(កំពត)៖ រូបសំណាកព្រះពុទ្ធបដិមាខ្ពស់ជាងគេនៅកម្ពុជា មានកម្ពស់១០៨ម៉ែត្រ ត្រូវបានប្រារព្ធធ្វើពិធីបញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់ នៅចំលើខ្នងភ្នំបូកគោ នៃឧទ្យានជាតិព្រះមុនីវង្សបូកគោ ស្ថិតក្នុងសង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត នាថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣។

ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណាង់ ដោយចូលរួមពីសំណាក់ លោក លោកស្រី ជួរថ្នាក់ដឹកនាំ នៃស្ថាប័នក្រសួងពាក់ព័ន្ធ ប្រតិភូអមដំណើរ លោកអភិបាលខេត្តកំពត ម៉ៅ ធនិន, អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុនសុខាអូតែល ព្រមទាំងជួរថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ ជាច្រើនអ្នកផងដែរ។

តំណាងក្រុមហ៊ុន សុខាអូតែល បានឲ្យដឹងថា ព្រះពុទ្ធប្បដិមានេះមានទំហំធំ ហើយខ្ពស់ជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយក៏ស្ថិតក្នុងចំណោមព្រះពុទ្ធបដិមាដែលខ្ពស់ៗនៅលើពិភពលោកផងដែរ។ ព្រះអង្គមានទម្រង់ជាព្រះពុទ្ធមារវិជ័យ ឬផ្ចាញ់មារ នៃរចនាប័ទ្មបាយ័ន ដែលជារចនាប័ទ្មកំពូលនៃព្រះពុទ្ធសាសនា ក្នុងរជ្ជកាលព្រះបាទ ជ័យវ័រ្មនទី៧ នាសតវត្សរ៍ទី១៣។
ការសាងសង់រូបសំណាកព្រះពុទ្ធបដិមានៅលើខ្នងភ្នំបូកគោនេះ គឺសាងសង់លើនីវ៉ូកម្ពស់ ៩៦២ម៉ែត្រ ពីផ្ទៃសមុទ្រ ក្នុងភូមិសាស្ត្រវាលស្រែប្រាំរយ នៃឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» ដោយសាងសង់ ពីបេតុងអាម៉េ មានពណ៌មាស បែរព្រះភក្ត្រទៅទិសខាងកើត មានកម្ពស់ ១០៨ម៉ែត្រ ពីនីវ៉ូសូន្យនៃខឿនផ្ទាល់ដី ដល់កំពូលព្រះមោលី ដែលតំណាងឲ្យមង្គលទាំង ១០៨របស់ព្រះអង្គ ទ្រង់គង់ភ្នែននៅលើ បល្ល័ង្កផ្កាឈូករាងរង្វង់ តំណាងឱ្យវាលវដ្តសង្ខារ ដែលក្បាច់រចនារបស់បល្ល័ង្កនេះ ដោយយកតាមលំនាំនៃផ្នែកមួយរបស់សសរពេជ្រប្រាសាទដំរីក្រាប នៃរចនាប័ទ្មគូលែនក្នុងរជ្ជកាល ព្រះបាទជ័យវរ្ម័នទី២ នាសតវត្សរ៍ទី៩។

ចំពោះខឿនផ្ទាល់ដីមានបណ្តោយ ២៤៨ម៉ែត្រ ទទឹង ១៨៦ម៉ែត្រ មានជណ្តើរធំចំនួន៤ អមដោយបង្កាន់ដៃនាគ ដែលតំណាងឲ្យទិសធំៗទាំង៤ យកតាមលំនាំរចនាប័ទ្មអង្គរវត្តក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ នាសតវត្សរ៍ទី១២។ ចំណែកខឿនជាន់ទី១ មានក្តារបែន ឬរានហាលនៅចំពីមុខព្រះពុទ្ធបដិមា សម្រាប់ប្រារព្ធពិធីសាសនា ហើយមានព្រះពុទ្ធរូប ៧អង្គ និងព្រះអសីតិសាវ័ក ៥អង្គ សរុបចំនួន ១២អង្គ (តំណាងឲ្យខែ និងឆ្នាំទាំង១២) គង់ក្នុងប្លុកតម្កល់ជុំវិញព្រះពុទ្ធបដិមាអង្គធំ និងមានជណ្តើរចំនួន៨ (តំណាងឱ្យទិសទាំង៨ និងអរិយមគ្គទាំង៨) សម្រាប់ឡើងទៅកាន់ទីសក្ការៈនៃព្រះពុទ្ធប្បដិមា។ ហើយគម្រោងសាងសង់ព្រះពុទ្ធបដិមានេះ ប្រើប្រាស់រយៈពេល៤ឆ្នាំ ក្នុងកញ្ចប់ថវិកាជាង៣៣លានដុល្លារ។

ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានថ្លែងថា ឧទ្យានជាតិព្រះមុនីវង្សបូកគោ គឺជាកន្លែងសម្រាកលម្ហែកម្រិតខ្ពស់ សម្រាប់ខ្សែរាជវង្សខ្មែរ និងអភិជននៅឥណ្ឌូចិន តាំងតែពីដើមសតវត្សទី២០មកម្ល៉េះ។ ហើយកាលពីឆ្នាំ២០១៩ រាជរដ្ឋាភិបាលបានអនុម័ត្តប្លង់គោលប្រើប្រាស់ដីគម្រោងអភិវឌ្ឍន៍ក្រុងបូកគោ សំដៅធានាការគ្រប់គ្រង អភិបាលកិច្ចទីក្រុង ទីប្រជុំជនបូកគោ ឲ្យមានប្រសិទ្ធភាពខ្ពស់ តាមរយៈការធ្វើសមាហរន្តកម្ម ការអភិវឌ្ឍន៍ ការអភិរក្ស ប្រកបដោយគុណភាព តុល្យភាព សមធម៌ និងស្ថេរភាព។

ដោយឡែកតម្រោងប្លង់សាងសង់រូបសំណាកព្រះពុទ្ធបដិមាដែលកម្ពស់ ១០៨ម៉ែត្រនេះ ត្រូវបានឯកភាពគាំទ្រដោយក្រុមការងារបច្ចេកទេសអន្តរក្រសួង និងទទួលបានការឯកភាពគាំទ្រ ពីគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង ការអនុញ្ញាតិជាគោលការណ៍ ពីរាជរដ្ឋាភិបាល ឲ្យក្រុមហ៊ុន សុខាអូតែល ធ្វើការសាងសង់តាមរយៈលិខិតលេខ ៧៣០សជណ.ដប ចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ របស់ទីស្តីការគណៈរដ្ឋមន្ត្រី និងលិខិតលេខ ១៥៨០សជណ.បស្ថ ចុះថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ របស់ក្រសួងបរិស្ថាន។

ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រោយពេលសាងសង់រួច តំបន់នេះ នឹងក្លាយជាមជ្ឍមណ្ឌលទេសចរណ៍បែបព្រះពុទ្ធសាសនាដ៏ធំមួយ សម្រាប់កម្ពុជា និងសម្រាប់ពិភពលោក ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យមកសម្រាកកម្សាន្តក្នុងខេត្តកំពត ក៏ដូចជាឧទ្យានជាតិព្រះមុន្នីវង្សបូកគោ បានកាន់តែច្រើនបន្ថែមទៀត៕