(ភ្នំពេញ)៖ ដោយអនុវត្តតាមបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, ការិយាល័យប្រឆាំងការជួញដូរ មនុស្ស និងការពារអនីតិជន បានទទួលមនុស្សចំនួន១១នាក់ស្រី ពីអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីធ្វើការសាកសួរតាមជំនាញពាក់ព័ន្ធសង្ស័យពីបទ ប្រព្រឹត្តអំពើសញ្ចារកម្មមានស្ថានទម្ងន់ទោស។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុងចំណោមនារីទាំង១១នាក់នោះ មានចំនួន៩នាក់ ជាអនិតិជនអាយុក្រោម១៨ឆ្នាំ។

ក្រោយសាកសួរកេ្មងៗរងគ្រោះ បានបំភ្លឺថា ឈ្មោះ សុខ គីមហេង ភេទស្រី អាយុ៦៩ឆ្នាំ គឺជាអ្នកដឹកនាំពួកគេឲ្យទៅដេកជាមួយភ្ញៀវតាមផ្ទះសំណាក់ ក្នុងរាជធានីភ្នំពេញ។ បន្ទាប់ពីធ្វើការសាកសួរឈ្មោះ សុខ គីមហេង រួចមកឈ្មោះ សុខ គីមហេង បានសារភាពថា ខ្លួនពិតជាបានយកក្មេងៗស្រីៗទៅដាក់ឲ្យភ្ញៀវដេកតាមផ្ទះសំណាក់ ក្នុងរាជធានីភ្នំពេញពិតប្រាកដមែន។

បច្ចុប្បន្នការិយាល័យជំនាញ បានឃាត់ខ្លួនស្ដ្រីឈ្មោះ សុខ គីមហេង និងកូនប្រសារម្នាក់ទៀត ជាបណ្តោះអាសន្នដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីនីតិវិធីបន្ត៕