្នុងខេត្តពោធិ៍សាត់ បច្ចុប្បន្នការសិក្សាគំនូស ប្លង់នៃអគារឆ្លងកាត់ព្រំដែនអន្តរជាតិនេះ ត្រូវបានបញ្ចប់រួចរាល់ និងកំពុងពិនិត្យស្វែងរកលទ្ធភាពក្នុងការស្ថាបនា។

ជាមួយគ្នានេះដែរលោករដ្ឋមន្ត្រីហិរញ្ញវត្ថុថៃ អតីតរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន ក៏បានបង្ហាញទស្សនៈ យល់ស្របចំពោះលោកទេសរដ្ឋមន្ត្រី ដែលបានលើកឡើងខាងលើ និងបានបញ្ជាក់ថា៖ វិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន បានចូលរួមចំណែកក្នុងការរឹតបន្តឹងទំនាក់ទំនងល្អរវាងប្រទេសជិតខាង ជាក់ស្តែងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងថៃនេះស្រាប់។ លោកបានបន្ថែមទៀតថា ទោះបីជាស្ថិតក្នុងបរិបទដែលមានជំងឺកូវីដ-១៩ រាតត្បាតក៏ដោយ វិស័យដឹកជញ្ចូន ទំនិញរវាងប្រទេសទាំងពីរ ក៏មិនបានទទួលរងការប៉ះពាល់ខ្លាំងនោះទេ ដោយសារមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដែលមានគុណភាព និងប្រសិទ្ធភាពការងារខ្ពស់។

ជាទីបញ្ចប់ ភាគីទាំងពីរ ក៏បានបង្ហាញសុឆន្ទៈក្នុងការជំរុញគម្រោងនានា ដែលបានលើកយកមកពិភាក្សា ខាងលើឱ្យសម្រេចបានលទ្ធផលលេចចេញជារូបរាងនាពេលខាងមុខឆាប់ៗ និងបានប្តេជ្ញាខ្ពស់ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ថៃ ឱ្យកាន់តែរឹងមាំ និងរីកចម្រើនថែមទៀត៕