(ភ្នំពេញ)៖ កម្ពុជា ទទួលបានប្រាក់ចំណូលចំនួន១,១១៦.១៨លានដុល្លារសហរដ្ឋអាមេរិក លើការនាំចេញស្រូវអង្ករ ក្នុងរយៈពេល១១ខែ ឆ្នាំ២០២១។ នេះបើតាមរបាយការណ៍ របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១។

របាយការណ៍ បានបញ្ជាក់ថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០២១នេះ ប្រទេសកម្ពុជា បានធ្វើការនាំចេញស្រូវអង្ករទៅកាន់ទីផ្សារអន្តរជាតិ និងឆ្លងកាត់ព្រំដែន ជាមួយប្រទេសជិតខាងនូវ អង្ករចំនួន៥៣២,១៧៩តោន ដែលគិតជាទឹកប្រាក់មានចំនួន៣៦៦,៤១៤,៧៩០.៤៦ដុល្លារសហរដ្ឋអាមេរិក និងស្រូវចំនួន ៣,១២៣,២៤២តោន គិតជាទឹកប្រាក់៧៤៩,៧៦០,៣០៨.៩៨ដុល្លារសហរដ្ឋអាមេរិក។

ប្រទេសចិនជាប្រទេសដែលកម្ពុជា បាននាំអង្ករទៅច្រើនជាងគេដែលមានចំនួន៤៩.៨៥% នៃការនាំចេញសរុប ដែលមានកំណើនកើនឡើងចំនួន១២.៩០% ខណៈដែលការនាំចេញទៅគោលដៅផ្សេងៗ មានការធ្លាក់ចុះ។

សម្រាប់ខែវិច្ឆិកានេះ ការនាំចេញមានកំណើន១១.២៣% បើប្រៀបធៀបទៅនឹងខែវិច្ឆិកា ឆ្នាំ២០២០ ដែលមានបរិមាណចំនួន៧២,០១០តោន ដែលគិតជាទឹកប្រាក់ មានចំនួន៤២,៩៤៦,៨៨៥.២០ដុល្លារសហរដ្ឋអាមេរិក ហើយស្រូវបានធ្វើការនាំចេញចំនួន១៨,៥៣០ឡាន ឬស្មើនឹង៤៦៣,២៥២តោន ដែលគិតជាទឹកប្រាក់ប្រហែល១១៥.៨១ លានដុល្លារសហរដ្ឋអាមេរិក៕